កាឌីណាល់ ព្យែត្រូ ផារ៉ូលីន អញ្ជើញទៅទស្សនកិច្ចនៅដាណឺម៉ាក
លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសដាណឺម៉ាក់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៦។
វ៉ាទីកង់ញូវបានរាយការណ៍ថា ដំណើរទស្សនកិច្ចនេះគឺធ្វើឡើងនៅក្នុងនាម ជាអ្នកតំណាងសម្តេចប៉ាបឡេអូទី១៤ ដើម្បីរំលឹក ខួបលើកទី១២០០ឆ្នាំនៃការចាប់ផ្តើមបេសកកម្មប្រកាសដំណឹងល្អរបស់សន្ត អង់ស្កា (Saint Asgar) នៅរដ្ឋនាតំបន់ ណ័រឌីក និង កម្មវិធីការទូតនៅក្នុងប្រទេសនេះមួយចំនួន។
ប្រភពដដែលបានបន្តថា នាឱកាសនោះលោកកាឌីណាល់បានអញ្ជើញជាអធិបតីពិធីថ្វាយអភិបូជា ជួបមេដឹកនាំព្រះសហគមន៍ និងនយោបាយនៅក្នុងប្រទេសនេះ។
លោកកាឌីណាល់ក៏បានចូលគាល់ សម្តែងការគួរសមជាមួយព្រះមហាក្សត្រហ្វ្រេដេរីកទី១០ (Frederik X) នៃប្រទេសដាណឺម៉ាក នៅវិមានអាំម៉ាលីអៀនប័ក (Amalienborg) បន្ទាប់មកក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោកឡាក លូក រ៉ាសម៉ូសសិន (Lars Løkke Rasmussen) ផងដែរ៕