ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគម្រោងគំនិតផ្តួចផ្តើមសុវត្ថិភាពជីវិត និងអគារ ពិភាក្សាវិធីបង្កើនស្តង់ដារសុវត្ថិភាពរោងចក្រនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានទទួលជួបតំណាងមកពីគម្រោងគំនិតផ្តួចផ្តើមសុវត្ថិភាពជីវិត និងអគារ (LABS) ដឹកនាំដោយនាយកប្រតិបត្តិ លោក Emerald Am និងបានពិភាក្សាអំពីការលើកកម្ពស់សុវត្ថិភាពរោងចក្រនៅកម្ពុជា។
ក្នុងជំនួបកាលពីសប្តាហ៍មុន លោក Emerald Am បានលើកឡើងពីបេសកកម្មរបស់ LABS និងបំណងប្រាថ្នារបស់ខ្លួនក្នុងការធ្វើយ៉ាងណាទាក់ទាញឱ្យម៉ាកយីហោកំពូលៗ ដូចជា GAP និង Nike ពេញចិត្តនឹងស្តង់ដារសុវត្ថិភាពរោងចក្ររបស់កម្ពុជា ដើម្បីជំរុញឱ្យក្រមហ៊ុនទាំងនេះបន្តបញ្ជាទិញនិងគាំទ្រការផលិត និងបង្កើតរោងចក្រកាន់តែច្រើននៅក្នុងប្រទេស។
លោកបានថ្លែងថា ៖ «គំនិតផ្តួចផ្តើម LABS ផ្តោតលើការលុបបំបាត់គ្រោះថ្នាក់បណ្ដាលមកពីចរន្តអគ្គិសនី គ្រោះអគ្គីភ័យ និងហានិភ័យសុវត្ថិភាពរចនាសម្ព័ន្ធដែលអាចបង្ការបាន នៅក្នុងឧស្សាហកម្មកាត់ដេរ ស្បែកជើង និងផលិតសម្ភារប្រើប្រាស់»។
ដោយមានប្រតិបត្តិការនៅក្នុងប្រទេសដែលមានរោងចក្រច្រើន ដូចជាឥណ្ឌូនេស៊ី កម្ពុជា ឥណ្ឌា និងវៀតណាម បច្ចុប្បន្ន LABS បានជួយគាំទ្រកម្មករជាង១លាននាក់នៅក្នុងរោងចក្រចំនួន ៥១៩ ចាប់តាំងពីស្ថាប័ននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩។ ជាមួយនឹងអត្រាកែលម្អសុវត្ថិភាពជារួម ៨១% និងការរកឃើញហានិភ័យជាមធ្យមចំនួន ៤៣ ក្នុងមួយរោងចក្រ LABS បានដើរតួយ៉ាងសំខាន់ក្នុងការកំណត់ និងអនុវត្តស្តង់ដារសុវត្ថិភាព ដោយសហការជាមួយស្ថាប័នរដ្ឋាភិបាល សមាគមឧស្សាហកម្ម និងក្រុមហ៊ុនអធិការកិច្ច។
នាឱកាសនោះដែរ លោក ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនៃកិច្ចសហការនេះ និងបានជម្រាបជូនថា ច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មកំពុងស្ថិតក្នុងការពិនិត្យកែលម្អ ដើម្បីបំពេញតម្រូវការដែលកាន់តែតឹងរ៉ឹងរបស់ម៉ាកយីហោធំៗរបស់ពិភពលោក ហើយក្រមអគារជាតិក៏នឹងត្រូវបានរៀបចំឡើង ដែលក្រមនេះនឹងមានសារៈសំខាន់សម្រាប់ការធានាសុវត្ថិភាពរោងចក្រផងដែរ។
លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុលោមតាមស្តង់ដារសុវត្ថិភាព ព្រោះវានឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះរោងចក្រ និងបង្កើនការទុកចិត្ត ព្រមទាំងបានលើកទឹកចិត្ត LABS ឱ្យសហការជាមួយរោងចក្រកាន់តែច្រើនបន្ថែមទៀត ដើម្បីបង្កើនចំនួនរោងចក្រដែលបញ្ចប់កម្មវិធីរបស់ខ្លួន ក៏ដូចជាដើម្បីលើកកម្ពស់ស្តង់ដារសុវត្ថិភាពរោចក្រជារួម។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ៖ «ក្រសួងបាន និងកំពុងជំរុញការពង្រឹងអនុលោមភាពតាមបទប្បញ្ញត្តិសុវត្ថិភាព និងបានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់រោងចក្រជាបន្តបន្ទាប់។ ក្រសួងរីករាយសហការដោយប្រើប្រាស់ជំនាញរបស់ LABS ដើម្បីពង្រឹងស្តង់ដារសុវត្ថិភាពរោងចក្របន្ថែមទៀត»៕