តុលាការក្រុងភ្នំពេញ ផ្តន្ទាទោសសកម្មជនចលនាមាតាធម្មជាតិ ១០នាក់ ឱ្យជាប់ពន្ធនាគារពី ៦ ដល់ ៨ ឆ្នាំ
សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ឱ្យជាប់ពន្ធនាគារពី ៦ ដល់ ៨ ឆ្នាំចំពោះសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន ១០នាក់ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលសកម្មជន ៤រូប ដែលមានវត្តមាននៅមុខតុលាការ ត្រូវបានចាប់ខ្លួនយ៉ាងហិង្សាដោយកងកម្លាំងសន្តិសុខជាច្រើននាក់ ។
បន្ទាប់ពីការសម្រេចផ្តន្ទោសទោស និងចាប់ខ្លួនយ៉ាងកម្រោលនេះ គណបក្សនយោបាយចំនួន៣ ក៏បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ និងបានអំពាវនាវឱ្យរដ្ឋាភិបាល និងអាជ្ញាធរដោះលែង និងលុបចោលការចោទប្រកាន់នេះផងដែរ។
គណបក្សនយោបាយក្រៅរដ្ឋាភិបាលទាំងនេះ រួមមាន គណបក្ស ឆន្ទៈខ្មែរ, គណបក្សភ្លើងទៀន និងគណបក្ស ជំនាន់ថ្មី។
កងកម្លាំងនគរបាលយ៉ាងតិចណាស់ ៥០ នាក់ ដែលរួមមានមន្ត្រីស្លៀកពាក់ស៊ីវិលផងនោះ បានចូលទៅចាប់សកម្មជនបរិស្ថានចំនួនទាំង ៤រូប ទាំងកំរោល និងរុញពួកគេចូលទៅក្នុងរថយន្ត រួចបើកចេញពីទីតាំងភ្លាមៗ ក្រោយពេលតុលាការប្រកាសសាលក្រមដោយផ្តន្ទាទោសសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិនៅថ្ងៃដដែលនោះ។
សកម្មជនចលនាមាតាធម្មជាតិ ៤នាក់ដែលចាប់ខ្លួនរួមមាន លោក ថុន រដ្ឋា, លោក លី ចាន់ដារ៉ាវុត, កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី នៅមុខតុលាការយ៉ាងហិង្សាដោយកងកម្លាំងសន្តិសុខជាច្រើននាក់។ ចំណែកលោក យឹម លាងហ៊ី ត្រូវបានបាត់ខ្លួនមុនពេលប្រកាសសាលក្រម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ បានឱ្យដឹងថា សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន ១០នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ឱ្យជាប់ពន្ធនាគារពី ៦ឆ្នាំ ដល់ ៨ ឆ្នាំ។
ក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលក្រមនៅឯសាលាដំបូងរាជធានីភ្នំពេញ ដែលជាការបិទបញ្ចប់សវនាការជំនុំជម្រះលើអ្នកទាំងនោះ ពាក់ព័ន្ធនឹងភាពសកម្មនិយមអហិង្សា ក្នុងកិច្ចការពារបរិស្ថានរបស់ពួកគេ។ អ្នកទាំងនោះ រងនូវបទចោទប្រកាន់ចំនួនពីរ ដែលរួមមានបទ «រួមគំនិតក្បត់» និងបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
ទាក់ទងនឹងបទចោទ និងការចាប់ខ្លួននេះ គណបក្សនយោបាយទាំងបីនេះ បានអំពាវនាវដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ទម្លាក់ចោលនូវរាល់បទចោទប្រកាន់ បញ្ឈប់រាល់ការ ចាប់ខ្លួនសកម្មជនបរិស្ថាន សកម្មជនដីធ្លី និងសកម្មជននយោបាយ ដែលបានបំពេញតួនាទី ដើម្បីការពារ ផលប្រយោជន៍ប្រទេសជាតិ។
