ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ អត្ថបទគម្ពីរ (ម៉ាកុស ១,១៤-២០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គ្លេន ឌីយ៉ាស
សូមជម្រាបសួរ បងប្អូនទាំងអស់គ្នា!ថ្ងៃនេះ គឺជាថ្ងៃទី១ នៅក្នុងរដូវធម្មតា ក្នុងព្រះសហគមន៍កាតូលិក។ កាលពីម្សិលមិញ ជាថ្ងៃ ព្រះយេស៊ូទទួលបានអគ្គសញ្ញាជ្រមុជទឹក ដែលបានបង្ហាញយើងពីរបៀបរស់នៅ ជាសមាជិកគ្រួសារតែមួយរបស់ព្រះអង្គគឺ សូមឱ្យយើងចេះបន្ទាបខ្លួន ដូចព្រះយេស៊ូបម្រើអ្នកដទៃ។
ថ្ងៃនេះព្រះជាម្ចាស់ក៏បានអញ្ជើញយើងតាមរយៈព្រះបន្ទូលដំណឹងល្អដែលយើងបានឮ ទ្រង់អញ្ជើញលោកស៊ីម៉ូន និងលោកអាន់ដ្រេ ជាអ្នកនេសាទត្រី ឱ្យក្លាយទៅជាអ្នកនេសាទមនុស្សវិញ។ សូមឱ្យយើងចូលរួមក្នុងបេសកកម្មរបស់ព្រះយេស៊ូក្នុងពិភពលោក ក្លាយជាសញ្ញាសម្គាល់អំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ នៅថ្ងៃនេះបងប្អូនទទួលបានការលើកទឹកចិត្តតាមរយៈព្រះបន្ទូល ឱ្យយើងដឹងថា អ្វីៗទាំងអស់ដែលយើងនឹងធ្វើក្នុងជីវិតរបស់យើង យើងធ្វើដោយស្មោះត្រង់ និងតាមគោលបំណងរបស់ព្រះជាម្ចាស់ក្នុងជីវិតរបស់យើង។ ទី១៖ ព្រះជាម្ចាស់ជាអ្នកអញ្ជើញយើង។ ទី២៖ ព្រះជាម្ចាស់ជាអ្នកទទួលខុសត្រូវលើការងាររបស់យើង។ អ្វីដែលយើងត្រូវធ្វើ គឺចូលរួមតាមការប្រៀនប្រដៅរបស់ព្រះអង្គ ថ្វាយជីវិតទាំងស្រុង ដើម្បីឱ្យការងាររបស់យើងរលូន នឹងជាពន្លឺដែលបំភ្លឺចិត្តគំនិតរបស់មនុស្សលោក។
មនុស្សទាំងអស់ដែលជួបយើង ដូចជាលោកស៊ីម៉ូន និងលោកអាន់ដ្រេ នឹងក្លាយទៅជាអ្នកនេសាទមនុស្ស គឺជាអ្នកប្រកាសដំណឹងល្អ និងប្រកាសអំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សលោក ថ្ងៃនេះគឺជាថ្ងៃពិសេសសម្រាប់យើងវាប្រៀបដូចថ្ងៃដែល ព្រះយេស៊ូចាប់ផ្ដើមបេសកកម្មថ្មីរបស់ព្រះអង្គក្នុងព្រះជន្មរបស់ព្រះអង្គ។ ថ្ងៃនេះព្រះជាម្ចាស់ក៏អញ្ជើញយើងចូលរួមក្នុងបេសកកម្មរបស់ទ្រង់នៅលើលោកីយ៍នេះ ជាអ្នកប្រកាសដំណឹងល្អ អ្នកណែនាំបងប្អូនឯទៀតៗ និងបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដល់អស់បងប្អូនដែលមានសេចក្ដីត្រូវការ