ក្រុមគ្រួសារអ្នកស្រឡាញ់ឈើឆ្កាងព្រះយេស៊ូទទួលសមាជិកថ្មី
កាលពីថ្ងៃទី០១ ខែឧសភា នេះក្រុមគ្រួសារអ្នកស្រឡាញ់ឈើឆ្កាងព្រះយេស៊ូបានរៀបចំពិធីទទួលពាក្យសច្ចាប្រណិធានរបស់យុវតីម្នាក់ឈ្មោះ តេរេសា ឃឹម សុខា ជាលើកដំបូង នៅក្រុងកំពង់ចាម ក្រោមអធិបតីភាពរបស់លោកសិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពងចាម ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ។
ក្នុងធម្មទេសនាលោក សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម បានថ្លែងអំណរគុណដល់ក្រុមគ្រួសាររបស់បងស្រី តេរេសា ឃឹម សុខា ដែលបានចូលរួមក្នុងកម្មវិធីនៅថ្ងៃនេះ និងបានប្រគល់កូនស្រីចូលក្រុមអ្នកបួសក្នុងភូមិភាគកំពង់ចាម។
លោកអភិបាលបានបន្តថា ការ«ថ្វាយខ្លួនទៅព្រះជាម្ចាស់ ជាជំហានមួយដ៏សំខាន់ក្នុងជីវិត។ ការសម្រេចចិត្តរស់នៅរក្សាសព្រហ្មចារិនី រស់នៅដោយភាពក្រីក្រនិងស្តាប់បង្គាប់ ជារបៀបរស់នៅនាំឲ្យអ្នកដទៃឆ្ងល់ដែរ»។
លោកអភិបាលបន្ថែមថា ថ្ងៃនេះ ដូនជីសុខាបានប្រកាសពាក្យសច្ចាដោយស្ម័គ្រចិត្តនិងសេរីភាព និងដោយមានសេចក្តីស្រឡាញ់។ លោកថា «ទោះបីយើងថ្វាយខ្លួននិងអ្វីៗទាំងអស់ដែលយើងមាន បើអត់មានសេចក្តីស្រឡាញ់គឺអត់មានន័យទេ»។
លោកអភិបាលបានឲ្យគ្រីស្តបរិស័ទទាំងអស់ចាប់អារម្មណ៍អំពីតម្លៃកិច្ចការដែលម្នាក់ៗត្រូវធ្វើ។ លោកប្រាប់ថា
ទោះបីការងារណាតូចតាចក៏ដោយ ឲ្យតែយើងធ្វើកិច្ចការនោះដោយចិត្តស្រឡាញ់ ដោយចិត្តស្មោះ ដោយភាពសុចរិតការងារនោះនឹងមានតម្លៃ ជាការងារដែលចូលរួមជាមួយព្រះជាម្ចាស់ ក្នុងការកសាងពិភពលោក។
ដូនជី តេរេសា ឃឹម សុខា បានឲ្យដឹងថា គាត់ពិតជាមានអំណរសប្បាយ និងរំភើបចំពោះការថ្វាយពាក្យសច្ចាក្នុងក្រុមគ្រួសារអ្នកស្រឡាញ់ឈើឆ្កាងព្រះយេស៊ូក្នុងភូមិភាគកំពង់ចាមនេះ។
បព្វជិតាសុខាបន្ថែមថា នេះប្រហែល «មកពីក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ប្រទានឲ្យ ដែលផ្តល់ឱកាសឲ្យខ្ញុំដើរផ្លូវនេះម្តងទៀត។»