គណបក្សដដែលក៏បានស្នើឱ្យមានការពិចារណាបន្ធូរបន្ថយស្ថានទម្ងន់ទោស ឬដោះលែងដល់សកម្មជន ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួន ឱ្យមានសិទ្ធិសេរីភាពឡើងវិញ ជាពិសេសយុវជនខ្មែរប្រកបដោយ សមត្ថភាព និងសក្តានុពល ដែលគួរនៅបន្តចូលរួមកសាងសង្គមជាតិ ជាជាងទៅរស់នៅក្នុងមន្ទីរឃុំឃាំង។
សូមបញ្ជាក់ដែរថា ក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលក្រមនៅឯសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែកក្កដា ដែលជាការបិទបញ្ចប់សវនាការជំនុំជម្រះលើអ្នកទាំងនោះ ពាក់ព័ន្ធនឹងភាពសកម្មនិយមអហិង្សា ក្នុងកិច្ចការពារបរិស្ថានរបស់ពួកគេ។
មេក្លោង និងសកម្មជនមាតាធម្មជាតិ ទាំង ១០នាក់ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ និងបង្គាប់ឲ្យចាប់ខ្លួន រួមមាន៖ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិនសុន, លោក ឈ្មោះ យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ដោយដាក់ពន្ធនាគារ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល។
ចំណែកសកម្មជន ៧នាក់ផ្សេងទៀតសម្រេចដាក់ពន្ធនាគារ ៦ឆ្នាំ រួមមាន៖កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត លោក ពក ខើយ លោក ប៉ិញ ពិសិដ្ឋ និងលោករី រក្សា។
មុនពេលមានការចាប់ខ្លួន យុវជន លី ចាន់ដារ៉ាវុត បានថ្លែងថា វាមិនមែនជារឿងត្រឹមត្រូវនោះទេ ដែលត្រូវកាត់ទោសសកម្មជនបរិស្ថាន អ្នករងគ្រោះដីធ្លីពីបទរួមគំនិតក្បត់ ពីបទញុះញង់ ឬបទចោទអ្វីក៏ដោយ ព្រោះ [យើង]មានសិទ្ធិរស់នៅលើទឹកដី មានសិទ្ធិក្នុងការការពារទឹកដី ធនធានធម្មជាតិរបស់ខ្លួន។
លោកចាន់ដារ៉ាវុត ថា ៖ «ខ្ញុំគិតថាការចាប់ខ្លួនសកម្មជននៅថ្ងៃនេះ នឹងមិនក្លាយជាការបាក់ទឹកចិត្តសម្រាប់យុវជនខ្មែរដទៃទៀត សម្រាប់ប្រជាពលរដ្ឋខ្មែរនៅក្នុងការតស៊ូដើម្បីភាពយុត្តិធម៌របស់យើងទេ»។
ចំណែក កញ្ញា ឡុង គន្ធា ក៏បានលើកឡើងដែរថា ពួកគាត់នឹងនៅតែរឹងមាំ ទោះស្ថិតក្នុងពន្ធនាគារក៏ដោយ ព្រោះគេឃុំខ្លួនពួកគេបានតែរាងកាយទេ ប៉ុន្តែឆន្ទៈ និងមនសិការរបស់ពួកគេមិនអាចឃុំបាននោះទេ។
គន្ធា ថ្លែងថា ៖ «យើងចង់បានសន្តិភាព មិនមែនសន្តិភាពមានតែឈ្មោះទេ តែយើងចង់បានសន្តិភាពប្រកបដោយយុត្តិធម៌ មនុស្សគ្រប់គ្នាអាចនៅជាមួយគ្នាប្រកបដោយសេចក្តីថ្លៃថ្នូរ មានយុត្តិធម៌ គ្មានភាពភ័យខ្លាច គ្មានការចាប់ខ្លួននោះទេ»។
រីឯយុវតី ភួន កែវរស្មី ក៏បាននិយាយដែរថា ៖ «ដរាបណាគេនៅដេញប្រជាជនចេញពីដីធ្លីដោយសេរី ដរាបណាគេយកដីយើងឱ្យបុគ្គលមានអំណាច ដរាបណាគេនៅតែបំផ្លាញព្រៃឈើ ដរាបណាគេនៅតែចាប់យើងដាក់គុកដោយគ្មានញញើតដៃទាំងដែលយើងមិនបានធ្វើអីខុស មានន័យថាពួកយើងមិនអាចបាក់ទឹកចិត្តបានទេ»។
