កន្ទេលក្រហម ជាសិប្បកម្មប្រពៃណី
ប្រជាពលរដ្ឋរស់នៅភូមិបែកចាន ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាច្រើនជំនាន់បានទាញយកប្រយោជន៍ពីទន្លេសាបពេញមួយឆ្នាំ ។ នៅរដូវវស្សា ពួកគាត់នេសាទក្នុងទន្លេនៅរដូវប្រាំង ពួកគាត់ធ្វើស្រែចម្ការ ដាំឈូក និងដំណាំផ្សេងៗទៀត ។ ការដាំកក់មូល ដែលជាវត្ថុធាតុដើម ប្រើសម្រាប់ត្បាញកន្ទេល « កន្ទេលក្រហម» ជាសិប្បកម្មប្រពៃណី ដែលមនុស្សចាស់មួយចំនួននៅក្នុងភូមិនេះ បន្តតស៊ូថែរក្សា ខណៈដែលក្មេងជំនាន់ក្រោយ ពួកគេមិនសូវចាប់អារម្មណ៍មុខរបរនេះប៉ុន្មានឡើយ ។ កក់មូល shingle flatsedge (Cyperus imbricatus) ជាប្រភេទរុក្ខជាតិស្មៅ មានដុះនៅតំបន់ដីសើមត្រូពិច ។ នៅក្នុងប្រទេសកម្ពុជា វាដុះនៅក្នុងបឹងដែលទទួលទឹកពីទន្លេសាប បឹងទន្លេសាប និងទន្លេមេគង្គ ។ ប៉ុន្តែបច្ចុប្បន្ននេះ កក់មូលដែលដុះក្នុងបឹងធម្មជាតិ មិនអាចបំពេញតម្រូវការបានទេ ។ អ្នកប្រកបរបរត្បាញកន្ទេលលក់ ត្រូវដាំដុះកក់មូល ដូចគ្នាការធ្វើស្រែដែរ គឺរាប់ចាប់តាំងពីការរក្សាទុកគ្រាប់ពូជ សាបព្រោះ ដកស្ទូង និងច្រូតកាត់ជាដើម ។ ក្នុងវ័យ ៦០ឆ្នាំ អ៊ុំស្រី ជា ហ៊ន ក្នុងដៃកាន់កណ្តៀវច្រូតកក់មូលបណ្តើរ និយាយបណ្តើរថា «ការដាំដុះកក់មូល គឺមិនខុសពីការធ្វើស្រែប៉ុន្មានទេ វាត្រូវការថែទាំ ដាក់ទឹក និងជីដូចស្រូវដែរ ។ បើមិនដូច្នោះទេ វានឹងមិនលូតលាស់បានល្អឡើយ ។ យើងត្រូវឱ្យវាលូតលាស់ដល់ប្រវែងចាប់ពី ១,២ម៉ែត្រ ដល់ ១,៦ម៉ែត្រ ដើម្បីតម្រូវតាមខ្នាតកន្ទេល » ។ ចំពោះតម្រូវការទីផ្សារកន្ទេល មានពីរប្រភេទគឺ កន្ទេលខ្សែ និង កន្ទេលដេក ។ កន្ទេលខ្សែ មានប្រវែងទទឹង ០,៩ម៉ែត្រ និងបណ្តោយ ៥ម៉ែត្រ ។ ជាទូទ កន្ទេលខ្សែឃើញមានប្រើប្រាស់នៅតាមទីអារ៉ាមនានា ។ វាមានតម្លៃប្រហែល១៥ម៉ឺនរៀល។ ចំពោះកន្ទេលដេក មានប្រវែងទទឹង ១,២ម៉ែត្រ ទៅ ១,៤ម៉ែត្រ និងបណ្តោយប្រវែង ២ម៉ែត្រ ។ វាមានតម្លៃប្រហែល ៥ទៅ៦ម៉ឺនរៀល ។ អង្គុយលើគ្រែជាមួយចៅពីរនាក់នៅក្បែរនោះ អ៊ុំស្រី នន ឆុន អាយុ ៦៣ឆ្នាំ បាននិយាយថា «ការត្បាញកន្ទេលមិនចំណាយពេលយូរទេ ខ្ញុំអាចត្បាញក្នុងមួយថ្ងៃ បានកន្ទេលមួយប្រវែង ២ម៉ែត្រ។ ប៉ុន្តែអ្វីដែលយូរនោះគឺ ទម្រាំបានចេញចម្រៀកសរសៃកក់ជ្រលក់ពណ៌រួច គឺត្រូវចំណាយពេលរាប់ខែ។មានតែមនុស្សចាស់ដូចពួកយើងទេ ដែលនៅតែត្បាញ បន្ទាប់ពីសម្រាកពីការងារធ្វើស្រែចម្ការ ។ ជាការពិតណាស់ ទម្រាំចេញជាផលិតផលសម្រេច ទាមទារពេលវេលា និងការខិតខំប្រឹងប្រែងច្រើន ។ ចាប់ពីការដាំដុះដល់ច្រូត ត្រូវប្រើពេល ២ទៅ៣ខែ ។ បន្ទាប់ពីច្រូតកាត់ អ្នកតម្បាញត្រូវអង្គុយឆូតសម្បកដើមកក់ ម្តងមួយដើមៗដោយកាំបិត ឱ្យចេញជាសរសៃកក់ រួចយកទៅហាលឱ្យស្ងួត រយៈពេលពី ១០ទៅ១៥ ថ្ងៃមុននឹងជ្រលក់ ។ បន្ទាប់ពីដំណើរការជ្រលក់ពណ៌រួច សរសៃកក់ត្រូវយកទៅហាលថ្ងៃម្តងទៀត មុននឹងយកមកត្បាញជាកន្ទេល ។ បន្ទាប់ពីបានផលិតផលសម្រេច បញ្ហាប្រឈមមួយផ្សេងទៀតក៏មកដល់ នោះគឺតម្លៃលក់ចេញ ត្រូវប្រកួតប្រជែងជាមួយកន្ទេលប្លាស្ទិក ដែលជាផលិតផលស្រដៀងគ្នា ។ អ៊ុំស្រី ជា ហ៊ន បានថ្លែងថា «ខ្ញុំបានជួបអ្នកទិញមួយចំនួន ដែលនិយាយថា ផលិតផលរបស់ខ្ញុំថ្លៃពេក ពួកគេចូលចិត្តប្រើកន្ទេលប្លាស្ទិកថោកជំនួសវិញ » ។ ប្រការនេះបានធ្វើឱ្យអ្នកតម្បាញកន្ទេលនៅក្នុងភូមិ មានអារម្មណ៍បាក់ទឹកចិត្តយ៉ាងខ្លាំង ។ អ្នកខ្លះបានបោះបង់ឈប់ត្បាញ ចំណែកអ្នកខ្លះទៀត តាំងចិត្តបន្តថែរក្សាសិប្បកម្មបែបប្រពៃណីបុរាណនេះ ៕