គូស្វាមីភរិយាកាតូលិកជនជាតិដើមភាគតិចបង់ក្លាដែស ទទួលបានគ្រឿងឥស្សរិយយសពីសម្តេចប៉ាប
ដើម្បីទទួលស្គាល់ការដឹកនាំក្នុងនាមជាគ្រហស្ថ ការបំពេញសេវាកម្មផ្នែកអប់រំជំនឿ និងការអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិចអស់រយៈពេលជាច្រើនទសវត្សរ៍មកនោះ បុរីវ៉ាទីកង់បានប្រគល់គ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតមួយរបស់ខ្លួន ជូនដល់គូស្វាមីភរិយាកាតូលិកមួយគូ ដែលរស់នៅភាគឦសាននៃប្រទេសបង់ក្លាដែស។
អ្នកទាំងពីរ គឺលោក មីហៀរ ម៉ាទីន អាមរី (Mihir Martin Mree) និងភរិយាគឺលោកស្រី ម៉ាបែល ម៉ាថា ដារូ (Mabel Martha Daru) គ្រិស្តបរិស័ទនៅភូមិភាគ មីមេនស៊ីង (Mymensingh)។
គ្រឿងឥស្សរិយយសដែលអ្នកទាំងពីរបានទទួល មានឈ្មោះថា «Croce Pro Ecclesia et Pontifice»។ គ្រឿងឥស្សរិយយសដ៏មានកិត្តិយសនេះ ត្រូវបានប្រគល់ជូនក្នុងអំឡុងពេលពិធីអភិបូជាពិសេសមួយ កាលពីថ្ងៃទី១៧ ខែតុលា នៅព្រះវិហារក្នុងភូមិភាគនេះផ្ទាល់ ដែលជាតំបន់ជាប់ព្រំដែនរដ្ឋមេកាឡាយ៉ា (Meghalaya) នៃប្រទេសឥណ្ឌា និងជាកន្លែងដែលមានសហគមន៍កាតូលិកជនជាតិដើមភាគតិចយ៉ាងរស់រវើក។
នាឱកាសនោះ លោកអគ្គអភិបាល ខេវិន រ៉េនដាល (Kevin Randall) តំណាងសម្តេចប៉ាបប្រចាំប្រទេសបង់ក្លាដែស និងលោកអភិបាល ប៉ូណេន ប៉ូល គូប៊ី (Ponen Paul Kubi) នៃភូមិភាគ មីមេនស៊ីង បានប្រគល់ប័ណ្ណសរសើរ និងគ្រឿងឥស្សរិយយសពីបុរីវ៉ាទីកង់ ជូនដល់ពួកគាត់ នៅចំពោះមុខគ្រិស្តបរិស័ទ និងបព្វជិតរាប់រយនាក់ដែលបានចូលរួម។
លោកនិងលោកស្រី បានបម្រើការងារអស់រយៈពេល ១៩ ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២៣ ក្នុងតួនាទីជាអនុប្រធានក្រុមប្រឹក្សាព្រះសហគមន៍មូលដ្ឋាន។ ក្នុងអំឡុងពេលកាន់តំណែងនេះ ពួកគាត់បានសម្របសម្រួលកម្មវិធីអប់រំជំនឿ ការរៀបចំពិធីបុណ្យសាសនាធំៗ ជួយសម្របសម្រួលក្នុងពិធីបួសជាបព្វជិតចំនួន ៦រូប សម្រាប់ភូមិភាគ និងបានណែនាំយុវជនក្នុងតំបន់ឱ្យស្វែងយល់ពីការត្រាស់ហៅឱ្យបម្រើព្រះជាម្ចាស់ផងដែរ។
ក្រៅពីការងារផ្នែកអប់រំជំនឿ អ្នកទាំងពីរបានដឹកនាំការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់នោះផងដែរ។ ក្នុងនាមជាប្រធានសហភាពឥណទានសហករណ៍ អ្នកទាំងពីរបានពង្រីកចំនួនសមាជិកពី ៩០០ នាក់ ទៅដល់ ៤.៥០០ នាក់ ដែលជួយពង្រឹងស្ថិរភាពហិរញ្ញវត្ថុសម្រាប់គ្រួសារកាតូលិកក្នុងតំបន់។ លើសពីនេះ លោកក៏បានបំពេញការងារវិជ្ជាជីវៈជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍ជាមួយអង្គការ World Vision ប្រចាំប្រទេសបង់ក្លាដែសទៀតផង។
