តើមាត្រាទី៤ ត្រៀមសម្រាប់អ្វីនៅពេលប្រទេសប៉ូឡូញ បានសុំឲ្យអង្គការណាតូ យក វាមកប្រើ?

នៅអំឡុងយប់ពីថ្ងៃទី៩ ឆ្លងចូលថ្ងៃទី១០ ខែកញ្ញា យ៉ាងហោចណាស់មានការ​រំលោភ​ដែន​អាកាស​ប៉ូឡូញចំនួន ១៩ដង ត្រូវបានកត់ត្រា និងដ្រូន​របស់រុស្ស៊ីចំនួន ៣ ត្រូវ​បាន​បាញ់​ទម្លាក់។ ទីក្រុងវ៉ាសូវី និងសម្ព័ន្ធមិត្ត សមាជិកនៃសន្ធិសញ្ញាឆ្លងអាត្លង់ទិក អង្កការណាតូ បាន​បរិហារ​​ភ្លាមៗថា​ជាការបង្កហេតុរបស់រុស្ស៊ី បន្ទាប់ពីមានការជ្រៀតចូលនៃដ្រូន នៅអំឡុងការ​វាយ​ប្រហារ​​ប្រឆាំង​នឹងអ៊ុយក្រែន។

ចំណែកទីក្រុងមូស្គូ និយាយថា ទីក្រុងវ៉ាសូវីមិនបានបង្ហាញភស្តុតាងនៃប្រភពរបស់ដ្រូន​រុស្ស៊ី​ទេ។ ប៉ុន្តែប្រឈមមុខនឹងការគំរាមកំហែងនេះ ប្រទេសប៉ូឡូញ បានសុំឲ្យអង្គការណាតូ យក​មក​ប្រើនូវមាត្រាទី៤ នៃសន្ធិសញ្ញាឆ្លងអាត្លង់ទិក។ វានឹងជាការប្រឹក្សា​យោបល់​រវាងសម្ព័ន្ធមិត្ត​ក្នុង​ករណីមានការគំរាមកើតឡើងមកលើសមាជិកណាមួយក្នុងចំណោម​សមាជិក​ទាំងឡាយ​របស់ខ្លួន។

កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង ឬណាតូ ដែលជាអង្គភាពសំខាន់​នៃ​ការ​​សម្រេច​ចិត្តខាងនយោបាយ បានជួបប្រជុំគ្នា ជាមួយនិងសម្លេងនៃឯកអគ្គរដ្ឋ​ទូត​ទាំង ៣២​នៃប្រទេសសមាជិក។ កិច្ចប្រជុំ​បានមើលឃើញអំពី​ប្រធានបទ​ពិភាក្សានានា​ពាក់ព័ន្ធ​នៅ​ក្នុង​ក្រប​ខណ្ឌមាត្រាទី៤ នៃសន្ធិសញ្ញាសម្ព័ន្ធមិត្តនេះ។  មាត្រាទី៤ គ្រោងជាសំខាន់សម្រាប់​ការ​​ប្រឹក្សាយោបល់នៅកម្រិតសម្ព័ន្ធមិត្តអង្គការណាតូ។ មាត្រានេះចែងច្បាស់ថា ភាគីប្រទេស​នានា​នឹង​ប្រឹក្សាយោបល់ និងផ្តល់មតិក្នុងចំណោមមតិសមាជិក នៅរាល់ពេលដែល​បូរណភាព​ដែន​ដី ឯករាជ្យភាពខាងនយោបាយ ឬសន្តិសុខ របស់ប្រទេសសមាជិកណាមួយ ត្រូវ​ទទួល​ការ​​គំរាមកំហែង។  អង្គការណាតូ បញ្ជាក់ថា ៖ “ការប្រឹក្សាយោបល់គឺជាទិដ្ឋភាពសំខាន់​នៃ​ដំណើរ​​ការធ្វើសេចក្តី​សម្រេចចិត្តរបស់អង្គការណាតូ​ដោយសារតែរាល់ការសម្រេចចិត្ត នឹងត្រូវ​បាន​​ប្រកាន់យក​ដោយកុងសង់សុស”។

នៅអំឡុងកិច្ចប្រជុំដែលគិតទៅដល់មាត្រាទី៤ ឯកអគ្គរដ្ឋទូតប្រឹក្សាយោបល់គ្នា និងធ្វើសេចក្តី​សម្រេច​ចិត្ត​​ ប្រសិនបើប្រធានបទលើកមក​សមនឹងទទួលបាននូវការឆ្លើយតបដែលមាន​ការ​ជំរុញ​កាន់តែខ្លាំង។ ការសម្រេចចិត្តនឹងត្រូវប្រកាន់យកដោយកិច្ចព្រមព្រៀងកុងសង់សុស។

ចាប់តាំងពីការបង្កើតសម្ព័ន្ធមិត្តណាតូ នៅឆ្នាំ១៩៤៩ នេះគឺជាលើកទី៨ ដែលមានការកោះហៅ មាត្រាទី៤ ដែលមាន ៣ដង ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នៅថ្ងៃទី២៤ ខែ​កុម្ភៈ ឆ្នាំ២០២២ ថ្ងៃនៃការឈ្លានពានអ៊ុយក្រែនដោយរុស្ស៊ី ប្រទេសចំនួន ៨ មានប៊ុលហ្គារី អេស្តូនី ឡាតវី លីទុយអានី ប៉ូឡូញ រ៉ូម៉ានី ស្លូវ៉ាគី និងឆែក បានប្រើប្រាស់មាត្រាទី៤ ដែរ។

ដោយមិនបានទៅដល់រហូតដល់ការវាយប្រហារយោធា អង្គការណាតូ បានជួយប្រទេសជា​សមាជិក មានជាអាទិ៍ ការការពារដែនអាកាស។ យោងតាមអ្នកនាំពាក្យនៃអង្គការណាតូ លោក​ស្រី​អាលីសុន ហាក បានប្រាប់ឲ្យដឹងថា នៅពេលដែលប្រទេសប៉ូឡូញបានចាប់ដាន​ឃើញ​​វត្តមាន​​ដ្រូននៅក្នុងដែនអាកាសរបស់ខ្លួន អង្គការណាតូបានមានប្រតិកម្មភ្លាមដោយ​ចល័ត​​អាវុធ​ការពារដែនអាកាសដើម្បីជួយប្រឆាំងនឹងដ្រូនដែលអាចមកថែមទៀត។

យោងតាមសេចក្តីប្រកាស​របស់អង្គការណាតូ បានឲ្យដឹងថា នេះគឺជាលើកទី១ ដែល​យន្តហោះ​​ចម្បាំងណាតូ បានប្រឈមនឹងការគំរាមកំហែងដ៏មានសក្តានុពលនៅក្នុងដែន​អាកាស​​សម្ព័ន្ធមិត្ត។

ចំណែកលោក​ឧត្តមសេនីយ៍ អាឡិចសូស ហ្គ្រ៊ីនកេវីច មេបញ្ជាការកំពូលនៃកងកម្លាំងសម្ព័ន្ធ​មិត្តអឺរ៉ុប បានសាទរនៅលើបណ្តាញសង្គម X របស់លោកថា ៖ “អង្គការណាតូបានប្រតិកម្ម​យ៉ាងរហ័ស និងតាមរបៀបម៉ឺងម៉ាត់ ឆ្លើយតបនឹងស្ថានភាព និងបង្ហាញនូវសមត្ថភាព និងការ​ប្តេជ្ញាចិត្តដើម្បីការពារទឹកដីសម្ព័ន្ធមិត្ត។”

 

Daily Program

Livesteam thumbnail