ព្យុះស៊ីក្លូននៅម៉ាដាហ្គាស្កា ជំនួយមានភាពយឺតយ៉ាវ​ដោយសារមូលនិធិមិន គ្រប់គ្រាន់

នៅខណៈដែលប្រទេសម៉ាដាហ្គាស្កា បានចេញក្រឹត្យដាក់ប្រទេសក្នុងកម្រិតគ្រោះមហន្តរាយ​ថ្នាក់ជាតិ ដោយសារខ្យល់ព្យុះស៊ីក្លូន ហ្ស៉ឺសានី កាលពីសប្តាហ៍មុន ការមានកម្រិត​ដ៏ធ្ងន់ធ្ងរលើ​ហិរញ្ញវត្ថុ បានរិតត្បិតសមត្ថភាពនៃទីភ្នាក់ងារមនុស្សធម៌ក្នុងការចូលធ្វើអន្តរាគមន៍​ជួយ​សង្រ្គោះ​​ក្នុង​ទ្រង់ទ្រាយធំ​លើប្រទេសកោះនៅមហាសមុទ្រឥណ្ឌា ដែលត្រូវបានរងការឈឺ​ចាប់​ដ៏​ផុយស្រួយរួច​ហើយ​​ពី​​វិបត្តិអាកាសធាតុ និងវិបត្តិចំណីអាហារដែលបានកើតឡើងជាថ្មី។

យោងតាមកម្មវិធីស្បៀងអាហារពិភពលោក (PAM) បានឲ្យដឹងថា សមត្ថភាពរបស់ទីភ្នាក់ងារ​ក្នុងការចូលធ្វើអន្តរាគមន៍សង្រ្គោះ​គឺត្រូវបានកម្រិតជាខ្លាំង ក្នុងហេតុផលនៃការធ្លាក់​ចុះ​ខាង​​ហិរញ្ញវត្ថុ និងការខ្សោះខ្សោយនៃស្តុកចំណីអាហារពី​ការជួយសង្រ្គោះបន្ទាន់កាលពី​លើក​មុន។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ​នៅក្នុងរបាយការណ៍ចុងក្រោយ​របស់ខ្លួនអំពីស្ថានភាព​បាន​រៀបរាប់​ឲ្យដឹងថា ៖ ”វិធានការបង្ការជាមុន និងការធ្វើអន្តរាគមន៍រហ័សដែលគ្រោងធ្វើ ក៏​មិន​​មាន​ហិរញ្ញវត្ថុអាចប្រើប្រាស់​បាន សម្រាប់ប្រឈមមុខនឹងខ្យល់ព្យុះស៊ីក្លូននេះដែរ។”

ដើម្បីស្តារឡើងវិញនូវទុនបម្រុង កម្មវិធីចំណីអាហារពិភពលោក បាននិយាយថា​ត្រូវការ​ទឹក​ប្រាក់​បន្ទាន់ ៥០០០០ដុល្លារ​ដើម្បីរៀបចំនំប៊ីគ្វីតដែលមានសារធាតុចិញ្ចឹមប្រមាណជា ២០តោន មុននឹងមានខ្យល់ព្យុះស៊ីក្លូនថ្មីទៀត​ដែលអាចបោកបក់នៅពេលខាងមុខ។

​ទីភ្នាក់ងារចំណីអាហារពិភពលោកបញ្ជាក់ថា ៖ “បន្ទាប់ពីការប្រកាសនៃសភាពមហន្តរាយជាតិ​ដោយរដ្ឋាភិបាល និងការអំពាវនាវស្វែងរកជំនួយអន្តរជាតិ ធនធានបន្ទាប់គឺត្រូវការចាំបាច់​ដើម្បី​​ពង្រឹង​ជំនួយ​ និងគ្រប់គ្រងស្ថានភាពសន្តិសុខចំណីអាហារ និងអ្នកភៀសខ្លួន ដែល​បាន​ប្រឈម​មុខ​នឹងការប៉ះទង្គិចគ្រប់បែបយ៉ាង”។

