វាមិនមែនជាការឡើងកម្តៅអាកាសធាតុទេ ជាមួយលោកត្រាំ អ្នកសង្ស័យលើរឿង​អាកាសធាតុ ឡើងកាន់​អំណាចជាថ្មី

ការបោះឆ្នោតថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ទៅកាន់សេតវិមានរបស់លោកដូណាល់ ត្រាំ ដែល​ជា​អ្នកមិនជឿលើរឿងអាកាសធាតុទាល់តែសោះ និងស្រឡាញ់ការប្រើប្រាស់ប្រេង នឹងធ្វើឲ្យ​កត់​សម្គាល់នូវ​របត់ ១៨០ អង្សារ​នៃនយោបាយបរិស្ថាន និងអាកាសធាតុរបស់សហរដ្ឋ​អាម៉េរិក។ នេះធ្វើឲ្យគ្រោះថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក ដែលសំដៅទប់ស្កាត់​ការ​ឡើងកម្តៅអាកាសធាតុ​ដែលបណ្តាលមកពីមនុស្ស។

អ្នកសាធារណរដ្ឋរូបនេះ បានសន្យានៅអំឡុងពេលយុទ្ធនាការឃោសនារបស់លោក ឲ្យខួង​ប្រេង​​​ដោយគ្មានលក្ខខណ្ឌ និងដាក់ការសង្ស័យជាចំហអំពីសច្ចភាពនៃការប្រែប្រួល​អាកាស​ធាតុ។ នេះគឺជាការបញ្ច្រាស់ពីនយោបាយផ្លាស់ប្តូរថាមពល​ដែលតាំងចិត្តធ្វើដោយ​ប្រធានាធិបតី​​​មុនគឺ​លោក​ចូ បាយឌិន។ នៅពេលថ្លែងការ​ជ័យជម្នះ ដោយនិយាយអំពី​ប្រេង និងឧស្ម័ន មហា​សេដ្ឋី លោកដូណាល់ ត្រាំ បាននិយាយស្វាគមន៍ថា ៖ “យើង​មាន​មាស​ខ្មៅ​ច្រើន​ជាង​គ្រប់​ប្រទេស​នៅលើពិភពលោក ច្រើនជាង អារ៉ាប៊ី សាអ៊ូឌីត និងរុស្ស៊ី”។

ជ័យជម្នះរបស់លោកគ្មានការសង្ស័យនឹងបង្កឲ្យមានការបោះបង់កិច្ចសន្យារបស់សហរដ្ឋ​អាម៉េរិក ដែលជាអ្នកបំភាយឧស្ម័នផ្ទះកញ្ចក់ធំបំផុតទី២នៅលើពិភពលោក ពីការទូតអាកាស​ធាតុ។

នៅដំណាច់អណត្តិទី១ របស់លោក លោកដូណាល់ ត្រាំ បានដកអាម៉េរិកចេញ​ពីកិច្ច​ព្រមព្រៀង​​ទីក្រុងប៉ារីសស្តីអំពីអាកាសធាតុនៅឆ្នាំ២០១៥ មុន​នឹង​លោកចូ បាយឌិន បញ្ចូល​មក​​វិញនៅឆ្នាំ២០២១។ ប្រធានាធិបតីថ្មីអាម៉េរិកអាចនឹងដកអាម៉េរិកចេញវិញ​នៅពេលចាប់​ផ្តើម​​​ចូលមកកាន់សេតវិមាននៅថ្ងៃទី២០ ខែមករា ដែលធ្វើឲ្យអាម៉េរិកចាកចេញ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីសស្តីអំពីអាកាសធាតុពិតប្រាកដនៅខែមករា ឆ្នាំ២០២៦។

នៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងនេះ សហរដ្ឋអាម៉េរិកសន្យាកាត់បន្ថយ​ការបំភាយឧស្ម័ន​ផ្ទះ​កញ្ចក់របស់ខ្លួនពាក់កណ្តាលពីពេលនេះទៅដល់ឆ្នាំ២០៣០។ យោងតាមមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ រ៉ូឌៀម ហ្គ្រូប Rhodium Group បានឲ្យដឹងថា នៅ​ឆ្នាំ​២០២៣ ការកាត់បន្ថយការបំភាយ គឺបាន ១៨%។ តែសម្រាប់អ្នកជំនាញទាំងអស់ គោលដៅ​អាកាស​ធាតុ​​នឹងឃ្លាតឆ្ងាយ​ជាមួយនឹងជ័យជម្នះលោក ដូណាល់ ត្រាំ ជាមួយ​នឹងមាន​ឥទ្ធពល​ផង​​ដែរ​ទៅលើការកើនកម្តៅពិភពលោក។

លោកស្រីឡូរ៉ង់ ទូប៊ីយ៉ាណា ស្ថាបត្យករនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស វាយតម្លៃថា ៖ “លើក​នេះ គឺកាន់តែធ្ងន់ធ្ងរជាងឆ្នាំ២០១៦”។ ដោយអំពាវនាវឲ្យអឺរ៉ុបសន្យាឲ្យបានច្រើនថែមទៀត លោក​​​ស្រីបានប្រាប់ថា ៖ “គេត្រូវតែមានការប្រមូលផ្តុំ​ដោយមិនធ្លាប់មានពីមុន​ដើម្បី​ឲ្យ​ការ​ប៉ះ​ទង្គិច​ពីការសម្រេចចិត្តរបស់អាម៉េរិកមិនជះឥទ្ធិពលលើប្រទេសដទៃទៀត​ដែល​នឹង​ក្លាយ​ទៅ​ជា​អល់អែកក្នុងរឿងបង្កើនល្បឿនសកម្មភាពខាងអាកាសធាតុ។”

ការដកខ្លួន​របស់អាម៉េរិកពីការទូតអាកាសធាតុអាចនឹងមានសក្តានុពលផ្តល់ឲ្យអ្នកបំពុលធំៗ ដទៃៗ ទៀតដូចជា ចិន និងឥណ្ឌា នូវលេសដើម្បីកាត់បន្ថយ​ផែនការផ្ទាល់របស់ខ្លួន។ ចំណែក​​លោកចូហាន រ៉ុកស្ត្រម អ្នកវិទ្យាសាស្រ្តពីវិទ្យាស្ថានបូស្តាំសម្រាប់​ការស្រាវជ្រាវ​លើ​ឥទ្ធិពល​នៃអាកាសធាតុ សម្តែងនូវក្តីព្រួយបារម្ភថា ៖ “ការបង្អង់បួនឆ្នាំ​មិនអាចត្រូវ​បាន​អនុញ្ញាត​​​ទេ​នៅអំឡុងទសវត្សដ៏​គ្រោះថ្នាក់នេះ។”

លោកលៀ ស្តុកខេស អ្នកឯកទេសនៃវិទ្យាសាស្រ្តនយោបាយនៅសកលវិទ្យាល័យ កាលីហ្វ៉នី នៅទីក្រុងសានតា បាកបារ៉ាស និងជាអ្នកឯកទេសខាងអាកាសធាតុ បានថ្លែងថា ៖ “លទ្ធផល​បោះឆ្នោតអាម៉េរិក នឹងមានឥទ្ធិពលលើផែនដីទាំងមូល”។

 

Daily Program

Livesteam thumbnail