ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦អត្ថបទគម្ពីរម៉ាថាយ ២៦,១៤-២៧,៦៦អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល
សូមជម្រាបសួរ បងប្អូនជាទីស្រឡាញ់រាប់អាន! ក្នុងសប្ដាហ៍នេះ គ្រីស្តបរិស័ទនាំគ្នានឹក រលឹកពីពេលព្រះយេស៊ូបូជាព្រះជន្ម និងទទួលព្រះជន្មថ្មីពេញលេញ។ ក្នុងសប្ដាហ៍នេះ មានបួនដំណាក់កាលគឺ៖
១. ថ្ងៃអាទិត្យ (ថ្ងៃនេះ)៖ ថ្ងៃអាទិត្យលើកតម្កើងរងទុក្ខលំបាករបស់ព្រះយេស៊ូ
នៅថ្ងៃអាទិត្យនេះ យើងនាំគ្នាឮ នឹករលឹកព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹមក្នុងឋានៈជាព្រះគ្រីស្ត គឺព្រះមហាក្សត្រមួយអង្គ ដែលប្រទានសុភមង្គលដ៏ពេញលេញឲ្យមនុស្សលោក តាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ដោយយើងអានគម្ពីរស្ដីអំពីព្រះយេស៊ូទុក្ខលំបាក យើងសន្មត់ថាថ្ងៃអាទិត្យនេះ ជាថ្ងៃអាទិត្យលើកតម្កើងព្រះយេស៊ូរងទុក្ខលំបាក។
២. ថ្ងៃព្រហស្បតិ៍ដ៏ពិសិដ្ឋ៖ ក្នុងពិធីជប់លៀងព្រះយេស៊ូយកនំប៉័ង និងស្រា មកចែកឲ្យសាវ័កបរិភោគ
ទុកជាព្រះកាយ និងព្រះលោហិតរបស់ព្រះយេស៊ូគ្រីស្ត។ ព្រះអង្គម្ចាស់មានព្រះហឫទ័យបូជាព្រះជន្ម ដែលគ្មាននរណាម្នាក់បង្ខំ។ ព្រះយេស៊ូមានធម៌មេត្តាករុណា ហួសពីការស្មានរបស់មនុស្សលោក។
៣. ថ្ងៃសុក្រដ៏ពិសិដ្ឋ៖ ព្រះយេស៊ូសោយទិវង្គត
ព្រះអង្គសព្វព្រះហឫទ័យធ្វើតាមព្រះរាជបញ្ជារបស់ព្រះបិតា រហូតដល់បូជាព្រះជន្ម។ ព្រះអង្គប្រៀបដូចជាកូនចៀម ដែលជនជាតិអ៊ីស្រាអែលធ្លាប់បូជាថ្វាយព្រះជាម្ចាស់ ក្នុងឱកាសបុណ្យចម្លង។
៤. រាត្រីថ្ងៃសៅរ៍៖ គឺជាបុណ្យចម្លង
ខាងគ្រីស្តសាសនាយើង បុណ្យចម្លងនេះសំខាន់ជាងគេ សំខាន់ជាងបុណ្យឯទៀតៗទាំងអស់។ គឺយើងអបអរសាទរព្រះបិតាដែលប្រោសព្រះយេស៊ូឲ្យមានជីវិតថ្មីដ៏ពេញលេញ។ ព្រះអង្គគង់នៅជាមួយយើងរាល់ថ្ងៃទ្រង់ប្រទានជីវិតថ្មីដល់អស់អ្នកដែលផ្ញើជីវិតទាំងស្រុងលើព្រះអង្គ។
រីករាយសប្ដាហ៍ដ៏ពិសិដ្ឋបងប្អូន! ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនទៅវិហារ មិនមែនតែថ្ងៃនេះទេ ប៉ុន្តែ! ថ្ងៃព្រហស្បតិ៍ដ៏ពិសិដ្ឋ ថ្ងៃសុក្រដ៏ពិសិដ្ឋ និងថ្ងៃសៅរ៍ដ៏ពិសិដ្ឋ ជាថ្ងៃរាត្រីនៃបុណ្យចម្លង ដើម្បីឲ្យបងប្អូនចូលរួមអបអរសាទរព្រះយេស៊ូដែលរងទុក្ខលំបាក សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីប្រោសលោកា។ សូមព្រះជាម្ចាស់ប្រទានពរឲ្យយើង ក្នុងព្រះនាមព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ អាម៉ែន៕