ព្រះចៅអាគីហ៊ីតូ អធិរាជជប៉ុនដែលសម្តែងអារម្មណ៍សោកស្តាយ សម្រាប់សង្រ្គាម លោកលើកទី២
ព្រះចៅអាគីហ៊ីតូ ប្រសូតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៣៣ នៅវិមានអធិរាជរាជធានីតូក្យូ និង ជា អធិរាជនៃប្រទេសជប៉ុន ពីថ្ងៃទី៧ មករា ឆ្នាំ១៩៨៩ រហូតដល់ថ្ងៃដាក់រាជ្យរបស់ព្រះអង្គ នៅថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០១៩។ ការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះចៅ អាគីហ៊ីតូ ជាការកត់សម្គាល់នូវការបញ្ចប់យុគសម័យស្ហ៉ូវ៉ា និងការចាប់ផ្តើមនៃយុគសម័យ ហេសេ។
ព្រះអង្គអាគីហ៊ីតូ គឺជាបុត្រច្បង និងជាអ្នកស្នងនៃអធិរាជ ស្ហ៉ូវ៉ា ឬព្រះចៅ ហ៊ីរ៉ូហ៊ីតូ ជាមួយព្រះម្ចាស់ក្សត្រី កូជុន ឬព្រះក្សត្រី ណាហ្គ៉ាកូ។
ដោយឡើងសោយរាជ្យជាផ្លូវការនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩០ យោងតាមប្រពៃណី ស្ហ៊ីនតូ ព្រះអង្គអាគីហ៊ីតូ គឺជាអធិរាជទី១២៥ របស់ជប៉ុន មានប្រភពពីគ្រួសាររាជ្យវង្ស យ៉ាម៉ាតូ ដែលធ្លាប់បានសោយរាជ្យនៅជប៉ុនចាប់តាំងពីឆ្នាំ៦៦០ មុនគ្រីស្ទសករាជ ដែលនេះគឺជារាជវង្សដែលមានចំណាស់បំផុតនៅលើពិភពលោក។
ព្រះចៅអធិរាជអាគីហ៊ីតូ បានដាក់រាជ្យនៅថ្ងៃទី៣០ មេសា ឆ្នាំ២០១៩ ដែលជាការសម្រេចចិត្តរបស់ព្រះអង្គ ក្រោយពីបានប្រកាសមុនប៉ុន្មានខែ។
ទោះបីជាមានការកំហិតដោយរដ្ឋធម្មនុញ្ញជប៉ុន សម្រាប់តួនាទីរបស់ព្រះចៅអធិរាជ ព្រះអង្គអាគីហ៊ីតូ បានចេញជាច្រើនដងពីរាជវាំងដើម្បីសម្តែងនូវការសោកស្តាយជាបុគ្គលផ្ទាល់ខ្លួន ក្នុងនាមជាគ្រួសារអធិរាជ សម្រាប់ប្រទេសនៅអាស៊ី ដែលបានរងការឈឺចាប់នៅអំឡុងពេលការកាន់កាប់របស់ជប៉ុន។
នៅឆ្នាំ១៩៧៥ ព្រះអង្គបានធ្វើដំណើរទៅកោះ អូគីណាវ៉ា ដែនដីដែលបានទទួលនូវសមរភូមិដ៏អាក្រក់របស់ប្រទេសជប៉ុន។
ចាប់តាំងពីថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៨៩ នៅអំឡុងពេលទស្សនកិច្ចជាផ្លូវការនៃនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន លោកលី ប៉េង ព្រះអង្គអាគីហ៊ីតូ ជាលើកទី១ បានប្រើពាក្យ “សោកស្តាយ” (សម្រាប់ទង្វើរបស់ជប៉ុន)។ ក្រោយមក ព្រះអង្គអាគីហ៊ីតូ គឺជាអធិរាជជប៉ុនទី១ ដែលបានទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន នៅខែតុលា ឆ្នាំ១៩៩២។
ពាក់ព័ន្ធនឹងរឿងកូរ៉េ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩០ ព្រះអង្គអាគីហ៊ីតូ ក៏បានសម្តែងនូវការសោកស្តាយជ្រាលជ្រៅសម្រាប់អំពើហិង្សាជប៉ុនកាលពីអតីតកាល ក្នុងអំឡុងកិច្ចសន្ទនាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោករ៉ូ តេវូ ដែលមកទស្សនកិច្ចជាផ្លូវការនៅជប៉ុន។ ខ្លឹមសារ គឺដោយនឹកទៅដល់ការឈឺចាប់ដែលប្រជាជនកូរ៉េបានទទួលរងនៅអំឡុងយុគសម័យដ៏ឈឺចាប់នោះ តាមរយៈកំហុសរបស់ប្រជាជាតិជប៉ុន គឺព្រះអង្គមានអារម្មណ៍អំពីការឈឺចាប់ និងសោកស្តាយដ៏ជ្រាលជ្រៅបំផុត។
នៅខែមិថុនា ឆ្នាំ២០០៥ ព្រះចៅអធិរាជ បានធ្វើដំណើរទស្សនកិច្ចនៅកោះសៃប៉ាន ប្រជុំកោះម៉ារីយ៉ាន នៅមហាសមុទ្រប៉ាស៊ីហ្វីក។ នេះគឺជាទីតាំងសមរភូមិដ៏បង្ហូរឈាមមួយខ្លាំងបំផុត នៅសង្រ្គាមលោកលើកទី២ ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៤៤ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៤៤។ ព្រះអង្គបានបួងសួង និងផ្តល់ផ្កាម្រាប់បូជនីយដ្ឋានចងចាំជាច្រើនសម្រាប់ផ្តល់កិត្តិយលដល់កងទ័ពជប៉ុនដែលបានពលីដោយសារសង្រ្គាម កងទ័ពអាម៉េរិក ពលករកូរ៉េដែលបង្ខំឲ្យប្រយុទ្ធដើម្បីជប៉ុន និងប្រជាជនក្នុងតំបន់។ នេះគឺជាដំណើរទស្សនកិច្ចលើកទី១ របស់ព្រះមហាក្សត្រជប៉ុន នៅលើទីតាំងនានានៃអតីតសមរភូមិនៅសង្រ្គាមលោកលើកទី២។
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ព្រះអង្គអាគីហ៊ីតូ សម្តែងនូវអារម្មណ៍ឈឺចាប់សោកស្តាយយ៉ាងជ្រាលជ្រៅសម្រាប់សង្រ្គាមលោកលើកទី២ ក្នុងគម្របខួប ៧០ឆ្នាំ បន្ទាប់ពីការបិទបញ្ចប់សង្រ្គាម។