ក្រសួងការពារជាតិ ថៃគ្មានសិទ្ធិហាមពលរដ្ឋខ្មែរមិនឱ្យពាក់ក្រមាមានរូបទង់ជាតិទស្សនាប្រាសាទតាក្របី
អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងចាត់ទុកសកម្មភាពរារាំងមិនឱ្យភ្ញៀវទេសចរកម្ពុជាបង់ក្រមាអមជាមួយមានរចនាប៉ាក់រូបទង់ជាតិកម្ពុជានៅពីលើ នៅប្រាសាទតាក្របី គឺទង្វើបំពានច្បាប់ទម្លាប់ និងកិច្ចព្រមព្រៀងគ្នារបស់កងកម្លាំងកម្ពុជា និងថៃ និង បានអំពាវនាវឱ្យកងទ័ពថៃ កំពុងឈរជើងនៅប្រាសាទតាក្របីអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និង ការទទួសខុសត្រូវ ស្របតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នា។ប្រតិកម្មនេះ គឺបន្ទាប់ពីមានការប៉ះទង្គិចសម្តីគ្នា ពេលដែលភ្ញៀវទេសចរកម្ពុជា និងថៃបានចូលទៅទស្សនាប្រាសាទតាក្របី។
នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ កាលពីវេលាម៉ោង ១៦:៣០នាទី ពេលដែលភ្ញៀវទេសចរកម្ពុជា និង ថៃបានចូលទៅទស្សនាប្រាសាទតាក្របី, នៅពេលកំពុងដើរទស្សនា និង ថតរូបកម្សាន្ត ក៏ស្រាប់តែអ្នកទេសចរជនជាតិថៃ មកហាមឃាត់អ្នកទេសចរជនជាតិកម្ពុជាមិនឱ្យថតរូបអនុស្សាវរីយ៍ និងបានសម្តែងអាកប្បកិរិយាចង់ប្រើហិង្សាមកលើអ្នកទេសចរកម្ពុជាថែមទៀត ព្រោះថាអ្នកទេសចរកម្ពុជាមានបង់កក្រមាដែលមានរចនាប៉ាក់រូបទង់ជាតិកម្ពុជានៅពីលើ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានថ្លែងចាត់ទុក អាកប្បកិរិយារបស់ជនជាតិថៃ និងទាហានថៃ គឺមិនស្គាល់ច្បាប់ទម្លាប់ ហើយធ្វើនេះ គឺផ្ទុយស្រឡះទាំងស្រុងពីអ្វីដែលកងកម្លាំងកម្ពុជា និងទាហានថៃដែលឈរជើងនៅទីនោះបានដឹង និង ព្រមព្រៀងគ្នាកន្លងមក។
បើតាមលោកស្រី ម៉ាលី សុជាតា អំឡុងពេលប្រជាពលរដ្ឋទាំងពីរភាគីកំពុងប្រកែកគ្នា ក៏ស្រាប់តែមានទាហានឈុតខ្មៅថៃ ៥នាក់ និង ទាហានឯកសណ្ឋានប៉ារ៉ាថៃ ៥នាក់ បានឡើងមកប្រើពាក្យសម្តីខ្លាំងៗមកលើប្រជាពលរដ្ឋខ្មែរថែមទៀត ហើយក្នុងចំណោមទាហានថៃដែលប្រតិកម្មខ្លាំងមកលើប្រជាពលរដ្ឋខ្មែរនោះ គឺជាកម្លាំងដែលមិនមានភារកិច្ចឈរជើងប្រចាំការនៅលើប្រាសាទទេ គឺគ្រាន់តែជួយជូនភ្ញៀវទេសចរជនជាតិថៃឡើងមកប៉ុណ្ណោះដោយមិនបានក្តាប់ព័ត៌មានពេញលេញ ទើបបណ្តាលឱ្យស្ថានភាពកាន់តែតានតឹងឡើង។
លោកស្រីបន្យល់ថា ដោយឃើញស្ថានការណ៍នៃការប៉ះទង្គិចគ្នានេះ កងទ័ពកម្ពុជាចំនួន១០នាក់ មានភារកិច្ចឈរជើងការពារ និង សម្របសម្រួលនៅលើប្រាសាទតាក្របី បានធ្វើអន្តរាគមន៍ ដោះស្រាយសម្របសម្រួលភ្លាមៗ និង ប្រាប់ទៅទាហានថៃទាំងនោះថា ការលើកឡើងនេះពុំមាននៅក្នុងចំណុចនៃការព្រមព្រៀងគ្នាជាមុនថាមិនឱ្យពាក់ក្រមាមានរូបទង់ជាតិនោះទេ ដូច្នេះពួកគេមិនអាចហាមឃាត់ប្រជាជនខ្មែរបានឡើយ ព្រោះកន្លងមកក៏មានភ្ញៀវទេសចរជនជាតិថៃមកលេងបានស្លៀកសម្លៀកបំពាក់មានរូបទង់ជាតិថៃយ៉ាងគគ្រឹកគគ្រេង។បន្ទាប់ពីការសម្របសម្រួល សភាពការណ៍ក៏បានស្ងប់ស្ងាត់ទៅវិញនៅវេលាម៉ោង ១៦:៥០នាទី។
ជាថ្មីម្តងទៀត ក្នុងនាមជាក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យកងទ័ពថៃ ដែលកំពុងឈរជើងនៅប្រាសាទតាក្របីអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងការទទួសខុសត្រូវ ស្របតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាហើយ។ កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅទីនោះនឹងបន្តអនុវត្តការងារប្រកបដោយភាពអត់ធ្មត់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងគោលបំណងបង្កបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អនៅតំបន់ប្រាសាទតាក្របី៕

Daily Program
