ការអធិដ្ឋានប្រចាំខែកុម្ភៈរបស់សម្តេចប៉ាប ផ្តោតលើជីវិតជាបព្វជិត-ជិតា

វ៉ាទីកង់ញូវបានរាយការណ៍ថា កម្មវិធីអធិដ្ឋានប្រចាំខែកុម្ភៈរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ត្រូវបានប្រកាសដោយផ្តោតជាពិសេសលើជីវិតជាបព្វជិតនិងបព្វជិតា។
ប្រភពដដែលបានបន្តថា សម្តេចប៉ាបនឹងអធិដ្ឋានដើម្បីឲ្យយុវជននិងយុវនារីនៅក្នុងសម័យបច្ចុប្បន្ននេះ រិះគិតឡើងវិញអំពីជីវិតជាបព្វជិត និងបព្វជិតាសម្រាប់បម្រើកិច្ចការនៅក្នុងព្រះសហគមន៍កាតូលិក និងសម្រាប់បម្រើគ្រីស្តបរិស័ទ។
សម្តេចប៉ាបមានបន្ទូលថា ទ្រង់នឹងអធិដ្ឋានដើម្បីទូលអង្វរឲ្យព្រះជាម្ចាស់ជួយឲ្យយុវជននិងយុវនារីជាគ្រីស្តបរិស័ទនានា បើកចិត្តនិងបេះដូងទទួលយកជីវិតជាបព្វជិតនិងបព្វជិតា។
កម្មវិធីនេះក៏នឹងជំរុញឱ្យគ្រីស្តបរិស័ទ អធិស្ឋានសម្រាប់យុវជន និងស្ត្រី ដើម្បីស្វាគមន៍ការត្រាស់ហៅរបស់ព្រះជាម្ចាស់ដើម្បីបន្តវេន។
សម្តេចប៉ាបក៏នឹងបានចែករំលែកនូវបទពិសោធនៃជីវិតរបស់ទ្រង់ តាំងតែពីវ័យ១៧ឆ្នាំថា ទ្រង់មានផែនការកសាងខ្លួនទៅជាអ្នកបម្រើព្រះសហគមន៍តាំងពីពេលនោះមក ប៉ុន្តែកាលនោះគឺទ្រង់មិនទាន់នឹកដល់ជីវិតជាបូជាចារ្យនៅឡើយទេ។
សម្តេចប៉ាបបានមានបន្ទូលបន្តថា រហូតដល់ថ្ងៃមួយនៅពេលដែលទ្រង់ចូលក្នុងព្រះវិហារ ស្រាប់តែមានកម្លាំងបណ្តាលចិត្ត ហើយរុញច្រានឲ្យទ្រង់ក្លាយជាបូជាចារ្យដើម្បីបម្រើគ្រីស្តបរិស័ទមកដល់ពេលបច្ចុប្បន្ននេះ៕
Daily Program
