មើមឈូកអាហារសុវត្ថិភាព ផលិតផលសម្រាប់អាហារសុខភាព

លោក អ៊ុច ឆាត ជាកសិករដាំឈូកយកមើមនៅភូមិត្រដក់ពង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។ កន្លងទៅថ្មីៗនេះកសិករ អ៊ុច ឆាត ជាអ្នកផលិតបន្លែ មើមឈូក ដាំដោយវិធី មិនប្រើគីមី ដែលកំពុងទទួលផលបានជាង៥តោន និងរង់ចាំការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ។

លោកសម្តែងក្តីរីករាយដែលដំណាំប្រភេទនេះជាម្ហូបជួយដល់សុខភាពអ្នកបរិភោគ ផ្គួបផ្សំនឹងដំណើរការថែទាំរបស់លោកពុំបានប្រើថ្នាំពុលគីមីនោះទេ។ តែយ៉ាងណា លោករំពឹងថា ប្រជាជននឹងនិយមចូលចិត្តទទួលទានមើមរុក្ខជាតិមួយនេះ ដើម្បីឱ្យតម្លៃមើមឈូកក្នុងស្រុកមានទីផ្សារល្អ ហើយអ្នកដាំក៏បានចំណូលខ្ពស់ជាងសព្វថ្ងៃ។

កសិកររូបនេះបានបញ្ជាក់អំពីអត្ថប្រយោជន៍បន្លែមើមឈូក ជាបន្លែសុវត្ថិភាព  មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ និង សំបូរទៅដោយវីតាមីន និងជាតិរ៉ែ ជាពិសេសមើមឈូកអាចច្នៃជាម្សៅមើមឈូក ល្អសម្រាប់សុខភាព និងជួយបន្ថែមចំណីអាហារ បែបធម្មជាតិ អាចចម្អិនជាមួយម្ហូបចំណីច្រើនប្រភេទដូចជា ស្ងោរជាមួយសាច់ជ្រូក ឬសាច់គោ ឆាបំពងជាមួយសាច់ បំពងម្សៅ ឬបំពងសាច់ត្រី/បន្លែផ្សេងៗ។  កសិកររូបនេះបានបើនិយាយអំពីតម្លៃថាសមរម្យ តម្លៃលក់៦០០០រៀលក្នុងមួយគីឡូក្រាម ។

មើមឈូក គឺជាបន្លែមួយប្រភេទដែលសម្បូរជាតិវីតាមីន និងសារធាតុរ៉ែ ដូចជា ពពួកវីតាមីន B វីតាមីន C ជាតិសរសៃ Fiber ជាតិដែក ស្ពាន់ ស័ង្កសី ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស និងកាលស្យូមជាដើម។ នេះបើតាមគេហទំព័រព័ត៌មានសុខភាពក្នុងស្រុក។

សម្រាប់ម្ចាស់ចម្ការឈូកមួយកន្លែងនៅភូមិត្រដក់ពង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ គឺលោក អ៊ុច ឆាត ប្រាប់ ថា រុក្ខជាតិមើមឈូកនេះ ជាបន្លែសុវត្ថិភាព មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ សម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ជាពិសេសមើមឈូកអាចច្នៃជាម្សៅមើមឈូកល្អសម្រាប់សុខភាពផងដែរ។

ក្រៅពីជំនួយដល់សុខភាពអ្នកទទួលទានហើយ លោក អ៊ុច ឆាត ក៏សម្តែងក្តីរីករាយដែលលោកមិនប្រើប្រាស់ថ្នាំពុលគីមីក្នុងដំណើរដាំដុះរុក្ខជាតិមួយនេះផងដែរ ព្រោះលោកយល់ថា សុខភាពអ្នកបរិភោគគឺជាទំនួលខុសត្រូវរបស់អ្នកផលិត។ មួយទៀតលោកថា ក្រុមគ្រួសាររបស់លោកក៏ទទួលទានមើមឈូកនេះផងដែរ ដូច្នេះលោកប្រកាន់ភ្ជាប់គោលការណ៍សុខភាពចំណីអាហារជាចម្បង។

កសិករ អ៊ុច ឆាត បានអំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋ ជួយគាំទ្រផលិតផលស្រុកខ្មែរ ដើម្បីជួយលើកទឹកចិត្តកសិករខ្មែរ។ ជាមួយគ្នានេះដែរគាត់ក៏ស្នើសុំស្ថាប័នពាក់ព័ន្ធជួយស្វែងរកទីផ្សារបន្ថែម ដើម្បីអាចពង្រីកការដាំដុះតាមតម្រូវការអតិថិជនក្នុងពេលខាងមុខ។

ផ្អែកតាមឯកសារសុខភាពរៀបរាប់ថា មើមឈូកផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពអ្នកទទួលទានដូចជា៖  បង្កើនថាម ពលដល់រាងកាយ។ រីឯជាតិសរសៃក្នុងមើមឈូក ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយកូលេស្ដេរ៉ុល ព្រមទាំងជួយសម្រកទម្ងន់។  ជួយបន្ថយកម្រិតកូឡេស្តេរ៉ុលនៅក្នុងឈាម និងអត្រាប្រឈមជម្ងឺទឹកនោមផ្អែម។

ពិសេស វីតាមីន C នៅក្នុងមើមឈូក ជួយបង្កើនប្រព័ន្ធភាពស៊ាំប្រឆាំងជម្ងឺឆ្លង និងចូលរួមចំណែកលើកកម្ពស់សុខភាពស្បែកទប់ទល់នឹងជម្ងឺស្បែកមួយចំនួនផងដែរ។ អ្វីដែលសំខាន់មួយទៀតនោះ មើមឈូកផ្ទុកនូវពពួកវីតាមីន B និងB-៦ ដែលជួយសម្រួលដល់ផ្លូវអារម្មណ៍ ជួយបង្ការភាពស្លេកស្លាំងដល់រាងកាយ  ហើយជាតិកាល់ស្យូមក្នុងមើមឈូក ជួយទប់ទល់សារជាតិអាក្រក់នៃសូដ្យូមក្នុងរាងកាយ ដូច្នេះ គុណប្រយោជន៍របស់វាជួយគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាមបានល្អផងដែរ៕

Daily Program

Livesteam thumbnail