កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ អ៊ីស្រាអែល និងលីបង់
កម្ពុជាបានសេចក្តីថ្លែងការណ៍ប្រកាសស្វាគមន៍ចំពោះកិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៉ីស្រាអែល និងលីបង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញនេះ ហើយកម្ពុជាសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងនាំទៅដល់ការបញ្ឈប់ជាអចិន្ត្រៃយ៍នៃការប្រយុទ្ធគ្នាឆ្លង ព្រំដែនរវាងអ៉ីស្រាអែល-លីបង់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលRVA Khmer ទទួលបាន។
បទឈប់បាញ់មួយរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បានចូលជាធរមាន នៅម៉ោង៤ព្រឹក នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកានេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រកាសថា ភាគីទាំង២ បានយល់ព្រមទទួលយកកិច្ចព្រមព្រៀងមួយក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក និងបារាំង។
គណៈរដ្ឋមន្ត្រីសន្តិសុខអ៉ីស្រាអែល កាលពីថ្ងៃអង្គារ បោះឆ្នោតអនុម័តលើបទឈប់បាញ់ ក្នុងសំឡេងគាំទ្រ១០ ទល់នឹង១សំឡេងជំទាស់។ តែព្រមពេលជាមួយគ្នានាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានព្រមានទុកមុនថាអ៉ីស្រាអែលនឹងចាត់វិធានការឆ្លើយតប ប្រសិនបើហេសបូឡាបំពានលើបទឈប់បាញ់។ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ជម្លោះរវាងអ៉ីស្រាអែល និងហេសបូឡា បានបង្ខំឱ្យប្រជាជនលីបង់ ១.២លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និង មនុស្ស ៣ ៧៦៨នាក់ត្រូវបានសម្លាប់ ក្នុងរយៈពេលត្រឹមតែ២ខែកន្លងមកនេះ៕