នាយករដ្ឋមន្ត្រីកម្ពុជា លើកទឹកចិត្តឱ្យរោងចក្រកែច្នៃកៅស៊ូ ពង្រឹងភាពជាដៃគូជាមួយដៃគូក្នុងស្រុក

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់រោងចក្រកែច្នៃកៅស៊ូនៅកម្ពុជា ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងស្រុក ដើម្បីបង្កើនសមត្ថភាពកែច្នៃក្នុងស្រុក និងលើកកម្ពស់ផលិតផលដែលផលិតបាននៅក្នុងស្រុក។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) (KIMS Rubber (Cambodia) Co., Ltd.) នៅខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃពុធ សម្តេចធិបតី បានជំរុញឱ្យរោងចក្រដែលទើបបង្កើតថ្មី ពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុនផលិតក្នុងស្រុក ដើម្បីពង្រឹងការផលិត និងការកែច្នៃវត្ថុធាតុដើមក្នុងស្រុក។

«ប្រសិនបើយើងអាចធ្វើកិច្ចការនេះបាន វានឹងជួយកែលម្អខ្សែច្រវាក់ផលិតកម្ម ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលក្នុងស្រុក និងបង្កើតការងារបានកាន់តែច្រើននៅកម្ពុជា»។ ប្រសាសន៍សង្កត់ធ្ងន់របស់សម្តេចធិបតី។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កៅស៊ូគឺជាផលិតផលកសិ-ឧស្សាហកម្មយុទ្ធសាស្ត្រមួយ ដែលអាចកែច្នៃទៅជាផលិតផលសម្រេចផ្សេងៗជាច្រើន ដែលរួមចំណែកដល់ការរីកលូតលាស់នៃវិស័យកសិ-ឧស្សាហកម្មរបស់កម្ពុជា។

សម្តេចក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនស្វែងរកភាពជាដៃគូជាមួយក្រុមហ៊ុនផ្សេងទៀត ដើម្បីបង្កើនការប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុក និងពិចារណាលើការចុះកិច្ចសន្យាកសិកម្មជាមួយសហគមន៍កៅស៊ូគ្រួសារ ដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព និងតម្លៃសមរម្យ។

បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) វិស័យកៅស៊ូរបស់កម្ពុជា រកចំណូលបាន ៦៤៩ លានដុល្លារអាមេរិក ពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦។

តួលេខនេះ បង្ហាញពីការកើនឡើង ៤២,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីតម្រូវការសកលលោកកំពុងកើនឡើង និងការរួមចំណែកកាន់តែខ្លាំងឡើងនៃវិស័យនេះ ដល់សេដ្ឋកិច្ចនាំចេញរបស់ជាតិ។

 

Daily Program

Livesteam thumbnail