ទណ្ឌិតជិត ៤០០ នាក់ ត្រូវបានស្នើបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងបុណ្យឯករាជ្យជាតិ និង ពិធីបុណ្យអុំទូក
គណៈកម្មការជាតិត្រួតពិនិត្យការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត បានសម្រេចឯកភាពលើកសំណើស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន ៣៩០នាក់ ស្រី ៣៥នាក់ ក្នុងឱកាសបុណ្យឯករាជ្យជាតិ (៩វិច្ឆិកា) និងបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។
ការស្នើនេះ ក្នុងកិច្ចប្រជុំពិនិត្យបញ្ជីឈ្មោះទណ្ឌិតដើម្បីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
សូមរម្លឹកថា ក្នុងពិធីបុណ្យទាំងពីរនេះ គណៈកម្មការជាតិបានទទួលសំណើពីគណៈកម្មការរាជធានី-ខេត្ត(ពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣) និងពីគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង៤) បានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត មានចំនួនសរុប ៩០២ នាក់ (ស្រី ៦១ នាក់)។
សូមបញ្ជក់ថា បើយោងតាមព្រះរាជក្រឹត្យ ពិធីបុណ្យ ដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត មានចំនួន ៥ដង ក្នុង១ឆ្នាំៗ ក្នុងនោះ រួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះ ព្រះខែ អកអំបុក៕
អត្ថបទ៖ អមរិន្ទ ដានុត