ហ្គ្រូអេនឡេន កោះដែលធំបំផុតនៅលើពិភពលោក

ហ្គ្រូអេនឡេន គឺជាប្រទេសសហព័ន្ធនៃរាជាណាចក្រដាណឺម៉ាក និងជាដែនដីឯនាយ​សមុទ្រ ដែលចងភ្ជាប់និងសហភាពអឺរ៉ុប។ ហ្គ្រូអេនឡេនស្ថិតនៅភាគខាងកើតនៃជ្រោយអាកទិក នៅ​ភាគឥសាននៃទ្វីបអាម៉េរិកខាងជើង និងមានមហាសមុទ្រអាត្លង់ទិកស្ថិតនៅភាគអាគ្នេយ៍។

ជាមួយនិងផ្ទៃដីដែលមានទំហំ ២ ១៦៦ ០៨៦ km2  ហ្គ្រូអេនឡេនគឺជាកោះដែលមានទំហំធំ ជាងគេនៅលើពិភពលោក។ ហើយដោយមានប្រជាជនចំនួន ៥៦ ៦០៩ នាក់ ត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០២៣ ហ្គ្រូអេនឡេន ស្ថិតនៅក្នុងចំណោមដែនដីនៅលើភពផែនដី ដែលមាន ដង់ស៊ីតេ ប្រជាជនរស់នៅតិចបំផុតផងដែរ។

នៅរដូវរងា នៅភាគខាងជើងទឹកដីហ្គ្រូអេនឡេន ព្រះអាទិត្យលិចបាត់ស្ទើតែពេញរយៈពេល ៣ខែ។ សីតុណ្ហភាពជាមធ្យម គឺមាន ៣០°C។ សីតុណ្ហភាពជាមធ្យមនៅតាមតំបន់មាត់​សមុទ្រ គឺ ប្រែប្រួលពី ១៥°C  នៅភាគខាងជើង និង ០°C  នៅភាគខាងត្បូង។

នៅឆ្នាំ៩៨២ ជនជាតិវីកឃីង លោកអេរីក ឡឺ រូហ្ស៍ បានរកឃើញកោះហ្គ្រូអេនឡេនដែល​មាន​តែទឹកកក និងវាលផ្កាស្មៅនៅតាមតំបន់ឆ្នេរ។ លោកដាក់ឈ្មោះកោះថា ហ្គ្រូអេនឡេន ដែល​មាន​ន័យថា ដីបៃតង នៅក្នុងគោលដៅទាក់ទាញអ្នកមកតាំងទីលំនៅ មកបន្ថែមទៀត។

នៅសម័យទំនើប ប្រធានាធិបតីអាម៉េរិក លោកហារី អេស ទ្រូម៉ាន់ ធ្លាប់ផ្តល់ និងស្នើនូវ ទឹកប្រាក់ ១០០លានដុល្លារ ដើម្បីទិញកោះហ្គ្រូអេនឡេន។ ប្រទេសដាណឺម៉ាក ដែលបន្ទាប់ពី សង្រ្គាមលោកទីពីរចប់ បានចាប់យកការគ្រប់គ្រងដែនដីកោះហ្គ្រូអេនឡេន និងបានបដិសេធ​ការ​​លក់កោះនេះទៅឲ្យសហរដ្ឋអាម៉េរិក។

នៅឆ្នាំ១៩៥៣ កោះហ្គ្រូអេនឡេនឆ្លងកាត់ពីលក្ខន្តិកៈដែនដីអាណានិគមទៅ កាន់​លក្ខន្តិកៈ​ជា​ខេត្ត​ឯនាយ​សមុទ្រ តំណាងរាស្រ្តជនជាតិភាគតិចអង្គុយនៅសភាដាណឺម៉ាក។

នៅអំឡុងសម័យសង្រ្គាមត្រជាក់ សហរដ្ឋអាម៉េរិកស្ថាបនាមូលដ្ឋានទ័ពអាកាសនៅកោះ​ហ្គ្រូអេនឡេន។ ជាឧទាហរណ៍ មូលដ្ឋានទ័ព ថូឡេ ត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌល​ដាក់​ពង្រាយ​មីស៊ីលបាលីស្ទីកអន្តរទ្វីប ដែលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ និងដែលអាចធ្វើ​ឲ្យ​កងកម្លាំងនុយក្លេអ៊ែរអាម៉េរិក បាញ់ទៅដល់សហភាពសូវៀតបាន។