​ជាសរុប កម្ម​វិធីចំណីអាហារពិភពលោក បានប្រឈមនឹងឱនភាពហិរញ្ញវត្ថុ ១៨,៣ លាន​ដុល្លារ​​សម្រាប់កិច្ចប្រតិបត្តិការបន្ទាន់​នៅក្នុងប្រទេស​ម៉ាដាហ្គាស្ការក្នុងអំឡុង ៦ខែ ខាងមុខ។ ដោយខ្វះ​ខាត​ធនធាន​មិនគ្រប់គ្រាន់ ទីភ្នាក់ងារចំណីអាហារពិភពលោក បានកាត់បន្ថយរួច​ហើយ​​នូវជំនួយ​ដែល​បានគ្រោងទុក​ និងដែលអាចបណ្តោយឲ្យ​មនុស្សជាង កន្លះលាននាក់ គ្មាន​ជំនួយ​សម្រាប់​ពេល​វេលាដ៏គ្រោះថ្នាក់។

ទីភ្នាក់ងារចំណីអាហារពិភពលោកទទូចថា ៖ “ការផ្តល់ជំនួយជាសាច់ប្រាក់ គឺមានសារសំខាន់​ដើម្បីនាំមកនូវជំនួយរហ័ស​ក្នុងទ្រង់ទ្រាយធំ ស្តារឡើងវិញ​នូវកម្លាំងទិញរបស់គ្រួសារដែលត្រូវ​បាន​ប៉ះពាល់ និងលើកកម្ពស់ទីផ្សារ​ក្នុងតំបន់​ផងដែរ។

ក្នុងអំឡុងរយៈពេល ១០ថ្ងៃ ប្រទេសម៉ាដាហ្គាស្ការត្រូវបានវាយប្រហារដោយខ្យល់ព្យុះធំៗ ពីរ គឺខ្យល់ព្យុះស៊ីក្លូនត្រូពិក ហ្វ៊ីត្យា ដែលបានវាយប្រហារលើតំបន់បូអានី នៅភាគពាយព្យ បន្ទាប់​មក​ខ្យល់ព្យុះត្រូពិក ហ្ស៉ឺសានី​ ដែលបានវាយប្រហារឆ្នេរភាគឥសាន និងប៉ះលើទីក្រុង​តូអាម៉ាស៊ីណា ដែលជាទីក្រុង​ទី២ នៃប្រទេស។

ផ្លូវនានា បណ្តាញអគ្គីសនី និងលំនៅដ្ឋាន ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ រួមទាំងការិយាល័យ និងឃ្លាំង​នៃកម្មវិធីចំណីអាហារពិភពលោកផងដែរ។

យោងតាមការធ្វើជំរឿនថ្មីៗ បានឲ្យដឹងថា មនុស្សជិត ៨០០០០នាក់ ស្ថិតនៅ នៅឡើយ​ក្នុងជំរុំ​ទទួល​ស្នាក់ចំនួន ៧៥ កន្លែង នៅខណៈដែល ជនភៀសខ្លួនដទៃៗទៀត ត្រូវបាន​ទទួល​ឲ្យ​ស្នាក់​នៅដោយសាច់ញាតិ និងនៅទីកន្លែងមិន​ផ្លូវការ។

យោងតាមអាជ្ញាធរម៉ាដាហ្គាស្ការ បានឲ្យដឹងថា មនុស្សជិត ២៦០០០០នាក់ ត្រូវបានរងផល​ប៉ះពាល់​ដោយខ្យល់ព្យុះ ហ្ស៉ឺសានី និង ២០០០០០នាក់ ដោយខ្យល់ព្យុះ ហ្វ៊ីត្យា។ មន្រ្តីម្នាក់​ ដែល​មកកម្មវិធីចំណីអាហារពិភពលោក ដែលវិភាគលើឥទ្ធិពលរួមគ្នា​ពីខ្យល់ព្យុះស៊ីក្លូន​ទាំង​ពីរ  បានវាយ​តម្លៃ​​ថា មានមនុស្សច្រើនជាង ៤០០០០០នាក់ ត្រូវការជំនួយស្បៀង​អាហារ។

Daily Program

Livesteam thumbnail