លោក ថុន រដ្ឋា ក៏បានលើកឡើងខ្លាំងៗដែរថា ២កក្កដា ឆ្នាំ២០២៤ ជាប្រវត្តិសាស្រ្តដែលតុលាការស្រុកខ្មែរ និងអ្នកដឹកនាំស្រុកខ្មែរ រងនូវភាពអាម៉ាសនូវប្រវត្តិសាស្រ្តរបស់ពួកគាត់នៅថ្ងៃខាងមុខ។
លោកថា ៖ «ពួកយើងដឹងច្បាស់ថាពួកយើងនឹងមានថ្ងៃនេះ យើងដឹងយ៉ាងច្បាស់ថាសេរីភាពរបស់ពួកយើងនឹងត្រូវបាត់បង់នៅពេលណាមួយ តែយើងក៏ដឹងថាអំពើយុត្តិធម៌នឹងឈ្នះអំពើអយុត្តិធម៌ជារៀងរហូត»។
អង្គការលីកាដូ បានលើកឡើងថា អ្នកទាំង ៤ ដែលត្រូវបានចាប់ខ្លួននេះ បានចំណាយពេលជាច្រើនម៉ោង ធ្វើការដើរក្បួនអហិង្សាក្នុងទម្រង់ជាការហែសព ចាប់ពីរង្វង់មូលជ្រោយចង្វារ ឆ្ពោះមកតុលាការ មុនពេលមានការចាប់ខ្លួន។ អ្នកទាំង ៤ និងសកម្មជនយុវជនផ្សេងទៀត រួមនឹងអ្នកគាំទ្រជាច្រើននាក់ បានស្លៀកពាក់សំសម្លៀកបំពាក់ហែសព។
អង្គការនេះបានបញ្ជាក់ថា ៖ «នៅពេលដែលពួកគេដើរមកដល់តុលាការ អ្នកទាំង ៤ មិនបានចូលក្នុងសវនាការស្តាប់ការប្រកាសសាលក្រមនោះទេ ដោយសុខចិត្តនៅក្រៅតុលាការ ជួបអ្នកគាំទ្រ និងសមាជិកគ្រួសារ ហើយនិងបង្ហាញពីសេចក្តីប្រាថ្នារបស់អ្នកទាំងនោះ ចង់ឃើញសង្គមកម្ពុជាមានយុត្តិធម៌ ដែលអាចការពារធនធានធម្មជាតិសម្រាប់ពលរដ្ឋកម្ពុជា»។
សកម្មជនបរិស្ថានមាតាធម្មជាតិតែងតែប្រឈមមុខនឹងការយាយី ការគំរាមកំហែង និងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ទៅលើភាពសកម្មនិយមផ្នែកបរិស្ថានរបស់ពួកគេ អស់រយៈពេលជាច្រើនឆ្នាំ។ សកម្មភាពលើកិច្ចការពារបរិស្ថានដែលអ្នកទាំងនោះបានធ្វើ រួមមាន ការតស៊ូមតិដើម្បីបញ្ឈប់ការជីកយកខ្សាច់នៅខេត្តកោះកុង ការការពារកោះកុងក្រៅ និងការទប់ស្កាត់លំហូរទឹកស្អុយ និងទឹកកខ្វក់ចូលទៅក្នុងអាងទឹកក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្ភាសដោយសារព័ត៌មានវីអូអេប្រចាំកម្ពុជា បានលើកឡើងថា៖ «ចៅក្រមក្រុមប្រឹក្សាជំនុំជម្រះបានពិនិត្យអង្គហេតុអង្គច្បាប់ និងភស្តុតាងនានា និងស្ដាប់ចម្លើយពេលសវនាការកន្លងមក ក៏បានសម្រេចផ្ដន្ទាទោសពួកគាត់ ហើយនិងបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន។ អ៊ីចឹងសមត្ថកិច្ចគេធ្វើតាមដីកាបង្គាប់ឱ្យចាប់ខ្លួន»។
ម្ដាយរបស់កញ្ញា ភួន កែវរស្មី គឺអ្នកស្រី គង់ ម៉ានិត ដែលបានចូលរួមតាមដាននូវការប្រកាសសាលក្រមរបស់កូនស្រី បានប្រាប់ឱ្យដឹងដែរថា អ្នកស្រីពិតជាអាណិតកូនអ្នកស្រី ពេលឃើញក្រុមអាជ្ញាធរចាប់ខ្លួនកូនទាំងកម្រោល។
អ្នកស្រីនិយាយទាំងទឹកភ្នែកថា ៖ «ខ្ញុំអាណិតកូនខ្ញុំខ្លាំងណាស់ មិនដឹងជាគាត់ឈឺយ៉ាងណាទេ ពេលគេទាញកន្ទ្រាក់គាត់យកទៅ។ រូបភាពគឺសាហាវណាស់ ខ្ញុំមិនដែលឃើញទេ»។
លោកទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា ការចាប់ខ្លួនយុវជនចលនាមាតាធម្មជាតិនេះ មិនមែនសមត្ថកិច្ចចេះតែចាប់តាមអំពើចិត្តនោះទេ តែជាការអនុវត្តតាមដីការបស់តុលាការ ដែលគ្រប់បុគ្គលត្រូវតែអនុវត្ត។
