ជម្លោះមជ្ឈិមបូព៌ាឆាបឆេះឡើងវិញ ៖ លោកដូណាល់ ត្រាំ ព្រមានវាយប្រហារ អ៊ីរ៉ង់ ធ្ងន់ធ្ងរ ខណៈតម្លៃប្រេងអន្តរជាតិស្ទុះហក់ឡើងលើស ៩០ដុល្លារ

វ៉ាស៊ីនតោន/តេអេរ៉ង់ ៖ បន្ទាប់ពីមានភាពស្ងប់ស្ងាត់អស់រយៈពេលមួយខែ ជាមួយនឹងការ ផ្តោតលើ «សង្គ្រាមសេដ្ឋកិច្ច» សភាពការណ៍តានតឹងថ្មីរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បាន ឆាបឆេះឡើងវិញយ៉ាងកក្រើក។ កាលពីថ្ងៃចន្ទ ទី៣១ ខែសីហា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញមុខព្រមានធ្ងន់ៗថា នឹងប្រើប្រាស់កណ្តាប់ដៃដែក​វាយប្រហារ​ទៅលើ​ប្រទេស​អ៊ីរ៉ង់សាជាថ្មី។

ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីកងកម្លាំងអាម៉េរិកបានបើកប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​លើ​ទី​តាំងបាញ់រ៉ុក្កែតចំនួនពីររបស់អ៊ីរ៉ង់នៅលើកោះឡារ៉ាក់ (Larak) ដែល​ជា​ចំណុច​យុទ្ធសាស្ត្រ​ដ៏សំខាន់ក្នុងច្រកសមុទ្រអ័រមូស (Strait of Hormuz)។

យោងតាម​ទីបញ្ជាការយោធាអាម៉េរិកប្រចាំនៅមជ្ឈិមបូព៌ា (Centcom) បានឲ្យដឹងថា ការវាយ​ប្រហារ​នេះ ធ្វើ​ឡើង​បន្ទាប់ពីបានរកឃើញថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់កំពុងរៀបចំបាញ់​រ៉ូក្កែតផ្ទុក​មីន​ចូលទៅក្នុងច្រកសមុទ្រអ័រមូសនេះ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា មនុស្ស ៣នាក់​បានបាត់បង់ជីវិត និង ៧នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍នោះ។

ជាការឆ្លើយតប ប្រទេសអ៊ីរ៉ង់បានបាញ់ប្រហារដោយប្រើប្រាស់មីស៊ីល និងដ្រូន តម្រង់ទៅ​រក​គោលដៅ​របស់អាម៉េរិកនៅក្នុងប្រទេសហ្ស៊កដានី និងប្រទេសអារ៉ាប់រួម អេមីរ៉េត (UAE)។ កង​ឆ្មាំ​បដិវត្តន៍អ៊ីរ៉ង់ ក៏បានអះអាងពីការបាញ់ទម្លាក់ដ្រូនអាម៉េរិកចំនួន ២គ្រឿង នៅលើច្រក​សមុទ្រ​អ័រមូសផងដែរ។ ភ្លាមៗនោះ ប្រទេសហ្ស៉កដានីបានប្រកាសថា ខ្លួនបាន​បាញ់​ទម្លាក់​មីស៊ីល​ចំនួន ៨គ្រាប់ ដែលបានហោះចូលដែនអាកាសខ្លួន ខណៈដែលប្រទេសអារ៉ាបរួម អេមីរ៉េត​ បានថ្កោលទោសការប្រទូស្តរាយនេះថាជា «ការបង្កើនសភាពការណ៍តានតឹង​ដ៏គ្រោះ​ថ្នាក់»។ យ៉ាងណាមិញ យោធាអ៊ីរ៉ង់បានព្រមានខ្លាំងៗទៅកាន់ប្រទេសជិតខាងក្នុងតំបន់ថា នឹង​រងការវាយបកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើអនុញ្ញាតឲ្យអាម៉េរិកប្រើប្រាស់ទឹកដីរបស់ពួកគេ​ដើម្បី​វា​យប្រហារលើអ៊ីរ៉ង់។

ថ្លែងប្រាប់បណ្តាញព័ត៌មានហ្វ៉កញូ (Fox News) លោកដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា៖ «វា​នឹង​មានការឆ្លើយតប ហើយអាម៉េរិកនឹងវាយប្រហារយ៉ាងខ្លាំងក្លាទៅលើពួកគេ (អ៊ីរ៉ង់)»។

ផ្ទុយទៅវិញ ប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាស៊ូដ ពេហ្ស៊េស្គៀន (Massoud Pezeshkian) បាន​អះអាង​ថា ប្រទេសរបស់លោកមិនចង់ឱ្យមានសង្គ្រាមបន្តទៀតឡើយ ដោយលោកបញ្ជាក់ថា ការ​ពង្រីក​ជម្លោះមិនបានផ្តល់ផលប្រយោជន៍ឱ្យភាគីណាមួយក្នុងតំបន់នោះទេ ហើយទីក្រុង​តេអេរ៉ង់​នៅតែបន្តខិតខំប្រឹងប្រែងដើម្បីឈានទៅរកកិច្ចព្រមព្រៀង។ ក្នុងដំណើរទៅកាន់ប្រទេសគៀហ្គីស្តង់ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិ​ការ​សៀងហៃ (SCO) លោកពេហ្ស៊េស្គៀន បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកស្ហ៉េបា ស្ហ៉ារីហ្វ (Shehbaz Sharif) ដែលដើរតួជាអ្នកសម្របសម្រួលកិច្ចចរចាវាង​អាម៉េរិក និងអ៊ីរ៉ង់។

ការផ្ទុះអាវុធឡើងវិញដែលឈានចូលដល់ខែទី៧ ជាមួយនឹងភាពជាប់គាំងនៃកិច្ចចរចា បាន​ធ្វើ​ឲ្យទីផ្សារប្រេងពិភពលោកមានការរញ្ជួយយ៉ាងខ្លាំង។ តម្លៃប្រេងឆៅប្រភេទ (Brent) ដែល​ជាសូចនករ​អន្តរជាតិបានហក់ឡើងលើស ៩០ដុល្លារ ក្នុង ១បារ៉ែល។ ច្រកសមុទ្រអ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេង ១/៥ នៃតម្រូវការពិភពលោក ត្រូវបានទីក្រុងតេអេរ៉ង់បិទ​ស្ទើរតែ​ទាំង​ស្រុង ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងដោយសារការវាយប្រហាររួមគ្នារវាងអ៊ីស្រាអែល និង​អាម៉េរិក កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

 

Daily Program

Livesteam thumbnail
khmer popup image