ការសម្រេចចិត្តជាប្រវត្តិសាស្រ្ត ប្រតិកម្មបន្ទាប់ពីការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយប្រទេសបារាំង

ប្រតិកម្មនៅបារាំង និងអន្តរជាតិកើនឡើងខ្លាំង កាលពីថ្ងៃទី២២ ខែកញ្ញា បន្ទាប់ពីការប្រកាសជាផ្លូវការដោយលោកអេម៉ានូអេល ម៉ាក្រុង នៃការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយប្រទេសបារាំង នៅពេលបើកសមាជប្រចាំឆ្នាំនៃអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក។
បន្ទាប់ពីចក្រភពអង់គ្លេស កាណាដា អូស្រ្តាលី និងព័រទុយហ្គាល់ ដល់វេនបារាំង ដែលបានទទួលស្គាល់ជាផ្លូវការ នៃរដ្ឋប៉ាឡេស្ទីន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ ការប្រកាសនេះ ក៏បានបង្កឲ្យមានប្រតិកម្មជាច្រើនភ្លាមៗ នៅបារាំង ក៏ដូចជា នៅបរទេស។
អាជ្ញាធរប៉ាឡេស្ទីន បានមានប្រតិកម្មក្រោយបន្តិចក្រោយមកភ្លាមចំពោះសេចក្តីថ្លែងការណ៍នៃប្រធានាធិបតីបារាំងនៅអង្គការសហប្រជាជាតិ និងស្វាគមន៍សម្រាប់ការសម្រេចចិត្តជាប្រវត្តិសាស្រ្ត និងប្រកបដោយភាពក្លាហាននេះ។ នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងកិច្ចការបរទេសប៉ាឡេស្ទីនបានអបអរសាទរ នៃការទទួលស្គាល់ពីសាធារណរដ្ឋបារាំងជាមិត្តនៃរដ្ឋប៉ាឡេស្ទីន និងចាត់ទុកការទទួលស្គាល់នេះជាការសម្រេចចិត្តជាប្រវត្តិសាស្រ្ត និងក្លាហានស្របតាមច្បាប់អន្តរជាតិ និងដំណោះស្រាយនៃអង្គការសហប្រជាជាតិ ហើយក៏គាំទ្រកិច្ចខិតខំប្រឹងប្រែងដែលដាក់ចេញដើម្បីឈានទៅរកសន្តិភាព ក៏ដូចជាការដាក់ឲ្យដំណើរការនូវដំណោះស្រាយរដ្ឋពីរ។ ក្រសួងការបរទេសប៉ាឡេស្ទីន ក៏បានសាទរនូវតួនាទីជាគ្រឹះដែលដើរតួដោយបារាំង និងប្រធានាធិបតីម៉ាក្រុង និងជំរុញឲ្យរដ្ឋនានាជាច្រើនទៀតឲ្យធ្វើការទទួលស្គាល់ដូចគ្នានេះ។
ចំណែកប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានអំពាវនាវឲ្យប្រទេសទាំងអស់ប្រកាន់យកនូវវិធានការជាប្រវត្តិសាស្រ្ដដូចគ្នាទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ លោកហ្វ៉ៃសាល់ បេន ហ្វាកហាណេ រដ្ឋមន្រ្តីក្រសួងការបរទេសអារ៉ាប៊ី សាអ៊ូឌីត បានថ្លែងថា ៖ “យើងអំពាវនាវឲ្យប្រទេសដទៃៗ ទៀត ចាត់វិធានការជាប្រវត្តិសាស្រ្តស្រដៀងៗ គ្នា ដែលនឹងផ្តល់ឥទ្ធិពលដ៏មានសារសំខាន់ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការដាក់ឲ្យដំណើរការនូវដំណោះស្រាយរដ្ឋពីរ និងឈានទៅរកសន្តិភាពពេញលេញនៅមជ្ឈិមបូព៌ា និងរកឃើញសច្ចភាពថ្មីដែលតំបន់អាចនឹងរីករាយនឹងសន្តិភាព ស្ថិរភាព និងភាពរុងរឿង”។
មានជំហរដែលចែករំលែកដោយប្រទេសជាច្រើន ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោកប្រាបូវ៉ូ ស៊ូប៊ីយ៉ង់តូ បានទទូចថា ៖ “យើងថ្កោលទោសរាល់អំពើហិង្សាដែលដាក់គោលដៅលើប្រជាជនស៊ីវិល ៖ មានតែដំណោះស្រាយរដ្ឋពីរទេ ដែលនឹងអាចនាំទៅរកសន្តិភាព។”
ព្រះមហាក្សត្រនៃប្រទេសហ្ស៉កដានី វាយតម្លៃថា ៖ “សព្វថ្ងៃពិភពលោកបោះជំហានដ៏មានសារសំខាន់លើផ្លូវនៃសន្តិភាពដែលមានយុត្តិធម៌ និងចីរភាព”។
ចំណែកលោកអន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាអង្គការសហប្រជាជាតិ បាននិយាយការពារសម្រាប់ដំណោះស្រាយរដ្ឋពីរ ដែលជាដំណោះស្រាយតែមួយដើម្បីបញ្ចប់សុបិនអាក្រក់។ លោកពន្យល់ថា ៖ “ពេលនេះ យើងនៅទីនេះដើម្បីចូលរួមចំណែកស្វែករកដំណោះស្រាយតែមួយគត់ដើម្បីបញ្ឈប់សុបិនអាក្រក់ គឺដំណោះស្រាយរដ្ឋពីរ រដ្ឋពីរដែលមានប្រជាធិបតេយ្យ អធិបតេយ្យ និងឯករាជ្យ គឺអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលរស់នៅជាមួយដោយសន្តិភាព និងសន្តិសុខ”។
ចំណែកសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានរិះគន់ការប្រកាសរបស់បារាំង មុនពេលសេចក្តីថ្លែងការណ៍ផ្លូវការរបស់ប្រធានាធិបតីបារាំង លោកអេម៉ានូអែល ម៉ាក្រុងទៅទៀត។
យោងតាមអ្នកនាំពាក្យសេតវិមានអាម៉រិក លោកស្រី ការ៉ូលីន លីវីត បានឲ្យដឹងថា ដោយជាសម្ព័ន្ធមិត្តដ៏សំខាន់នៃនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ លោកដូណាល់ ត្រាំ គិតថា នេះគឺជារង្វាន់សម្រាប់ក្រុមហាម៉ាស សម្រាប់ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
Daily Program
