ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ៨,១-៣)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

អត្ថបទព្រះគម្ពីរដំណឹងល្អថ្ងៃនេះ ព្រះយេស៊ូបានយាងទៅប្រកាសដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ដែលមកដល់ គឺ “ព្រះយេស៊ូគ្រីស្ត”។ ចូលមើលអ្នកជំងឺឲ្យបានជា ចូលលើកទឹកចិត្តគ្នាទៅវិញទៅមក។
នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះ ព្រះយេស៊ូបានប្រោសមនុស្សដែលខ្មោចចូលឲ្យបានជា ព្រះយេស៊ូបានប្រោសស្ត្រីដែលធ្លាក់ឈាមឲ្យបានជា ហើយយើងឃើញស្ត្រីផ្សេងៗទៀតគឺ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា ក៏បានមកចូលរួមនៅក្នុងក្រុមជាមួយនិងព្រះយេស៊ូ ហើយព្រះអង្គក៏បានប្រោសគាត់ឲ្យបានជាដែរ។
បងប្អូនជាទីស្រឡាញ់! ពេលណាយើងជឿលើព្រះយេស៊ូគ្រីស្ត ពេលនោះយើងនឹងឃើញថាជីវិតរបស់យើងបានផ្លាស់ប្រែ។ ផ្លាស់ប្រែដោយសារព្រះយេស៊ូបានលើកតម្លៃយើងឲ្យមានភាពថ្លៃថ្នូរឡើងវិញនៅក្នុងសង្គម។ ដូចព្រះយេស៊ូបានលើកកិត្តិយសអស់បងប្អូនដែលមានជំងឺធ្លាក់ឈាម អស់បងប្អូនដែលខ្មោចចូល អស់បងប្អូនដែលត្រូវសង្គមមិនរាប់រក អស់បងប្អូនដែលសង្គមគិតថាអត់មានតម្លៃ ព្រះយេស៊ូបានលើកអ្វីៗទាំងអស់នេះឲ្យគេអាចចូលនៅក្នុងសង្គមវិញបាន ហើយគេអាចរួមដំណើរជាមួយនឹងព្រះយេស៊ូដើម្បីទៅប្រកាសដំណឹងល្អផងដែរ។
បងប្អូនគ្រីស្តបរិស័ទ បងប្អូនដែលជាអ្នកជឿទាំងឡាយចូលបងប្អូនជឿលើព្រះយេស៊ូគ្រីស្ត! ពេលណាបងប្អូនជឿលើព្រះយេស៊ូគ្រីស្ត ហើយបងប្អូនប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ បងប្អូននឹងរកឃើញថា ពិតមែន! ព្រះបន្ទូលរបស់ព្រះអង្គព្យាបាល ជីវិតរបស់យើង ព្យាបាលស្នាមរបួសនៃភាពថ្លៃថ្នូររបស់យើងឲ្យយើងអាចចូលទៅក្នុងសង្គម ឲ្យយើងអាចមានពន្លឺនៃចំណេះ ពន្លឺនៃជំនឿ ពន្លឺនៃការសង្គ្រោះដើម្បីឲ្យយើងអាចមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ឡើងវិញ។
អ្នកជំងឺប្រៀបដូចជាអ្នកបាបដែលត្រូវការការសង្គ្រោះដែលត្រូវការគ្រូពេទ្យ ហើយព្រះយេស៊ូគឺជាគ្រូពេទ្យម្នាក់ដែលព្យាបាលយើងទាំងរូបកាយទាំងព្រលឹងវិញ្ញាណ។ ព្រះយេស៊ូគឺជាព្រះគ្រីស្តដែលណែនាំឲ្យយើងមានទំនាក់ទំនងថ្មីរវាងមនុស្ស និងព្រះជាម្ចាស់ ហើយព្រះយេស៊ូក៏ជាស្ពានមេត្រី ដែលនាំយើងឲ្យមានទំនាក់ទំនងហៅថាសម្ពន្ធមេត្រីថ្មីៗរវាងខ្ញុំ និងព្រះជាម្ចាស់។
បងប្អូនពិតជាមានសំណាងណាស់ ដែលបានទទួលអគ្គសញ្ញាជ្រមុជទឹក បានកើតជាថ្មី នឹងបានទទួលការសង្គ្រោះតាមរយៈអគ្គសញ្ញានានានៅក្នុងព្រះសហគមន៍របស់យើង។ ហេតុនេះ ចូរបងប្អូនគ្រីស្តបរិស័ទដែលមិនសូវបានទៅព្រះវិហារ ចូរបងប្អូនខិតខំចាយពេលវេលារបស់បងប្អូនសម្រាប់ព្រះជាម្ចាស់។ ថ្ងៃអាទិត្យបងប្អូនត្រូវខំរូតរះធ្វើយ៉ាងណាលៃពេលវេលាដើម្បីព្រះជាម្ចាស់ ទៅព្រះវិហារ ដើម្បីទទួលព្រះកាយព្រះអង្គ ទទួលព្រះបន្ទូលរបស់ព្រះអង្គ នឹងដើម្បីជួបបងប្អូនឯទៀតៗ ឲ្យយើងចេះចែកអំណរសប្បាយសម្រាប់បងប្អូនគ្រីស្តបរិស័ទក្នុងអង្គព្រះគ្រីស្តផងដែរ។
ខ្ញុំសូមទូលអង្វរព្រះជាម្ចាស់! សូមព្រះអង្គប្រោសប្រទានឲ្យបងប្អូនដែលជាអ្នកជំងឺ ទាំងនៅតាមមន្ទីរពេទ្យ ទាំងនៅតាមផ្ទះ ឬនៅតាមកន្លែងផ្សេងៗ សូមឲ្យបងប្អូនបានទទួលការសង្គ្រោះពីព្រះយេស៊ូគ្រីស្ត សូមឲ្យបងប្អូនមានសេចក្តីសង្ឃឹមឡើងវិញ សូមព្រះអង្គប្រោសប្រទានឲ្យប្រជាជននៅក្នុងប្រទេសកម្ពុជា មានអំណរសប្បាយ នឹងសូមឲ្យសុខសន្តិភាពកើតមានឡើងនៅក្នុងប្រទេសរបស់យើងផងដែរ។ អាមែន៕
Daily Program