ដូនជីសុខាធ្លាប់រៀនបួស និងបានថ្វាយពាក្យសច្ចាប្រណិធានម្តងរួចមកហើយក្នុងក្រុមគ្រួសារព្រះមាលា ដែលមានប្រភពពីប្រទេសបារាំង និងដែលមានបេសកកម្មនៅក្នុងប្រទេសកម្ពុជានិងអាហ្វ្រិក។ ក្រុមគ្រួសារបព្វជិតានេះបានបិទបេសកកម្មព្រោះគ្មានសមាជិកចូលរួមកាលពីឆ្នាំ២០១៩។
ដូនជីថ្មីវ័យ៣០ឆ្នាំរូបនេះ បន្តថា៖ «ពេលធ្វើជាបងស្រី គឺខ្ញុំចង់បម្រើព្រះសហគមន៍នៅស្រុកខ្មែរ ដោយសារនៅស្រុកខ្មែរ បងស្រីជាជនជាតិខ្មែរមានតិចណាស់ ដូច្នេះ ក្រុមគ្រួសារបងស្រីស្រឡាញ់ឈើឆ្កាងនេះជាក្រុមបងស្រីខ្មែរ នាំឲ្យខ្ញុំចង់ចូលរួម និងថ្វាយជីវិតក្នុងបេសកកម្មនេះ»។
ឆ្លងកាត់ជីវិតជាអ្នកបួស ហើយត្រូវបានរៀនសូត្រសាឡើងវិញ ដូនជីរូបនេះបានឲ្យដឹងថា គាត់រងនូវសម្ពាធផ្លូវចិត្តក៏ច្រើនដែរ «យ៉ាងណាក៏ដោយទាំងអស់នេះជាគម្រោងការរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានធ្វើឲ្យខ្ញុំមើលឃើញថា ខ្ញុំមិនត្រូវអួតខ្លួនថាជាបងស្រីពីមុនមក ខ្ញុំត្រូវតែបន្ទាបខ្លួនដើម្បីទទួលព្រះយេស៊ូ។»
ក្នុងកិច្ចការបម្រើព្រះជាម្ចាស់ ដូនជីរូបនេះ បានប្រាប់ទៀតថា គាត់នឹងប្រើប្រាស់អំណោយទានរបស់ព្រះជាម្ចាស់ដែលបានប្រទានឲ្យគាត់ឲ្យអស់ពីលទ្ធភាព។ គាត់និយាយទៀតថា «ខ្ញុំមានតែជំនឿ និងសេចក្តីស្រឡាញ់ ក្នុងការប្រកាសដំណឹងល្អតែប៉ុណ្ណោះ។»
តេរេសា ឃឹម សុខា កើតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៨៤ ដែលមានស្រុកកំណើតនៅភូមិ សាមគ្គី សង្កត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ឪពុកឈ្មោះ យ៉ូហាន បូល ទី២ ឃឹម សាខន ម្តាយឈ្មោះ ម៉ារី សារាយ អូន ដែលមានកូនចំនួន៤នាក់ ក្នុងនោះដូនជី សុខា ជាកូនច្បង។ គាត់ទទួលអគ្គសញ្ញាជ្រមុជទឹក នៅថ្ងៃទី១១ មេសា ឆ្នាំ២០០៩។ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ បងស្រីបានថ្វាយពាក្យសច្ចាលើកទី១ក្នុងក្រុមគ្រួសារបងស្រីព្រះមាលា ។ ឆ្នាំ២០១៩-២០២១ គាត់ធ្វើជាអ្នកស្ម័គ្រនៅតាមព្រះសហគមន៍នានាដើម្បីបន្តស្វែងរកការត្រាស់ហៅរបស់ខ្លួន។ នៅខែកក្កដា ឆ្នាំ២០២១ យុវតីរូបនេះបានសម្រេចចិត្តចូលផ្ទះណូវីសនៃក្រុមអ្នកស្រឡាញ់ឈើឆ្កាងព្រះយេស៊ូក្នុងភូមិភាគកំពង់ចាម។
