ថ្ងៃទី០១ ខែឧសភាឆ្នាំ២០២៦អត្ថបទគម្ពីរម៉ាថាយ ១៣,៥៤-៥៨អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អថ្ងៃនេះ ខ្ញុំសូមចែកបងប្អូនតែមួយចំណុចតែប៉ុណ្ណោះ ត្រង់​ព្រះយេ​ស៊ូ​មាន​ព្រះបន្ទូលថា កុំរន្ធត់ចិត្តធ្វើអ្វី បើអ្នករាល់គ្នាជឿលើព្រះជាម្ចាស់ហើយ សូមជឿលើខ្ញុំផង។ ព្រះអង្គមាន​ព្រះ​បន្ទូល​​ប្រកបទៅដោយថាមពល ព្រះបន្ទូលរបស់ព្រះអង្គនាំឲ្យយើងម្នាក់ៗមានកម្លាំង ព្រះបន្ទូលរបស់​ព្រះអង្គ​លួង​លោម​ចិត្តរបស់យើងម្នាក់ៗ កុំឲ្យយើងព្រួយបារម្ភច្រើនពេក។ ផ្ទុយទៅវិញគឺ​ព្រះអង្គចង់​លើក​ទឹក​​ចិត្តយើងឲ្យយើងចេញផុតអំពីភាពតានតឹងនៅក្នុងជីវិតរបស់យើង។

បងប្អូនជាទីស្រឡាញ់ នៅក្នុងពិភពលោកយើងសព្វថ្ងៃក៏ដូចជានៅក្នុងសង្គមយើង យើងមានការ​ព្រួយ​បារម្ភច្រើន ទាំងការទទួលទាន ស្លៀកពាក់ និងសម្ភារៈ​ទំនើបៗ​ ពីសង្គ្រាម ក្ដីស្រឡាញ់ដែល​ពីមុន​ផ្សេង​សព្វ​ថ្ងៃនេះផ្សេង ការលើកលែងទោស ការ​រស់នៅឲ្យមានសុភមង្គល គឺ យើងខ្វល់ខ្វាយច្រើនដែល​នាំ​ឲ្យ​យើង​មានការភ័យខ្លាច។

ហេ​តុនេះ ព្រះយេស៊ូចង់ឲ្យយើងរស់នៅតាមរបៀបត្រឹមត្រូវមួយ គឺមានជំនឿពិតប្រាកដជឿ​​លើ​ព្រះ​ជា​ម្ចាស់​មិនថាមានជួបបញ្ហាតិចឬច្រើន ក៏ព្រះជាម្ចាស់គង់នៅជាមួយយើង ព្រះអង្គ​ប្រទានឲ្យយើងបាន​ភ្លឺស្វាង​តាមរយៈ​ព្រះបន្ទូលរបស់ព្រះអង្គ តាមរយៈការអធិដ្ឋានរបស់បងប្អូន​ទៅកាន់​ព្រះជា​ម្ចាស់ តាមរយៈការ​ចូល​រួម​ថ្វាយ​សក្ការបូជារបស់បងប្អូនជាមួយព្រះសហគមន៍ ឬសកម្មភាពផ្សេងៗ​នៅក្នុងព្រះសហគមន៍។ ហេតុ​នេះ កុំភ័យខ្លាចក្នុងការប្រកាសដំណឹងល្អ កុំភ័យខ្លាចក្នុងការផ្ដល់សក្ខីភាព​អំពី​ជំនឿរបស់​យើង​ដល់​បង​ប្អូន​ឯ​ទៀតៗ សូមឲ្យបងប្អូនមានជំនឿ ទុកចិត្តលើ​ព្រះអង្គ ១០០% និងកុំអស់សង្ឃឹម

បងប្អូនជាទីស្រឡាញ់ ពេលខ្លះយើងអស់សង្ឃឹម យើងជួបបញ្ហាដែល​ដោះស្រាយមិនបាន យើងស្រ្តេស (stress)ឬភាពតានតឹង​នៅក្នុង​អារម្មណ៍ដែលឈាន​ដល់ការ​សម្លាប់​ខ្លួន​ក៏មានដែរ។ ហេតុនេះសូមឲ្យ​បង​​ប្អូនទុកចិត្តលើព្រះជាម្ចាស់ ផ្ញើជីវិតទាំងស្រុងរបស់យើង​ទៅលើព្រះ​ហឫ​ទ័យ​ប្រណីសន្ដោស​របស់​ព្រះ​អង្គ។ សូម​​រស់នៅដោយពឹងផ្អែកទៅលើព្រះអំណោយទានរបស់ព្រះជាម្ចា​ស់​។ ពេលណាយើងរស់​នៅ​ដោយ​ពឹង​ផ្អែក​ទៅលើ​ព្រះអំណោយទានរបស់ព្រះជាម្ចាស់ គឺនៅពេលនោះយើងនឹងទទួលបាន​ការ​ស​ង្គ្រោះ គឺ​នៅ​ពេលនោះយើងមានអំណរសប្បាយ គឺនៅពេលនោះយើងមានសេចក្ដីសង្ឃឹម គឺនៅពេល​នោះ​យើង​មាន​សុ​ភមង្គល នៅពេលនោះក្នុងពិភពលោកយើងទាំងអស់នេះគឺរស់​នៅដោយមានសុខ​សន្តិភា​ព និងចេះអត់​ទោស​​ឲ្យគ្នាទៅវិញទៅមក។ អាម៉ែន៕

Daily Program

Livesteam thumbnail