ប្រធានបទ៖ យើងម្នាក់ៗត្រូវអធិដ្ឋានជាប្រចាំ និងអធិដ្ឋានឲ្យគ្នាទៅវិញទៅមក!
ផ្តល់សក្ខីភាពដោយ៖ បងស្រី ហ្វ្រូស្ទីនាម៉ារី នារី មកពីក្រុមគ្រួសារឧបការគុណ
បងស្រី ម៉ារី នារី៖ ជាសេចក្តីស្រេកឃ្លានរបស់អ្នកបួស យើងចង់ឲ្យបងប្អូនចូលក្នុងការអធិដ្ឋាន ការអានព្រះគម្ពីរ រិះគិតពីព្រះគម្ពីរ ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបានច្រើនដើម្បីឲ្យយើងបានទទួលពន្លឺសម្រាប់ជិវិតយើងម្នាក់ៗ។ សម្រាប់ខ្ញុំផ្ទាល់ បានអធិដ្ឋានជារៀងរាល់ថ្ងៃសម្រាប់បងប្អូនទាំងអស់ ហើយយើងក៏បានទូលអង្វរទៅព្រះជាម្ចាស់ឲ្យទ្រង់ជួយបំភ្លឺគេឲ្យចូលរួមជាមួយយើងផងដែរ។
ការអធិដ្ឋាន គឺជាថាមពល គឺជាអាហារសម្រាប់វិញ្ញាណ នៅពេលវិញ្ញាណយើងចុះខ្សោយ រាងកាយយើងក៏ចុះខ្សោយតាមនោះដែរ តែបើយើងខិតខំអធិដ្ឋានប្រាកដណាស់ និងជួយឲ្យវិញ្ញាណរបស់យើងខ្លាំង ជំរុញឲ្យរាងកាយរបស់យើងក៏បានកំលាំងតាមនោះដែរ។ ការស្មឹងស្មាតអធិដ្ឋាន គឺជាការបញ្ចូលថាមពលឲ្យវិញ្ញាណ ហើយវាក៏គាំទ្រឲ្យរាងកាយរបស់យើងរឹងមាំផងដែរ ហេតុនេះហើយ ក្នុងនាមជាអ្នកបួសម្នាក់សូមអញ្ជើញបងប្អូនចូលរួមក្នុងការអធិដ្ឋានជារៀងរាល់ថ្ងៃតាមដែលអាចធ្វើទៅបានទាំងអស់គ្នា។
ការអធិដ្ឋានគឺជាការបើកផ្លូវឲ្យព្រះជាម្ចាស់យាងមកដោយផ្ទាល់នៅក្នុងជីវិតរបស់យើង ហើយរួមដំណើរជាមួយយើងគ្រប់កាលៈទេសៈ យើងម្នាក់ៗដែលជាអ្នកជឿ បានដឹងខ្លួនថា បានជួប បានប៉ះផ្ទាល់ និងបានសន្ទនាជាមួយព្រះជាម្ចាស់ក្នុងជីវិតរបស់យើងម្នាក់ៗ។ ជាក់ស្តែងការអានព្រះគម្ពីរ យើងបានដឹងតាមរយៈការស្រមើស្រមៃនៅក្នុងសៀវភៅ ឬក៏ព្រះគម្ពីរផ្សេងៗ មួយទៀតអាចជាការណែនាំចែករំលែករបស់លោកអភិបាល លោកបូជាចារ្យ បងប្អូនបងស្រី គ្រូអប់រំជំនឿ ឬក៏ជាគ្រីស្តបរិស័ទ ដែលបានរំលឹកឲ្យយើងស្រមៃមើលឃើញសាច់រឿង ពីសកម្មភាពរបស់ព្រះយេស៊ូ ពីដំណើរជីវិត ពីការអស្ចារ្យ និងការបង្រៀនផ្សេងៗជាដើម។
បងប្អូនតាមរយៈការអាន ការស្តាប់ត្រិះរិះពិចារណា បានធ្វើឲ្យព្រះវិញ្ញាណ ឬក៏ព្រះបន្ទូលដែលបានកត់ត្រាក្នុងព្រះគម្ពីរ បង្ហាញការអស្ចារ្យនៅក្នុងជីវិតរបស់អ្នកជឿគ្រប់គ្នា ឲ្យមានសេចក្តីស្រឡាញ់ មេត្តាករុណា ចិត្តប្រណីសណ្តោស ក្នុងការប្រាស្រ័យទាក់ទងជាមួយបងប្អូននៅជុំវិញបានយ៉ាងល្អ។ ត្រង់នេះព្រះយេស៊ូបានរំលឹកដល់អ្នកជឿទាំងអស់ថា បើជឿលើខ្ញុំ ត្រូវគោរពតាមក្រឹតវិន័យរបស់ខ្ញុំ គឺចែករំលែកសេចក្តីស្រឡាញ់នេះឯង។ អាម៉ែន
ដោយ ឆាក លាំង