លោកបញ្ជាក់ថា ៖ «ដូចនេះសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំណុះក្រសួងមហាផ្ទៃគឺអនុវត្តតាមដីកាតុលាការ។ មួយវិញទៀត ការចាប់ និងការឃាត់តែងតែមានការប្រទាញប្រទង់គ្នាដែលវាជារឿងធម្មតា តែកុំឱ្យហួសហេតុពេក»។
ចឹងទេ សកម្មភាពដែលយើងឃើញមានការប្រទាញប្រទង់គ្នា ដោយកម្រិតណាមួយនោះមិនមែនជាករណីធ្ងន់ធ្ងរទេ ព្រោះអ្នកដែលចាប់គេមិនចង់ឱ្យមានការរបូត ឯអ្នកដែលត្រូវគេចាប់គឺមិនចង់ឱ្យគេចាប់ ដែលធ្វើឱ្យកើតមានជាការប្រទាញប្រទង់គ្នា ដែលបងប្អូនខ្លះថាជាការរំលោភសិទ្ធិ ប៉ុន្តែវាមិនមែននោះទេ»។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ទូច សុខៈ។
ទន្ទឹមនឹងនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនាយប់ថ្ងៃទី២ ខែកក្កដា ថា សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ មានការភាន់ច្រឡំ ឬការបំភាន់អំពីសេរីភាពបញ្ចេញមតិ (ឬមតិរិះគន់) និងការបំពានច្បាប់ដែលធ្វើឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។
លោកបានបញ្ជាក់ថា ៖ «តាមពិតគ្មានអ្វីពិបាកយល់ទេ សូមបែងចែកឱ្យច្បាស់ ហើយកុំយកសេរីភាពបញ្ចេញមតិមកលាយឡំគ្នាជាមួយអំពើល្មើសច្បាប់»។
លោក ប៉ែន បូណា បានលើកឡើងនូវប្រការមួយចំនួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាកតិកាសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលគេទទួលស្គាល់និងអនុវត្តទូទាំងពិភពលោកផងដែរ។ ក្នុងនោះមាន មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញទាក់ទងនឹងសេរីភាពខាងការបញ្ចេញមតិ, មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ, មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិ ដែលចែងពីការប្រើប្រាស់សិទ្ធិនិងមាត្រា២៩(២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។
សូមរម្លឹកថា កាលពីឆ្នាំ២០២០ លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបានដាក់ពន្ធនាគារជាង១ឆ្នាំ ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ហើយតុលាការក៏បានបន្ថែមបទចោទពីបទ «រួមគំនិតក្បត់» ពេលពួកគេកំពុងស្ថិតក្នុងពន្ធនាគារផងដែរ។
ចំណែកកញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុត ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារអស់រយៈពេល៥ខែពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ»។
អ្នកទាំង៦នាក់នេះ ក៏ត្រូវបានតុលាការបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីខែវិច្ឆិកា ឆ្នាំ២០២១ផងដែរ៕