លោក យ៉ូហាន ប៉ូល ឃឹម សាខន ជាឪពុក បាននិយាយថា ក្នុងនាមជាឪពុក ជាម្តាយតំណាងឲ្យក្រុមគ្រួសារទាំងមូល លោកពិតជាសប្បាយ និងរំភើបចិត្តយ៉ាងខ្លាំង ដែលកូនស្រីបានធ្វើពីធីសច្ចាលើកដំបូង។ លោកបានប្រាប់ទៀតថា៖ «ក្នុងនាមជាឪពុក ខ្ញុំសូមលើកទឹកចិត្តកូនស្រី ឲ្យតាំងចិត្តធ្វើជាបងស្រី រហូតដល់ចុងបញ្ចប់នៃជីវិតក៏នៅបន្តរស់នៅជាបងស្រី»។
ដូនជី ម៉ារី អាង សង្វាត ជាប្រធានក្រុមគ្រួសារអ្នកស្រឡាញ់ឈើឆ្កាងព្រះយេស៊ូនៅប្រទេសកម្ពុជា ឲ្យដឹងថា ក្នុងនាមជាសមាជិកក្រុមអ្នកបួស យើងទាំងអស់គ្នាទទួលដូនជីសុខា ដូចជាប្អូនរបស់យើង ជួយដាស់តឿន និងលើកទឹកចិត្តនៅពេលគាត់ធ្លាក់ទឹកចិត្ត និងជួយគាត់បន្តការសិក្សាតាមសមត្ថភាពដែលគាត់អាចធ្វើបាន ជាពិសេសជីវិតខាងផ្លូវវិញ្ញាណក្នុងក្រុម។
ដូនជីប្រធានបន្តថា ក្រោយពេលថ្វាយពាក្យសច្ចារួច ដូនជីសុខា នឹងទៅបម្រើការងារនៅព្រះសហគមន៍ខេត្តក្រចេះ រួមជាមួយសមាជិកក្រុមម្នាក់ទៀត។
ក្រុមគ្រួសារអ្នកស្រឡាញ់ឈើឆ្កាងព្រះយេស៊ូ មានបេសកកម្ម ជួយកិច្ចការក្នុងព្រះសហគមន៍ និងសហការជាមួយលោកបូជាចារ្យទទួលខុសត្រូវក្នុងព្រះសហគមន៍ ជួយក្នុងវិស័យសិក្សាធិការរបស់ព្រះសហគមន៍ដែលមានដូចជាសាលាមេត្តយ្យ វិទ្យាល័យ និងមណ្ឌលស្នាក់នៅរបស់សិស្ស អប់រំជំនឿ និងការងារមួយចំនួនដែលជាតម្រូវការរបស់ព្រះសហគមន៍។
ក្រុមគ្រួសារបងស្រីស្រឡាញ់ឈើឆ្កាងក្នុងភូមិភាគកំពង់ចាមចាប់ផ្តើមឡើងនៅឆ្នាំ១៩៩៣ ដោយមានដូនជីជនជាតិថៃ២នាក់មកពីភូមិភាគអ៊ូប៊ុនរ៉ាចឆាថានី។ ក្រោយមកនៅឆ្នាំ ១៩៩៨ ម៉ារី អាង សង្វាត និង តេរេសា សួន ប៊ុនថារីន បានស្ម័គ្រចិត្តចូលទទួលការអប់រំជាជីវិតអ្នកបួស តាមធម្មនុញ្ញនៃក្រុមគ្រួសារស្រឡាញ់ព្រះឈើឆ្កាង ក្រោមការណែនាំនិងគាំទ្រ ដោយលោក អន់ដ្រេលឺស្វេស អតីតអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម។ រហូតដល់ពេលបច្ចុប្បន្ននេះ ក្រុមគ្រួសារអ្នកស្រឡាញ់ឈើឆ្កាងព្រះយេស៊ូក្នុងភូមិភាគកំពង់ចាមមានដូនជីសរុបចំនួន៩នាក់ ដែលក្នុងនោះអ្នកបានថ្វាយពាក្យសច្ចានិរន្តរ៍មានចំនួន៤នាក់៕
ដោយ៖ម៉េង ភីឡុង