ភ្ញាក់ផ្អើល! រកឃើញប្លង់ដីធ្លីអាយុកាលជាង ១០០០ឆ្នាំ ចារលើជញ្ជាំងថ្មប្រាសាទឃ្លាំង បង្ហាញពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដ៏ទំនើបសម័យអង្គរ
ការរកឃើញ «ប្លង់កម្មសិទ្ធិដីធ្លីបុរាណ» ដែលមានអាយុកាលជាង ១០០០ឆ្នាំ ចារនៅលើមេបង្អួចនៃប្រាសាទឃ្លាំងខាងជើង បានក្លាយជាភស្តុតាងប្រវត្តិសាស្ត្រដ៏កម្រ និងមានតម្លៃមហាសាល។
បើតាមអាជ្ញាធរជាតិអប្សរា ភស្តុតាងនេះបានបង្ហាញយ៉ាងច្បាស់ថា ចក្រភពខ្មែរតាំងពីសម័យអង្គរ មានប្រព័ន្ធគ្រប់គ្រង ចុះបញ្ជី និងបែងចែកកម្មសិទ្ធិដីធ្លីរបស់រដ្ឋ និងប្រជារាស្ត្រ យ៉ាងច្បាស់លាស់ និងមានលក្ខណៈវិទ្យាសាស្ត្ររួចទៅហើយ។
ក្រៅពីតម្លៃផ្នែកស្ថាបត្យកម្មដ៏វិចិត្រ ប្រាសាទឃ្លាំងមិនមែនគ្រាន់តែជាសំណង់សាសនាធម្មតានោះទេ ប៉ុន្តែសំណង់ថ្មភក់ភ្លោះនេះ គឺជា «បណ្ណសារដ្ឋានរដ្ឋបាល» ដ៏សំខាន់បំផុតមួយក្នុងសម័យអង្គរ។ ក្រៅពីប្លង់ដីធ្លីបុរាណ នៅប្រាសាទឃ្លាំងខាងត្បូង ក៏មានចារឹកនូវសិលាចារឹកពាក្យសម្បថនៃក្រុមតម្រួត (K. 292) នៅលើមេទ្វារផងដែរ។ នេះជាសិលាចារឹកស្តីពីពាក្យសម្បថរបស់មន្ត្រីរាជការ និងអ្នកកាន់កិច្ចការរដ្ឋបាលចំនួន ៤០០នាក់ មកពីបណ្តាតំបន់ចំណុះនានាជុំវិញចក្រភព ដោយស្បថថ្វាយជីវិត ចំពោះមុខព្រះភក្ត្ររបស់ព្រះបាទសូរ្យវម៌ទី១ ក្នុងការការពារព្រះមហាក្សត្រ ការពារទឹកដី និងបំពេញការងាររដ្ឋបាលដោយយុត្តិធម៌។