នៅអ៊ុយក្រែន រុស្ស៊ីវាយប្រហារដ៏សម្បើមនៅថ្ងៃបុណ្យ គ្រីស្តម៉ាស

លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា កាលពីថ្ងៃពុធ ទី២៥ ធ្នូ ប្រទេសរុស្ស៊ី បានបើកការវាយប្រហារនៅពេលព្រឹកជាមួយនឹងមីស៊ីល ៧០គ្រាប់ និងដ្រូន​បំទុះ​ជាង ១០០ ទៅលើអ៊ុយក្រែនដោយដាក់គោលដៅលើប្រព័ន្ធថាមពល។

ប្រធានាធិបតីអ៊ុយក្រែនបានបរិហារអំពីការវាយប្រហារអមនុស្សធម៌ នៅថ្ងៃបុណ្យ គ្រីស្តម៉ាស របស់លោកវ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ នៅលើបណ្តាញតេឡេក្រាម លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា ៖ “ថ្ងៃនេះ លោកពូទីនបានជ្រើសរើសថ្ងៃគ្រីស្តម៉ាស​ដើម្បី​វាយ​​ប្រហារ។ តើគាត់នៅជាមនុស្សទេ?” លោកបានបន្ថែមថា ៖ “មីស៊ីល ជាង ៥០ និងមួយ​ផ្នែក​នៃ ដ្រូន ត្រូវបានបាញ់ទម្លាក់។ ប៉ុន្តែការវាយប្រហារខ្លះបានបង្ក​ការដាច់ចរន្តអគ្គីសនីនៅ​ក្នុង​​តំបន់​ជាច្រើន។”

លោកអន់ឌ្រីអ៊ី ស៊ីប៊ីហ្គា រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បានបន្ទរថា ៖ “ភេរវកម្មថ្ងៃបុណ្យ​គ្រីស្តម៉ាស គឺជាចម្លើយរបស់លោកពូទីន សម្រាប់អ្នកដែលបាននិយាយដោយភ័ន្តច្រឡំថា​មាន​ការ​ឈប់​​បាញ់​​​នៅថ្ងៃគ្រីស្តម៉ាស រវាងទីក្រុងគៀវ និងទីក្រុងមូស្គូ”។

នាយករដ្ឋមន្រ្តីអង់គ្លេស លោកខេ ស្កាកមើ បានបរិហារលើម៉ាស៊ីនសង្រ្គាមដ៏បង្ហូរឈាម និង​ឃោរឃៅ​របស់លោកពូទីន​ដែលសំដៅមកលើអ៊ុយក្រែន ដោយគ្មានឈប់សោះ ទោះក្នុងថ្ងៃ​បុណ្យ​គ្រីស្តម៉ាស”។ លោកអូឡិកស៊ីអ៊ី គូឡឺបា ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន បានប្រាប់​ឲ្យ​ដឹង​ថា ការវាយប្រហារបានសម្លាប់បុគ្គលិកម្នាក់នៅរោងចក្រអគ្គីសនីនៅក្នុងទីក្រុងឌីនីប្រូ។  ចំណែក​​ចៅហ្វាយក្រុងនេះ បានប្រាប់ឲ្យដឹងថាមានបញ្ហានៃប្រព័ន្ធកម្តៅនៅក្នុងសង្កាត់ខ្លះ និង​បញ្ជាក់ថា មន្ទីរពេទ្យមួយដែលមានអ្នកជំងឺជាង ១០០នាក់ ត្រូវបានជម្លៀសចេញ។

លោកអន់ឌ្រីអ៊ី ស៊ីបាហ្គា ប្រមុខការទូតអ៊ុយក្រែន បានបញ្ជាក់ទៀតថា កាលពីថ្ងៃពុធ មីស៊ីល​មួយ​ក្នុងចំណោមមីស៊ីលនានារបស់រុស្ស៊ី បានឆ្លងកាត់ដែនអាកាសរបស់​ប្រទេស​​ម៉ូលដាវី និង​រ៉ូម៉ានី។ លោកគូសបញ្ជាក់ថា នេះរំឭកយើងថា រុស្ស៊ីមិនគំរាម​កំហែង​តែ​លើ​អ៊ុយក្រែន​ទេ។

