ការរាំងខ្ទប់សេដ្ឋកិច្ច ការបង្កក់ទ្រព្យសម្បត្តិ... អ្វីដែលនឹងមកដល់សម្រាប់អ៊ីរ៉ង់ប្រសិនបើទណ្ឌកម្មនៃអង្គការសហប្រជាជាតិដាក់ឡើងវិញ

នៅថ្ងៃទី១៨ ខែតុលា ខាងមុខ អ៊ីរ៉ង់រងហានិភ័យនឹងការវិលត្រឡប់មកវិញនៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលកើតជាស្វ័យប្រវត្តិនៃវិធានការទណ្ឌកម្មប្រឆាំងនឹងទីក្រុងតេអេរ៉ង់ក្នុងករណីកង្វះខាតការគោរពកិច្ចព្រមព្រៀងអំពីនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥។ ដោយត្រូវបានថប់ដង្ហើមខាងហិរញ្ញវត្ថុរួចហើយដោយវិធានការរបស់អាម៉េរិក និងអឺរ៉ុប សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងអាចស្ថិតនៅក្នុងស្ថានភាពឯកាខាងការទូតច្រើនឡើងៗ។
អ៊ីរ៉ង់មានរូបភាពជាប្រទេសស្ថិតនៅក្នុងចំណោមប្រទេសដែលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរនៅលើពិភពលោក។ ប្រទេសនេះលិចចុះពីក្រោមស្រទាប់ជាច្រើននៃទណ្ឌកម្មដែលពូនកើនជាគំនរចាប់តាំងពីឆ្នាំ១៩៧៩ ដែលជាកាលបរិច្ឆេទនៃបដិវត្តន៍អ៊ីរ៉ង់។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅឆ្នាំ២០១៥ បានធ្វើឲ្យអង្គការសហប្រជាជាតិមានការដកទណ្ឌកម្មមួយផ្នែក ដែលបានផ្តល់ឲ្យអ៊ីរ៉ង់នូវភាពធូរស្រាលបានប៉ុន្មានឆ្នាំដែរ។ ប៉ុន្តែការដកខ្លួនរបស់សហរដ្ឋអាម៉េរិកនៅឆ្នាំ២០១៨ ក្រោមអណត្តិនៃប្រធានាធិតីដូណាល់ ត្រាំ បានបិទបញ្ចប់ភាពធូរស្រាលភ្លាមៗ។
ទីក្រុងវ៉ាស៊ីនតុន បានដាក់ទណ្ឌកម្មធ្ងន់ធ្ងរវាយប្រហារលើវិស័យប្រេង អាកាសចរណ៍ វិស័យរ៉ែ និងហាមឃាត់ការប្រើប្រាស់ប្រាក់ដុល្លារក្នុងការដោះដូរពាណិជ្ជកម្មជាមួយទីក្រុងតេអេរ៉ង់។
ក្រៅពីទណ្ឌកម្មរបស់អាម៉េរិក សហភាពអឺរ៉ុបបានដាក់នូវវិធានការទណ្ឌកម្មចម្រុះរបស់ខ្លួនលើអ៊ីរ៉ង់ដែរ ចាប់តាំងពីឆ្នាំ២០១១ ជាប្រតិកម្មឆ្លើយតបនឹងការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធមនុស្សដែលប្រទេសអ៊ីរ៉ងបានប្រព្រឹត្តិចាប់តាំងពីឆ្នាំ២០២២។ សហភាពអឺរ៉ុបក៏បានដាក់ទណ្ឌកម្មទីក្រុង តេអេរ៉ង់សម្រាប់សកម្មភាពរបស់ខ្លួននៃការសាយភាយនុយក្លេអ៊ែរ និងការគាំទ្រខាងយោធារបស់អ៊ីរ់ង់សម្រាប់សង្រ្គាមដែលដឹកនាំដោយរុស្ស៊ីប្រឆាំងអ៊ុយក្រែន។ ទណ្ឌកម្មទាំងអស់នេះបានបន្លាយពេលយ៉ាងហោចណាស់ដល់ខែមេសា ឆ្នាំ២០២៦។ ទណ្ឌកម្មក៏រួមបញ្ចូលមានជាអាទិ៍ការហាមឃាត់ការនាំចូលឧស្ម័នធម្មជាតិ និងប្រេងឆៅពីប្រទេសអ៊ីរ៉ង់ ការលក់អាវុធ និងសម្ភារៈយោធាឲ្យអ៊ីរ៉ង់ ដែលអាចប្រើប្រាស់ក្នុងការបង្រ្កាបផ្ទៃក្នុង ព្រមទាំងបិទការធ្វើពាណិជ្ជកម្មជាមួយអង្គភាពនានារបស់អ៊ីរ៉ង់ ដូចជា ឆ្មាំបដិវត្តជាដើម។ ហើយក៏មានទណ្ឌកម្មបន្ថែមពីលើវិស័យហិរញ្ញវត្ថុដ៏សំខាន់ដែលសំដៅលើធនាគារអ៊ីរ៉ង់ និងការដកប្រទេសនេះពីប្រព័ន្ធធនាគារពិភពលោក Swift ផងដែរ។
បន្តិចម្តងៗ រយៈពេលជាច្រើនឆ្នាំ ការពូនជាគំនរនៃវិធានការទណ្ឌកម្មបានធ្វើឲ្យឯកាទាំងស្រុងដល់របបអ៊ីរ៉ង់ពីហិរញ្ញវត្ថុនៃប្រព័ន្ធអន្តរជាតិ។
កាលពីចុងសប្តាហ៍ ប្រទេសបារាំង ចក្រភពអង់គ្លេស និងអាឡឺម៉ង់ បានយល់ព្រមទុកពេលឲ្យអ៊ីរ៉ង់ ១ខែ ដើម្បីចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប្រសិនបើគ្មានកិច្ចព្រមព្រៀង ពីពេលនេះរហូតដល់ ៣០ថ្ងៃ ខាងមុខ នីតិវិធីនៃការវិលត្រឡប់នៃទណ្ឌកម្មមកវិញជាស្វ័យប្រវត្តិដែលជាអាវុធនៃវិធានការរបស់អង្គការសហប្រជាជាតិ នឹងកើតមានឡើង ក្នុងនោះមានដូចជា ការរាំងខ្ទប់ ការហាមឃាត់ការអភិវឌ្ឍអាវុធ និងការធ្វើតេស្តិ៍មីស៊ីលបាឡេស្ទីក ការបង្កទ្រព្យសម្បត្តិហិរញ្ញវត្ថុ និងការកំហិតការធ្វើដំណើរសម្រាប់មន្រ្តីអ៊ីរ៉ង់។ វិធានការក៏រួមបញ្ចូលវិស័យនុយក្លេអ៊ែរ ហាមឃាត់ដាច់ខាតការសន្សំ និងចម្រាំងសារធាតុអ៊ុយរ៉ាញ៉ូម ហើយគម្រោងការជាច្រើននៃកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ នាវាចរណ៍ និងអាកាសចរណ៍ ក៏នឹងត្រូវផ្អាក ព្រមទាំងការនាំចេញមួយចំនួនដែរ។
ខុសពីទណ្ឌកម្មរបស់អាម៉េរិក និងសហភាពអឺរ៉ុប ដំណោះស្រាយនៃអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងសំណុំទាំងមូលនៃប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ រួមបញ្ចូលទាំងរុស្ស៊ី និងចិន ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ផង។
Daily Program
