ប្រទេសកូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទីកជាច្រើនគ្រាប់ចូលក្នុងសមុទ្ររបស់​ជប៉ុន

ទាហានកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងថា កាលពីថ្ងៃអង្គារទី១៤ ខែមករា ប្រទេស កូរ៉េខាង ជើង បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយ​ខ្លី​ជាច្រើនគ្រាប់ចូលសមុទ្រជប៉ុន។ កាលពី ១ សប្តាហ៍មុន ទីក្រុងព្យុងយ៉ាង បានបញ្ជាក់ថា ខ្លួននឹងសាកល្បងបាញ់មីស៊ីលល្បឿនលឿន ជាង​សម្លេងប្រភេទថ្មី និង​នៅមុនប៉ុន្មានថ្ងៃមុនការសម្ពោធឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតី​ថ្មី​​អាម៉េរិក។

អគ្គមេបញ្ជាការអន្តរយោធាកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងថា កូរ៉េខាងត្បូងបានចាប់ដាន​មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីជាច្រើនគ្រាប់ ដែលត្រូវបានបាញ់ឆ្ពោះទៅកាន់សមុទ្រខាង​កើត ឬ​សមុទ្រ​ជប៉ុនផងដែរ។

ទាហានកូរ៉េខាងត្បូង បានបញ្ជាក់ថា ការបាញ់បានធ្វើឡើងនៅម៉ោង 9h 20mn ម៉ោងក្នុងតំបន់ និងថា មីស៊ីលបានរត់ចម្ងាយ ២៥០គម មុននឹងវាត្រូវបានបំផ្លាញខ្លួនឯងនៅក្នុងសមុទ្រ។ទាហាន​កូរ៉េខាងត្បូង បានបន្ថែមថា ៖ “សេវាកម្មចារកម្មរបស់កូរ៉េខាងត្បូង និងសហរដ្ឋ​អាម៉េរិក បាន​ចាប់​ដាន​វាបានភ្លាម និងតាមដាននៅខណៈដែលគ្រាប់មីស៊ីល​ត្រូវបាន​បាញ់​ចេញ​ផងដែរ។

ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោកចយ សាង ម៉ុក បានថ្កោលទោសការបាញ់នេះ និង​បញ្ជាក់ថា ៖ “ការបាញ់ទាំងនេះ បានរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខនៃ​អង្គការ​សហប្រជាជាតិ។​ ទីក្រុងសេអ៊ូលនឹងឆ្លើយតបឲ្យកាន់តែម៉ឺងម៉ាត់​ចំពោះការ​បង្កហេតុ​របស់​កូរ៉េខាងជើងលើមូលដ្ឋាននៃជំហរសន្តិសុខដ៏រឹងម៉ាំរបស់ខ្លួន និងភាពជាសម្ព័ន្ធមិត្ត​ជាមួយស​ហរដ្ឋអាម៉េរិក”។

លោកយាង មូជីង ដែលជាសកលវិទ្យាធិការនៃសកលវិទ្យាល័យនៃការសិក្សា​អំពីកូរ៉េ​ខាងជើង​នៅទីក្រុងសេអ៊ូល បានវាយតម្លៃថា ការបាញ់មីស៊ីលនេះអាចនឹងបង្ហាញអំពីចេតនានៃការ​ដាក់​សំពាធ​មុនអណត្តិទី២ របស់រដ្ឋបាល​របស់លោកដូណាល់ ត្រាំ។

ការបាញ់នេះកើតឡើងក្រោយមួយថ្ងៃនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេស​ជប៉ុន លោកតាកេស្ហ៊ី អ៊ីវ៉ាយ៉ា មកកូរ៉េខាងត្បូង។ ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ព្យាយាម​ពង្រឹង​ទំនាក់ទំនងរបស់ពួកគេមុននឹងការវិលត្រឡប់របស់ប្រធានាធិបតីមកពីគណ​បក្ស​សាធារណៈរដ្ឋមកកាន់សេតវិមាន។

នៅអំឡុងអណត្តិដំបូងរបស់លោក ពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០២១ លោកដូណាល់ ត្រាំ បាននាំ​យកការប៉ុនប៉ង់ជាលក្ខណៈបុគ្គលផ្ទាល់ដើម្បីខិតជិតជាមួយលោកគីម ជុងអ៊ុន ដែលលោក​បាន​ជួបចំនួន ៣ដង។ ទោះបីជាលោកបរាជ័យក្នុងការនាំឲ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធី​សព្វាវុធនុយក្លេអ៊ែរ​របស់ខ្លួន ក៏ការខិតជិតៗ គ្នានេះ បានធ្វើឲ្យបន្ធូរបន្ថយភាពតានតឹង​រវាង​​ប្រទេស​កូរ៉េទាំងពីរផងដែរ។

ប៉ុន្តែចាប់តាំងពីឆ្នាំ២០២២ ប្រទេសកូរ៉េខាងជើង បានប្រកាសថា មិនអាចបកក្រោយនូវ​លក្ខន្តិកៈខ្លួនជាមហាអំណាចនុយក្លេអ៊ែរ និងចារនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួននៅឆ្នាំបន្ទាប់។ ទាហាន​កូរ៉េខាងជើង បានប្រតិបត្តិនូវការសាកល្បងអាវុធជាច្រើនដែលត្រូវបានហាមឃាត់​ដោយ​អង្គការសហប្រជាជាតិ ដែលការសាកល្បងចុងក្រោយ កើតឡើងកាលពីខែតុលាឆ្នាំមុន​ដោយ​បាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប ICBM ជាមួយការរុញច្រានពីឥន្ធនៈរឹង។

បើតាមលោកអាន ចានអ៊ីល ដែលជាអ្នករត់គេពីកូរ៉េខាងជើង និងក្លាយជាអ្នក​សិក្សា​ស្រាវជ្រាវ ដែលដឹកនាំវិទ្យាស្ថានសកលនៃការសិក្សាអំពីកូរ៉េខាងជើង​បានឲ្យដឹងថា ការបាញ់មីស៊ីល​កាល​​ពីថ្ងៃអង្គារ ក៏អាចនឹងសំដៅធ្វើឲ្យអស្ថិរភាពដល់កូរ៉េខាងត្បូង នៅអំឡុងរយៈពេលវិបត្តិ​ដែល​ទីក្រុង​សេអ៊ូល​ជួបប្រទះ។

 

Daily Program

Livesteam thumbnail