ក្រុមហ៊ុន DTEK ដែលជាអ្នកផ្គត់ផ្គង់ថាមពលឯកជនដ៏ធំរបស់ប្រទេសអ៊ុយក្រែន បានប្រកាស​កាល​ពីថ្ងៃពុធ ថា រោងចក្រអគ្គីសនីរបស់ខ្លួន​ត្រូវបានសំដៅសម្រាប់ការវាយប្រហារថ្មីនេះ និង​បញ្ជាក់​អំពីការខូចខាតដ៏ធ្ងន់ធ្ងរទៅលើឧបករណ៍របស់ខ្លួន។ នៅក្នុងសេចក្តីប្រកាសមួយ DTEK បានថ្លែងថា ៖ “នេះគឺជាការវាយប្រហារដ៏សម្បើមទី១៣ ប្រឆាំងនឹងប្រព័ន្ធថាមពល​អ៊ុយក្រែន​​នៅឆ្នាំនេះ”។

ប្រធានអគ្គនាយករបស់ DTEK លោកម៉ាស៊ីម ទីមចឹនកូ នៅលើបណ្តាញសង្គម X បានថ្លែងថា ៖ “ធ្វើឲ្យគ្មានភ្លើង និងគ្មានកម្តៅ ដល់ប្រជាជនដែលស្រឡាញ់សន្តិភាពរាប់លាននាក់ ដែល​ប្រារព្ធ​ពិធី​បុណ្យ គ្រីស្តម៉ាស គឺជាទង្វើគ្មានសីលធម៌ និងចង្រៃ ដែលគេត្រូវតែឆ្លើយតប”។

មេក្រូប្រកាសអាសន្ន ត្រូវបានបន្លឺឡើងនៅទូទាំងដែនដីអ៊ុយក្រែន កាលពីថ្ងៃពុធតាំងពីព្រលឹម នៅខណៈដែលកងទ័ពអាកាសបានប្រាប់អំពីការបាញ់មីស៊ីលបាលីស្ទីក និងមីស៊ីលបណ្តែត របស់រុស្ស៊ី។

អាជ្ញាធរតំបន់ខាកគៀវ ដែលជាទីក្រុងទីពីររបស់អ៊ុយក្រែនស្ថិតនៅភាគឥសាន ជិតព្រំដែន​រុស្ស៊ី បានប្រាប់ឲ្យដឹងអំពីការវាយប្រហារយ៉ាងតិចចំនួន ៧ មកលើទីក្រុងនេះ។ អភិបាលតំបន់ លោកអូឡិក ស៊ីណេហ្គូបូវ នៅលើបណ្តាញសង្គមតេឡេក្រាម បានប្រាប់ឲ្យដឹងថា យ៉ាង​ហោច​ណាស់ មនុស្ស ៦នាក់ បានរងរបួស។ លោកបន្ថែមថា មីស៊ីលបណ្តែតមួយ ប្រភេទ Kh-59 បានធ្លាក់នៅក្នុងទីធា្លផ្ទះឯកជននៅទីក្រុង​ខាកគៀវ ដោយមិនផ្ទុះ និងមិនធ្វើឲ្យមានជនរង​គ្រោះ​ទេ។ អ្នកជំនាញបានធ្វើការដោះបំទុះ។ តំបន់ ឌីនីប្រូប៉េត្រូវ នៅភាគកណ្តាលខាងកើត​ប្រទេសក៏ត្រូវបានវាយប្រហារ។ ការផ្ទុះចំនួន ២ ក៏ត្រូវបានគេឮនៅទីក្រុង គ្រីវអ៊ី រីហ្គ ដែល​ជា​ទីក្រុង​កំណើតរបស់ប្រធានាធិបតីហ្សេឡេនស្គី​ផងដែរ។

 

Daily Program

Livesteam thumbnail