ការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់វដ្តទឹកដ៏សំខាន់នៃភពផែនដី
អ្នកជំនាញទឹករបស់អង្គការយូណេស្កូ សាស្ត្រាចារ្យ ម៉ារីយែល អ៊ីវ័រ ( Mariele Evers )នៅសាកលវិទ្យាល័យ ប៊ន (Bonn) នៅអាល្លឺម៉ង់បាននិយាយថា ការប្រែប្រួលអាកាសធាតុកំពុងផ្លាស់ប្តូរគំរូទឹកនៅក្នុងភពផែនដី ដែលបណ្តាលឱ្យមានទឹកជំនន់ ឬគ្រោះរាំងស្ងួតកាន់តែញឹកញាប់ និងធ្ងន់ធ្ងរប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់។
នៅក្នុងបទសម្ភាស លោកស្រីបានរំលឹកឡើងវិញពីភាពបន្ទាន់អំពីសកម្មភាពដែលត្រូវយកចិត្តទុកដាក់និងដោះស្រាយយ៉ាងម៉ឺងម៉ាត់លើវិបត្តិអាកាសធាតុ ដែលលោកស្រីបានពន្យល់ថា វាកំពុងតែបង្កគ្រោះរាំងស្ងួត និងទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងតំបន់ដែលមានប្រជាជនច្រើននៃពិភពលោក រួមទាំងឥណ្ឌា និងចិនដែលរស់នៅផ្អែកលើកសិកម្ម។
លោកស្រីក៏បានលើកឡើងពីបញ្ហានៃការកេងប្រវ័ញ្ចលើសទម្ងន់ ការគ្រប់គ្រងមិនត្រឹមត្រូវ និងការបំពុលធនធានទឹកសំខាន់ៗ ដោយសារតែការជីកយករ៉ែ និងសកម្មភាពមនុស្សផ្សេងទៀត។
លោកស្រីបានបន្តថា លុះត្រាតែបញ្ហាទាំងនេះត្រូវបានដោះស្រាយទើបស្ថានភាពអាចកាត់បន្ថយ ។
អ្នកស្រីបាននិយាយថា "ពិភពលោកនឹងមិនមានទឹកគ្រប់គ្រាន់សម្រាប់ មនុស្សជំនាន់ក្រោយទេ" ដូច្នេះវានឹងបង្កើនភាពអត់ឃ្លាន ការធ្វើចំណាកស្រុក និងបញ្ហាផ្សេងៗទៀត។
លោកស្រី បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃទឹកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុថា ទឹក មានសារៈសំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ី ។
លោកស្រីបាននិយាយថា ៖ «យើងត្រូវការប្រព័ន្ធអេកូឡូស៊ីដែលមានសុខភាពល្អ ដើម្បីរក្សាមុខងារប្រពឹត្តិកកម្មសំអាតបរិស្ថាន និងរក្សាធនធានទឹក»៕