តើកិច្ចបម្រើទាំងអស់ សុទ្ធតែគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬ?
បកស្រាយដោយ៖ លោកបូជាចារ្យ ជូរ ដាម៉ូ ពីក្រុមគ្រួសារសហជីវិនព្រះយេស៊ូ ភូមិភាគភ្នំពេញ
បូ. ជូរ ដាម៉ូ៖ ចំពោះការបម្រើបងប្អូនទូទៅ ច្បាស់ណាស់សុទ្ធតែគាប់នឹងព្រះហឫទ័យរបស់ព្រះយេស៊ូ ក៏ប៉ុន្តែពេលខ្លះ យើងត្រូវរកឲ្យឃើញថា ការបម្រើនេះជួយឲ្យពួកគាត់ចេញផុតពីទុក្ខលំបាកដែរអត់? តែយើងត្រូវចែកឲ្យបានច្បាស់ផងដែរ ការបម្រើតាមរយៈការចែករំលែកទ្រព្យសម្បតិ្ត ឬក៏ជាអំណោយដែលយើងមានទៅអ្នកដទៃ ដើម្បីឲ្យគេអាចរស់នៅបន្តទៀត ហើយចេះផ្លាស់ប្តូរខ្លួនឯងឲ្យបានប្រសើរឡើង និងចូលរួមជួយសង្គមជាតិនាពេលអនាគត។ ដូចពាក្យមួយឃ្លាបានពោលឡើងថា៖ យើងចង់បង្រៀនឲ្យគេចេះស្ទូចត្រី ឬក៏រកត្រីដោយខ្លួនឯង ជាជាងយើងឲ្យត្រីទៅគេហូប។ មានន័យថា យើងទាំងអស់គ្នាបង្រៀនឲ្យគេចេះរស់នៅដោយទីពឹងខ្លួន មិនចាំតែការជួយសង្គ្រោះពីអ្នកដទៃរហូតនោះទេ។ នេះហើយជារបៀបដែលយើងទាំងអស់គ្នាត្រូវជួយមនុស្សនៅជុំវិញខ្លួន ជាពិសេសអស់អ្នកដែលគ្មានទីពឹង ជនអនាថា ជនចាស់ជរា។ល។ ក្នុងការជួយនេះដែរ យើងអាចផ្តល់ជាថវិកា ជាសម្ភារៈ ជាទឹកចិត្តជាដើម។ តែជំនួយដែលយើងត្រូវជួយមនុស្សទូទៅពិតប្រាកដនោះគឺ ជួយឲ្យគាត់មានសមត្ថភាព មានជំហររឹងមាំជារបស់ខ្លួនឯង។
ដូចមាននៅក្នុងអត្ថបទគម្ពីរមួយបានរៀបរាប់ ហើយសម្តេចប៉ាប ក៏បានរំលឹកផងដែរថា៖ គុណធម៌ ឬគុណតំលៃនៃការងារ លុះត្រាតែបុគ្គលណាម្នាក់អាចប្រកបរបរកស៊ីចិញ្ចឹមជីវិតដោយខ្លួនឯងបាន។ នេះហើយជាអ្វីដែលមនុស្សគ្រប់រូបត្រូវមាន។ ម្យ៉ាងទៀតយើងជាបុត្រធីតារបស់ព្រះជាម្ចាស់ ពេលខ្លះយើងធ្វើតាមចិត្តខ្លួនឯង ព្រោះថាពេលណាយើងធ្វើបុណ្យ ឬក៏ធ្វើទានឲ្យនណាម្នាក់ យើងគិតថាយើងមានចិត្តជ្រះថ្លា ប៉ុន្តែយើងគ្រប់គ្នាភ្លេចគិត ថាអ្នកក្រីក្រមិនមែនជាកម្មវត្ថុសម្រាប់ឲ្យយើងបំពេញចិត្តជ្រះថ្លានោះទេ។ ព្រោះថាអ្នកក្រីក្រ ទុរគតជនទាំងអស់ហ្នឹង ក៏ជាបុត្រធីតារបស់ព្រះជាម្ចាស់ដូចយើង ហើយការរស់នៅរបស់ពួកគាត់ក៏ស្មើជាមួយយើង ដោយមានទាំងផ្លូវចិត្ត ទាំងអារម្មណ៍ ការអណិតអាសូរបស់ពួកយើងដែរ។
ជាក់ស្តែងនៅក្នុងសង្គមខ្មែរយើងសព្វថ្ងៃ អ្នកខ្លះធ្វើទានពិតមែន ប៉ុន្តែមិនបានយល់ទេ ថាការធ្វើទានមិនមែនគ្រាន់តែឲ្យអំណោយទៅអ្នកដទៃនោះទេ។ ការឲ្យពេលខ្លះវាពិតជាសំខាន់មែន ព្រោះតែមនុស្សខ្លះត្រូវការពិតមែន និងបន្ទាន់មែននោះ។ ប៉ុន្តែយើងត្រូវប្រាកដថា អំណោយទាំងអស់នោះ យើងមិនអាចឲ្យគាត់រហូតនោះទេ។ ព្រោះពេលខ្លះយើងជាអ្នកឲ្យក៏បាក់ទឹកចិត្តដែរ ព្រោះអំណោយដែលយើងបានផ្តល់ជូនគាត់ដូចជាមិនឃើញផ្លាស់ប្តូរ ឬក៏បានប្រសើរឡើងសោះ។ ដូច្នេះហើយ យើងត្រូវយល់ថាកាលណាយើងជួយអ្នកក្រីក្រ អ្នកទុរគត វាគឺជាសកម្មភាពល្អ ហើយកាន់តែពិសេសទៀតនោះ យើងអ្នកជួយត្រូវត្រិះរិះរកវិធីណា ធ្វើឲ្យការជួយរបស់យើងទៅមនុស្សណាម្នាក់ហ្នឹង ឲ្យគាត់បានផ្លាស់ប្តូរ រីកចម្រើន មានឯករាជ និងមានភាពជាម្ចាស់ការណ៍លើខ្លួនឯង ដោយមិនចាំបាច់ពឹងយើងទៀតនៅថ្ងៃក្រោយ។
ការឲ្យរបស់យើងជាគ្រីស្តបរិស័ទ គឺជួយលើកស្ទួយ ឬក៏លើកសំឡេងអ្នកក្រីក្រ ទុរគតជន ឲ្យមានថាមពល ឲ្យមានកំលាំងនៅក្នុងសង្គម ដើម្បីឲ្យពួកគាត់ចាកចេញផុតពីការគាបសង្កត់ កេងប្រវ័ញ្ច ចាកផុតពីទុក្ខលំបាកនៅក្នុងជីវិត។ នេះជាអ្វីមួយដែលព្រះយេស៊ូរស់នៅក្នុងនាមជាមនុស្សបានបំពេញ ហើយបានភ្ជាប់ជាមួយការប្រកាសដំណឹងល្អ ពីព្រះរាជរបស់ព្រះជាម្ចាស់ផងដែរ៕
ដោយ ឆាក លាំង