ការសិក្សាស្រាវជ្រាវគេបានរកឃើញសត្វប្រភេទថ្មី និង ជិតផុតពូជ ជាច្រើប្រភេទក្នុង តំបន់ភ្នំថ្មកំបោរ
តាមរយៈ របាយការណ៍ស្តីពីការសិក្សាបានបង្ហាញពីការរកឃើញ ជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបងនៃសត្វប្រភេទថ្មី និង ជិតផុតពូជជាច្រើនប្រភេទ។ តាមរយៈកិច្ចសហការ ជាមួយក្រសួងបរិស្ថាន អង្គការសត្វព្រៃ និងរុក្ខជាតិ ឱ្យដឹងថាការរកឃើញសត្វប្រភេទថ្មីនេះមានដូចជា តុកកែថ្មីចំនួន ៣ ប្រភេទ ខ្យង ២ប្រភេទ ប្រភេទម្រើមព្រះ ២ប្រភេទ ដែលត្រូវបានបោះពុម្ពផ្សាយជាសាធារណ: ខណៈដែលតុកកែថ្មីចំនួន ៣ ប្រភេទទៀតដូចជា (Gehyra sp. nov.) (Cyrtodactylus sp. nov. ) និង (Dixonius sp. nov.) និងប្រភេទពស់ pit viper (Trimeresurus sp. nov.) កំពុងត្រូវបានពិពណ៌នា។
របាយការណ៍ខាងលលើនេះបានបញ្ជាក់ដែរថាការស្រាវជ្រាវនេះ ក៏បានបញ្ជាក់ពីវត្តមាននៃប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើនប្រភេទ រួមមាន សត្វពង្រូល ស្វាព្រាម ស្វាក្តាម ស្វាត្រោស ក្ងោក និងសត្វកែះជាដើម ដែលបង្ហាញពីតម្រូវការបន្ទាន់ក្នុងការការពារជម្រកពួកវាទាំងនេះ។ គួរបញ្ជាក់ថាតំបន់ភ្នំថ្មកំបោរគឺជាជម្រកដ៏សំខាន់បំផុតមួយនៅលើផែនដី ដែលសំបូរទៅដោយជីវ:ចម្រុះដ៏ពិសេសៗ មានវត្តមានតែនៅក្នុងតំបន់ជាក់លាក់ណាមួយប៉ុណ្ណោះ។ វាក៏មានសារៈសំខាន់ខាងផ្នែកវប្បធម៌ និងសាសនាចំពោះសហគមន៍មូលដ្ឋាន ហើយត្រូវបានគេឱ្យតម្លៃកាន់តែខ្លាំងឡើងៗសម្រាប់អេកូទេសចរណ៍ផងដែរ។ អង្គការសត្វព្រៃ និងរុក្ខជាតិ បានឱ្យដឹងដែរថាលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះនឹងជួយផ្តល់ជាព័ត៌មានដែលជួយគាំទ្រដល់រដ្ឋាភិបាលក្នុងការរៀបចំផែនការអភិរក្ស ពង្រឹងច្បាប់ការពារ និងគ្រប់គ្រងតំបន់ភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជាប្រកបដោយចីរភាព ធានាបាននូវតុល្យភាពរវាងការអភិរក្សជីវៈចម្រុះជាមួយនឹងជីវភាពរស់របស់សហគមន៍។
ឯកឧត្តម ខៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន បានបញ្ជាក់ថា៖ ការសិក្សាស្រាវជ្រាវដ៏ មានសារៈសំខាន់នេះបង្ហាញជាថ្មីម្តងទៀតថា កម្ពុជាគឺជាប្រទេសដែលមានភាពសម្បូរបែបនៃធនធានធម្មជាតិ និងជីវជម្រុះដែលមានតម្លៃ ទាំងនៅក្នុងស្រុក និងសម្រាប់សកលលោក។
ប្រព័ន្ធអេកូឡូស៊ីរបស់យើង មិនត្រឹមតែជាទីជម្រកនៃប្រភេទសត្វកម្រ និងប្រភេទថ្មីៗ សម្រាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់នូវតម្លៃផ្នែកវប្បធម៌ ប្រពៃណី និងសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋានផងដែរ។ រាជរដ្ឋាភិបាល កម្ពុជា តាមរយៈក្រសួងបរិស្ថាន បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងការការពារ និងការគ្រប់គ្រងធនធានទាំងនោះប្រកបដោយនិរន្តរភា ព។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់យើង ដើម្បីធានាថាការអភិវឌ្ឍន៍មានតុល្យភាពជាមួយនឹងការអភិរក្ស ជាលទ្ធផល បេតិកភណ្ឌធម្មជាតិរបស់យើងត្រូវបានការពារសម្រាប់មនុស្សជំនាន់ក្រោយ៕