អ្នករកស៊ីក្រៅប្រព័ន្ធចាប់អារម្មណ៍លើប្រព័ន្ធសន្តិសុខសង្គម

ស្របពេលដែលប្រព័ន្ធសន្តិសុខសង្គម ឬហៅថា បសស ត្រូវបានស្ថាប័នពាក់ព័ន្ធកំពុងតែជំរុញនិងលើកទឹកចិត្ត ពលរដ្ឋដែលមានមុខរបរក្រៅប្រព័ន្ធឱ្យចុះឈ្មោះជាសមាជិក ដើម្បីពួកគេអាចទទួលបានអត្ថប្រយោជន ការគាំពារផ្នែកសង្គម​និងសុខភាពនោះ ពលរដ្ឋដែលកំពុងតែប្រកបរបរក្រៅប្រព័ន្ធទាំងនេះ ហាក់ចាប់អារម្មណ៍និងការប្រើប្រាស់។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក គឹម​​ ចេង​ ជាអ្នករត់ម៉ូតូកង់បី អាយុ ៣៥ឆ្នាំ បានឱ្យដឹងថា ៖«ប័ណ្ណបសសគឺល្អសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធដូចខ្ញុំ ដោយសារទី១លុយយើងអាចសន្សំបាន សន្សំតិចៗសម្រាប់យើងថ្ងៃក្រោយយើងមានបញ្ហាអី យើងអាចបង្វិលលុយពីក្រសួងខាងវិជ្ជាជីវៈបាន។ យើងមិនចាំបាច់ប្រើលុយទាំងដុលមកចាយវាយលើពេទ្យ»។

អ្នកនាង លុក​ គន្ធា អាយុ២៨ឆ្នាំ ជាអ្នកធ្វើក្រចក ក្នុងផ្សារកណ្តាល រាជធានីភ្នំពេញ បានឱ្យដឹងថា​ ការប្រើប្រាស់ប័ណ្ណបសសសព្វថ្ងៃហាក់ប្រសើរជាងមុនបន្តិច។ ដែលកាលពីពេលមុនអ្នកនាង ធ្លាប់លឺអ្នកប្រើប្រាស់ ថាពិបាកពេលទៅមន្ទីរពេទ្យមានការរើសអើងច្រើន ហើយបច្ចុប្បន្នប័ណ្ណនេះជាការជួយរបស់រដ្ឋ ដល់ប្រជាពលរដ្ឋ។

អ្នកធ្វើក្រចក រយៈពេល៥ឆ្នាំនេះ បន្ថែមថា ៖«ខ្ញុំមិនទាន់មានប័ណ្ណបសសណឹងទេ តែខ្ញុំមានបំណងចង់ទៅធ្វើវា។ បសសណឹងពេលដែលយើងឈឺថ្កាត់អីណឹង យើងអាចមានប័ណ្ណបសសណឹងទៅពេទ្យគ្រប់កន្លែងបាន ហើយយើងអស់តិចតួច»។

អ្នកនាង លុក គន្ធា បន្ថែមថា មិនមែនតែអ្នកធ្វើការទូទៅនោះទេ សូម្បីតែសិស្ស និស្សិតដែលកំពុងសិក្សា​ក៍​ត្រូវការកិច្ចគាំពារដែរ ពីព្រោះក្នុងពេលបច្ចុប្បន្នយុវជនបានជួបនូវបញ្ហាជាច្រើនចំណុច ដែល​មិនទទួលបានបេឡាជាតិសន្ដិសុខសង្គមឬបណ្ណ បសស នេះ។

លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បានអោយដឹងថា បច្ចុប្បន្នសមាគមបានចុះអប់រំ ផ្សព្វផ្សាយពីអត្ថប្រយោជន៍ពីបសស ជាមួយក្រុមប្រឹក្សាជាតិគាំពារសង្គម ជាមួយក្រសួងការងារ បេឡាសន្តិសុខផ្ទាល់ផ្សព្វផ្សាយទៅតាមបណ្តាខេត្តតាមគោលដៅរបស់អ្នកសេដ្ឋកិច្ចមួយចំនួន។

លោក វ៉ន ពៅ បានអោយកម្មវិធីលុយ នៃសារព័ត៌មានកោះសន្តិភាព ដឹងថា ៖«ប៉ុន្តែការចុះ (ផ្សព្វផ្សាយ) សម្រាប់សមាគមនយើងទើបបាន ៣០០០នាក់ទេ។ វិសាលភាពនៅទូលំទូលាយនៅឡើយ អ៊ីចឹងយើងនៅមានបេសកម្មជាច្រើនទៀតជាមួយស្ថាប័នពាក់ព័ន្ធ របស់បេឡាជាតិរបបសន្តិសុខសង្គម ដើម្បីជំរុញអោយសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះបញ្ជីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ពួកគាត់»។

ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ប្រជាពលរដ្ឋសរុបចំនួន ១០៦,៨៦៨ នាក់បានចុះឈ្មោះជាសមាជិកនៃមូលនិធិរបបសន្តិសុខសង្គម នៃការថែទាំសុខភាពដោយស្ម័គ្រចិត្ត (គម្រោងវិភាគទានស្ម័គ្រចិត្ត) ដែលគ្រប់គ្រងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុង​ចំណោម​តួ​លេខ​នេះ មាន​មនុស្ស ៩៧,០៣១ ជា​អ្នក​ធ្វើ​ការ​ដោយ​ខ្លួន​ឯង ដូច​ជា​អាជីវករ អ្នករត់ម៉ូតូកង់បី (PassApp) និង​អ្នក​រត់​ម៉ូតូឌុប។

អត្រាចុះឈ្មោះខ្ពស់ឆ្លុះបញ្ចាំងពីការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការចូលជាសមាជិក ប.ស.ស បន្ទាប់ពីយុទ្ធនាការរបស់ស្ថាប័នស្តីពីរបបសន្តិសុខសង្គមសម្រាប់ការថែទាំសុខភាពលើមូលដ្ឋានវិភាគទានស្ម័គ្រចិត្ត៕

Daily Program

Livesteam thumbnail