នៅអំឡុងទសវត្ស​ឆ្នាំ១៩៦០-ឆ្នាំ១៩៧០ ប្រទេសដាណឺម៉ាកចាប់ផ្តើមធ្វើនយោបាយដាណឺ​ម៉ាកជាតូនីយកម្ម​លើ​កោះ​ហ្គ្រូអេនឡេន មានជាអាទិ៍តាមរយៈប្រតិបត្តិការនគរូនីយកម្មដែល​សំដៅ​​ប្រមូលផ្តុំ​ទី​ជម្រក​ឲ្យនៅជុំគ្នា។ អាជ្ញាធរដាណឺម៉ាក បានដឹកនាំនយោបាយធ្វើទំនើប​កម្ម​ក្នុងជំហានបង្ខំ​នៅកោះហ្គ្រូអេនឡេន។ ភូមិតូចៗ ជាច្រើនត្រូវបានបិទ ហើយប្រជាជនរបស់​ពួកគេ​ត្រូវ​ប្រមូល​ផ្តុំឲ្យមករស់នៅតាមទីក្រុងនានា ដែលបង្កបង្កើតបានជាវណ្ណៈកម្មករថ្មីមួយ។ប៉ុន្តែកោះ​ហ្គ្រូអេនឡេនទទូលបានស្វ័យភាពផ្ទៃក្នុងពី​ដាណឺម៉ាក​នៅឆ្នាំ១៩៧៩។

នៅដើមសតវត្សទី២១ ក៏ឃើញមានការកើនឡើងនូវចលនាឯករាជ្យភាពនិយមនៅកោះ​ហ្គ្រូអេនឡេន។ ប្រទេសរុស្ស៊ីក៏ចាប់ផ្តើមដាក់មូលដ្ឋានយោធា​ឡើង​វិញ​នៅទ្វីប​អាកទិក នៅ​ខណៈ​ដែលប្រទេសចិនអភិវឌ្ឍការវិនិយោគរបស់ខ្លួននៅកោះហ្គ្រូអេនឡេន ហើយ​ចាប់ផ្តើម​ធ្វើ​អាជីវកម្មលើរ៉ែកម្រនៅទីនោះ។ ធនធាននៅក្រោមដីនៃកោះហ្គ្រូអេនឡេន ជាវត្ថុធាតុដើម មានដូចជា ប្រេង ឧស្ម័ន និងរ៉ែកម្រ ទាក់​ទាញដល់អ្នកវិនិយោគ ដែលមកទល់ពេលនេះ​បាន​ធ្វើ​អាជីវកម្មតែបន្តិចបន្តួចដោយសារ​ការតម្រង់ទិសខាងបរិស្ថានពីរដ្ឋាភិបាលដាណឺម៉ាក។

មកខែធ្នូ ឆ្នាំ២០២៤ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ដែលទើបជាប់ឆ្នោតថ្មីៗ បានសម្តែង​សាជាថ្មី​នូវ​ក្តី​ប្រាថ្នា​របស់លោកចាប់យកការគ្រប់គ្រងកោះហ្គ្រូអេនឡេន ដោយមិនលើកលែង​ទាំង​ការប្រើ​​កម្លាំ​ង​យោធា​ដើម្បីសម្រេចគោលដៅរបស់លោក។ កោះហ្គ្រូអេនឡេន​ត្រូវ​បាន​ចាត់​ទុក​ជា​យុទ្ធសាស្រ្ត​​សម្រាប់យោធាអាម៉េរិកជាមួយមូលដ្ឋានទ័ពអាកាស ពីទូហ្វីក របស់​ខ្លួន។ ប៉ុន្តែ​នាយក​រដ្ឋមន្រ្តីហ្គ្រូអេនឡេន បានឆ្លើយថា កោះនេះមិនមែន​សម្រាប់លក់ទេ។

 

Daily Program

Livesteam thumbnail