បន្ទាប់ពីការគំរាមកំហែងពន្ធគយ របស់លោកដូណាល់ ត្រាំ អឺរ៉ុបរៀបចំការវាយបក

ប្រទេសអឺរ៉ុបចំនួន ៨ ត្រូវបានដាក់គោលដៅពីការគំរាមកំហែងរបស់អាម៉េរិក។ ប្រទេស ចំនួន ២៧ ប្រទេសនៃសហភាពអឺរ៉ុប ក៏បានជួបប្រជុំកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ដើម្បី​សម្រេច​ចិត្តលើវិធានការប្រឆាំងឆ្លើយបតប។ ពួកគេសង្ឃឹមថា ដោយការបង្ហាញសាច់ដុំ នឹង​អាច​ជោគជ័យក្នុងការធ្វើឲ្យលោកដូណាល់ ត្រាំ ខ្លាចមិនហ៊ានដាក់ដៃលើកោះហ្គ្រូអេនឡេន។

ប្រទេស២៧ ជាសមាជិកសហភាពអឺរ៉ុប ប្រហែលជា គិតថា ពួកគេបានបញ្ចប់​រឿងពន្ធនាំ​ចូល​របស់​លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក រួចហើយ។ តាមការពិត គឺផ្ទុយស្រឡះ​ទាំងស្រុង។ បន្ទាប់ពីធ្វើឲ្យប្រជាជនអឺរ៉ុបភ្ញាក់ផ្អើលដោយសេចក្តីថ្លែងការណ៍​អំពីកោះ​ហ្រ្គូអេនឡេននោះ ប្រធានាធិបតីអាមេរិក នៅតែបន្តការគំរាមកំហែងដោយប្រើវិធានការ​ទណ្ឌកម្ម​សេដ្ឋកិច្ច ដើម្បី​បង្ខំឲ្យអឺរ៉ុបចុះញ៉ម ទោះ ក្នុងតម្លៃណាក៏ដោយ។

ដូច្នេះសហភាពអឺរ៉ុបកំពុងពិចារណាលើវិធានជាច្រើនដែរ ដើម្បីបំម្លែងស្ថានការណ៍ និង​ព្យាយាម​​កធ្វើឲ្យប្រធានាធិបតីអាមេរិកខ្លាចបោះបង់ចោលគំនិតរបស់គាត់។ ដំបូង សហភាព​អឺរ៉ុបបានចាប់អារម្មណ៍នឹងប្រើវិធានការឆ្លើយតបពាណិជ្ជកម្មតាមរបៀបធម្មតា ដូចជា​​គិតគូរ​លើពន្ធនាំចូល និងកម្រិតមុខទំនិញ។ បច្ចុប្បន្ននេះ អឺរ៉ុបកំពុងពិចារណា​កាន់តែ​ច្រើន​ឡើងៗ ក្នុងការបើកដំណើរការយន្តការ បាហ្ស៊ូកា (bazooka) ដែលយន្តការនេះ អាចនឹង​កម្រិត​សមត្ថភាពរបស់ក្រុមហ៊ុនអាម៉េរិកដើម្បីចូលមកក្នុងទីផ្សារ​សាធារណៈរបស់អឺរ៉ុប ជាពិសេស​​នៅក្នុងវិស័យយុទ្ធសាស្រ្ត និងឌីជីថល។ ទោះបីជាយ៉ាងណា ដើម្បីឲ្យ​យន្តការ​នេះអាច​ត្រូវ​បាន​ប្រើប្រាស់ប្រឆាំង​នឹងសហរដ្ឋអាម៉េរិក គណៈកម្មាធិការអឺរ៉ុប ដែល​ជាអង្គភាព​នីតិ​ប្រតិបត្តិនៃ​សហភាព​អឺរ៉ុប ត្រូវតែមានការយល់ព្រម​ពីប្រទេសជាសមាជិកជាង​ពាក់​កណ្តាល។

ការពិនិត្យស៊ីជម្រៅលើជម្រើសនានា ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ នៅ​ទីក្រុងប្រ៊ុចសែល  ដែលជាកិច្ចប្រជុំកំពូលបន្ទាន់អំពីប្រធានបទនេះ។ នៅដំណាក់កាលនេះ រឿង​មួយ​ដែលច្បាស់នោះ គឺអឺរ៉ុបក៏មានមធ្យោបាយធ្វើឲ្យសេដ្ឋកិច្ចអាម៉េរិកចុះទន់ខ្សោយ​យ៉ាង​សម្បើមដែរ ទោះបីជាលោកដូណាល់ ត្រាំ ពេញចិត្ត ឬមិនពេញចិត្តក៏ដោយ។  លោកអាស គ្លីនបេ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាឡឺម៉ង់ នៅទីក្រុងប៊ែរឡាំង បានបញ្ជាក់ថា ៖ “យើងជនជាតិអឺរ៉ុប ច្បាស់​​ណាស់ គឺថា យើងបានឈានដល់កម្រិតរបស់យើងហើយ។  ហើយពេលនេះ យើង​កំពុង​​រៀបចំវិធានការប្រឆាំងតបសង ដែលមានការសម្របសម្រួលរួមគ្នា។”

យោងតាមសារព័ត៌មាន វ៉ល ស្ត្រីត ជួនណល់ (Wall Street Journal) បានឲ្យដឹងថា ប្រសិនបើ​គ្មានកិច្ចព្រមព្រៀងទេ អឺរ៉ុបអាចនឹងសម្រេចចិត្តដាក់ច្បាប់ពន្ធគយលើទឹកប្រាក់ជាង ៩៣ពាន់​លានអឺរ៉ូ​លើផលិតផលអាម៉េរិកចាប់តាំងពីថ្ងៃទី៦ ខែកុម្ភៈ។ វាអាចសំដៅទៅលើផលិត​ផល​អាម៉េរិក​ផ្សេងៗ ដូចជាម៉ូតូ ស្ករកៅស៊ូ ឬប៊ឺធញ្ញជាតិជាដើម។ វិធានការផ្សេងទៀតដែលអាច​អនុវត្ត​បានទៀត គឺថា សហភាពអឺរ៉ុប ដែលត្រូវធ្វើការអនុម័ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​នឹង​​ចុះហត្ថលេខាកាលនៅរដូវក្តៅនេះជាមួយសហរដ្ឋអាមេរិក អាចសម្រេចចិត្តព្យួរការ​អនុម័ត​កិច្ច​ព្រមព្រៀងនោះ។ ប្រជាជនអឺរ៉ុបជាអ្នកខាតបង់ធំក្នុងកិច្ចព្រមព្រៀងនេះ ដែលមកទល់​ពេល​​នេះ ពួកគេបានចាត់​ទុកថា វាជាតម្លៃដែលត្រូវបង់ ដើម្បីទទួលបានការបន្តការគាំទ្ររបស់​សហរដ្ឋ​​អាមេរិក​ដល់​ប្រទេស​អ៊ុយក្រែន។ ប៉ុន្តែការគំរាមកំហែងថ្មីៗរបស់លោកដូណាល់ ត្រាំ អាច​ជំរុញឲ្យសហភាព​អឺរ៉ុប​ពិចារណា​ពិនិត្យឡើងវិញលើយុទ្ធសាស្ត្ររបស់ខ្លួន។ នេះបានក្លាយ​សេណារីយ៉ូមួយ ដែល​សេដ្ឋកិច្ច​អាមេរិកនឹងរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។

 

Daily Program

Livesteam thumbnail