ក្រសួងអប់រំ ចេញវិធានការ អោយសិស្សមិនត្រូវប្រើទូរស័ព្ទក្នុងថ្នាក់រៀន ទោះក្នុងម៉ោងរៀន​និងម៉ោងសម្រាក

ដើម្បី​បន្ត​ពង្រឹង​ការ​អនុវត្ត​បទបញ្ជាផ្ទៃក្នុង នៅ​តាម​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​លើកកម្ពស់​ចរិយា​សម្បទា​របស់​សិស្ស ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ថា សិស្ស​មិន​ត្រូវ​ប្រើ​ទូរស័ព្ទ​ដៃ​ក្នុង​ថ្នាក់រៀន ទោះ​ក្នុង​ម៉ោង​រៀន ឬ​ម៉ោង​ចេញលេង លុះត្រាតែ​មានការ​អនុញ្ញាត ។ នេះ​បើ​យោង​តាម​សេចក្ដីណែនាំ​ស្ដី​ពី​ការ​ពង្រឹង​ការ​អនុវត្ដ​បទបញ្ជាផ្ទៃក្នុង នៅ​តាម​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ ដើម្បី​លើកកម្ពស់​ចរិយា​សម្បទា​របស់​សិស្ស ចេញផ្សាយ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥ ។

យោង​តាម​សេចក្ដីណែនាំ ការ​អប់រំ​ចរិយា​សម្បទា​របស់​អ្នក​សិក្សា គឺជា​ភារកិច្ច និង​ទាមទារ​ការ​ចូលរួម​របស់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ រួម​មាន ៖ គណៈ​គ្រប់គ្រង​សាលារៀន គ្រូបង្រៀន មាតាបិតា អ្នក​អាណាព្យាបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​ដូច​ជា សង្គម​ជាតិ​ទាំងមូល ។

ក្រសួង​បន្ដ​ថា សិស្សានុសិស្ស​ត្រូវ​គោរព​តាម​បទបញ្ជាផ្ទៃក្នុង​របស់​គ្រឹះស្ថានសិក្សា និង​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​គោរព​សិទ្ធិ​អ្នក​ដទៃ ព្រមទាំង​រក្សា​ភាព​ថ្លៃថ្នូរ សីលធម៌ និង​សុជីវធម៌ ។

ក្រសួង​គូសបញ្ជាក់​ថា «​អនុវត្ត​តាម​កម្មវិធី​សិក្សា និង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា ដែល​គ្រឹះស្ថានសិក្សា​បាន​កំណត់​ដូច​ជា ចូលរួម​ស្តាប់​កម្មវិធី​សំដែង​ធម៌​ទេសនា ឬ​ប​ឋ​កថា​អំពី​សីលធម៌ ឬ​សុជីវធម៌ ។ មិន​ត្រូវ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​ថ្នាក់រៀន ទោះ​ក្នុង​ម៉ោង​រៀន ឬ​ម៉ោង​ចេញលេង លើកលែងតែ​មានការ​អនុញ្ញាត ។ មិន​ត្រូវ​លេងល្បែង​ស៊ីសង ឬ​ល្បែងភ្នាល់​គ្រប់​ប្រភេទ​នៅ​ក្នុង​គ្រឹះស្ថានសិក្សា ។ មិន​ត្រូវ​ជក់បារី​គ្រប់​ប្រភេទ​នៅ​ក្នុង​គ្រឹះស្ថានសិក្សា​» ។

ក្រសួង​ក៏​បាន​លើក​ឡើង​ថា គ្រូ​ទទួល​បន្ទុក​ថ្នាក់ និង​គ្រូបង្រៀន​ត្រូវ​បង្កើត​គណៈកម្មការ​គ្រប់គ្រង​ថ្នាក់រៀន , បង្កើត​ប្រព័ន្ធ​ទំនាក់ទំនង​ជាមួយ​មាតាបិតា ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​អវត្តមាន ឬ​ហេតុការណ៍​ផ្សេង​ៗ​ដែល​កើតឡើង​ចំពោះ​សិស្ស​ទៅ​ដល់​មាតាបិតា ឬ​អ្នក​អាណាព្យាបាល បញ្ញា​ប​ការ​អប់រំ​សីលធម៌ និង​សុជីវធម៌​ដល់​សិស្ស​ក្នុង​ម៉ោង​បង្រៀន និង​អង្កេត​មើល​សកម្មភាព​របស់​សិស្ស​ជាប់​ជា​ប្រចាំ ដោយ​ផ្តល់​មតិ​កែ​លម្អ​នៅ​ពេល​ដែល​ឃើញ​មាន​កំហុសឆ្គង ឬ​ភាព​មិន​ប្រក្រតី​ណាមួយ ។

សហការ​ផ្តល់​ព័ត៌មាន និង​រក​ដំណោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​បង្ការ​និង​ទប់ស្កាត់​អ្នក​សិក្សា​កុំឱ្យ​ប្រព្រឹត្ត​សកម្មភាព​មិន​ប្រក្រតី​ផ្តល់​មូលវិចារណ៍​អំពី​ចរិយា​សម្បទា​របស់​សិស្ស​នៅ​ក្នុង​សៀវភៅ​តាមដាន​ការ​សិក្សា និង​សៀវភៅ សិក្ខាគារិក ។

ក្រសួង​អប់រំ ក៏​ស្នើ​ឲ្យ​មាតាបិតា ឬ​អ្នក​អាណាព្យាបាល និង​សហគមន៍​ធ្វើ​សហការ​ចូលរួម និង​ផ្តល់​ការ​គាំទ្រ​កម្មវិធី​អប់រំ ការ​ប្រឹក្សា សកម្មភាព​សង្គម សកម្មភាព​លើកកម្ពស់ វប្បធម៌​សន្តិភាព កម្មវិធី​សំដែង​ធម៌​ទេសនា ប​ឋ​កថា​អំពី​សីលធម៌​ឬ​សុជីវធម៌ ដែល​រៀបចំ​ដោយ​គណៈ​គ្រប់គ្រង​សាលារៀន ។ ពិនិត្យ​មើល​សកម្មភាព​រស់នៅ​របស់​កូនចៅ ជា​ពិសេស​ការ​អប់រំ​ឱ្យ​ចៀស​ឆ្ងាយ​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន ការ​ជក់បារី និង​ការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ ។

លើស​ពី​នេះ ត្រូវ​តាមដាន​ការ​សិក្សា ដោយ​ត្រូវ​សួរនាំ និង​ណែនាំ​កូនចៅ​នៅ​ពេល​មាន​កំហុស ។ សហការ​ជាមួយ​សាលារៀន ដោយ​ចូលរួម​កិច្ចប្រជុំ និង​សហការ​ជាមួយ​គ្រូបង្រៀន ដើម្បី​ដោះស្រាយ​បញ្ហា និង​លើកទឹកចិត្ត​កូនចៅ ៕

 

Daily Program

Livesteam thumbnail