គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ដាក់ញត្តិបន្ទាន់ ពាក់ព័ន្ធកម្លាំងយោធាថៃ បន្តឈ្លានពាន មកលើដែន អធិបតេយ្យភាពរបស់កម្ពុជា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញត្តិបន្ទាន់ទៅ ឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ, ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក និងស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យ ក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា ពាក់ព័ន្ធនឹងករណីការប្រើប្រាស់ កម្លាំងយោធារបស់ថៃ បន្តឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា។
សេចក្ដីថ្លែងការណ៍នៅថ្ងៃទី០៩ ខែធ្នូនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា នៅក្នុងញត្តិបន្ទាន់នោះ គ.ស.ម.កបានអំពាវនាវ និងលើកសំណើមួយចំនួន ដូចខាងក្រោម៖ ១. ចេញញត្តិថ្កោលទោសចំពោះអំពើរបស់យោធាថៃ។ ២. ធ្វើការស៊ើបអង្កេតឬ វាយតម្លៃ ដោយឯករាជ្យ មិនលម្អៀង ចំពោះស្ថានភាពសិទ្ធិមនុស្ស ដែល រួមបញ្ចូលទាំងផលប៉ះពាល់ដល់ប្រជាជន ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងជនភៀសសឹក។ ៣. ទាក់ទងផ្ទាល់ទៅរដ្ឋាភិបាលប្រទេសថៃឱ្យបញ្ឈប់អំពើឈ្លានពាន។ ៤. ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធរបស់អង្គការ សហប្រជាជាតិ ក្នុងការតាមដាន ប្រមូលឯកសារ និងរាយការណ៍ លើការរំលោភសិទ្ធិមនុស្ស ជាពិសេសការប្រើប្រាស់ផ្សែងពុលនិងកម្លាំងយោធាមកលើប្រជាជន។ ៥. ឱ្យប្រទេសថៃសហការឱ្យបានពេញលេញជាមួយនឹងយន្តការអន្តរជាតិ ជាពិសេសការស៊ើប អង្កេត និងការទទួលខុសត្រូវចំពោះការរំលោភបំពានច្បាប់អន្តរជាតិ។ ៦. គាំទ្រជំនួយមនុស្សធម៌ចំពោះប្រជាជនរងគ្រោះ ជាពិសេសជនភៀសសឹក និងជនរងរបួសពីការវាយប្រហារ។ ៧. លើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬនីតិវិធីពិសេស ពាក់ព័ន្ធនានា។ ៨. ឱ្យប្រទេសថៃដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង១៨នាក់ ជាបន្ទាន់និង ដោយគ្មានលក្ខខណ្ឌ។
ជាមួយគ្នានេះដែរ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានបញ្ជាក់ពីជំហររបស់ប្រទេសកម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធិមនុស្សអន្តរជាតិ និងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យប្រទេសថៃ ទទួលខុសត្រូវទាំងស្រុង និងចាត់វិធានការជាបន្ទាន់ ដើម្បីធានាយុត្តិធម៌ជូនជនរងគ្រោះ និងការការពារជនស៊ីវិលទាំងអស់នៅតាមព្រំដែន កម្ពុជា-ថៃ៕