អាជីវកម្មផ្នែកអាពាហ៍ពិពាហ៍ចាប់ផ្តើមរស់ឡើងវិញ

រដូវរំហើយមកដល់ឆាប់ៗនេះ ក៏ជាពេលដែលកម្លោះក្រមុំចាប់ផ្តើមគិតគូររឿងរៀបអាពាហ៍ពិពាហ៍។ រយៈពេល២ឆ្នាំនៃជំងឺកូវីដ១៩ បើទោះបីជាមានការរៀបចំសែនព្រេនពិតមែន តែក៏មិនបានធ្វើឱ្យអ្នកដែលបម្រើសេវាកម្មអាពាហ៍ពិពាហ៍មានចំណូលនោះទេ។

ចាប់តាំងពីថ្ងៃទី ១ ខែវិច្ឆិកាក្រោយការប្រកាសបើកអនុញ្ញាត្តឱ្យមានការរៀបអាពាហ៍ពិពាហ៍ឡើងវិញ ក្រោមភ្ញៀវចូលរួមមិនលើសពី២០០នាក់នោះ។ សេវាកម្មអាពាហ៍ពិពាហ៍ ដូចជាតន្ត្រីសម័យ និងបុរាណ សំអាងការ ភេសជ្ជៈ ចុងភៅ និងជាសេវាកម្មច្រើនមុខទៀតដែលបម្រើឱ្យការរៀបចំអាពាហ៍ពិពាហ៍ ត្រូវ​បាន​បញ្ជាកក់ និងដំណើរ​ការ​មួ​យ​ចំនួន​បណ្តើ​រៗវិញ។

លោកស្រី ជា សម្បូរ ម្ចាស់បោះពុម្ពធៀបការ និងពិធីបុណ្យផ្សេងៗ បានថ្លែងថា ៖«ខ្ញុំចាប់ផ្តើមបោះពុម្ពវិញ ខ្ញុំទទួលបានពេលនេះត្រឹមតែ១០០សន្លឹកទេ​ គេមិនហ៊ានធ្វើច្រើនទេព្រោះគេខ្លាច គេធ្វើត្រឹមតែ១០តុទេ នេះការនៅតែភ្នំពេញយើងទេ។ គេរៀបចំតូចតាចហ្មឹង។ ពេលនេះយើងត្រូវតែប្រុងប្រយ័ត្នសិនណា យើងមិនអាចធ្វើធំដុំបានវិញភ្លាមៗទេ។ ជាធម្មតាតែមានហេតុភេទអ្វី យើងខាត អ្នកដើមបុណ្យដើមការ គេអត់ហ៊ានធ្វើច្រើនទេ គេធ្វើតែបន្តិចៗទេ»។

អ្នកនាង ជួន សុជាតា ម្ចាស់រោងពុម្ពសុជាតា ឲ្យដឹងថា ៖«ភ្ញៀវរៀបការពេលនេះ អាចត្រឹម១០តុ ឬ៥តុ។ ខ្ញុំសូមសំណូមពរដល់ប្រជាពលរដ្ឋ ទាំងអស់នៅក្នុងការប្រារព្ធពិធីផ្សេងៗមិនថា ការឬបុណ្យ ខួបកំណើត ត្រូវតែរក្សានូវវិធានការសុខាភិបាល ដើម្បីសុខភាពយើងទាំងអស់គ្នា និងប្រទេសជាតិយើងទាំងអស់គ្នា»។

អ្នកនាង ជួន សុជាតា បានថ្លែថា ក្រោយពីការប្រកាសបើកឱ្យមានពិធីមង្គលការ ឬពិធីបុណ្យទានផ្សេងៗនោះ វិស័យបោះពុម្ពចាប់ផ្តើមដំណើរការទៅមុខជាសន្សឹមៗ ប៉ុន្តែនៅក្នុងការប្រារព្ធពិធីនីមួយៗក៏មិនមានលក្ខណៈធំៗដូចកាលពីពេលមុននោះទេ។

លោក សៀង ចន្ថា ម្ចាស់អាជីវកម្មចុងភៅ បានថ្លែងថា ៖«បន្ទាប់ពីគាត់(រដ្ឋាភិបាល)បានប្រកាសបើកឡើងវិញធ្វើឱ្យអាជីវកម្មរបស់ខ្ញុំធ្វើដំណើរទៅសន្សឹមៗ អាចដោះស្រាយជីវភាពប្រចាំថ្ងៃរបស់បុគ្គលិក គាត់មកធ្វើការឡើងវិញ»។

លោក សៀង ចន្ថា បានបន្តថា ចុងភៅទាំងអស់សុទ្ធតែគោរពតាមគោលការណ៍របស់ក្រសួង ដោយរក្សាគម្លាតតុ កាត់បន្ថយចំនួនមនុស្សក្នុងមួយតុ បំពាក់ម៉ាស៊ីនបាញ់សម្លាប់មេរោគ ម៉ាស៊ីនស្កេនQR Code បង្ហាញអត្តសញ្ញាណបណ្ណទាំងអស់ក្នុងពិធី ​និងឧបករណ៍វាស់កម្តៅ ដើម្បីកាត់បន្ថយមេរោគកូវីដ១៩។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានក្រើនរំលឹក និងអំពាវនាវដល់ម្ចាស់ដើមការទាំងអស់ ដែលរៀបចំពិធីសម្រាប់កូនចៅត្រូវតែបន្ដយកចិត្តទុកដាក់អនុវត្តនូវវិធានសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ ស្របពេលរាជរដ្ឋាភិបាលអនុញ្ញាតឡើងវិញ។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ទីស្តីការ​ថ្មី​របស់​ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម និង​សំណង់ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានប្រកាស អនុញ្ញាត​ឲ្យ​រៀបចំ​ពិធីមង្គលការ​ឡើងវិញដោយ​មិន​កំណត់​ ទៅតាម​ទីតាំង​ដែល​អាច​រក្សា​គម្លាត​សុវត្ថិភាព​បាន​។

​​ក្រៅពី​តម្រូវ​ឲ្យ​ម្ចាស់​កម្មវិធី ត្រូវមាន​ទីតាំង​ឯកជន​សមស្រប សម្រាប់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ឬ​ពិធីបុណ្យ​ប្រពៃណី​ផ្សេង ទៀត និង​ត្រូវដាក់​ពាក្យស្នើសុំ​រៀបចំ​កម្មវិធី ជូន​មក​រដ្ឋបាល​ខណ្ឌ​នៃ​ទីតាំង​ប្រារព្ធ​ជាមុន​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​តម្រូវ​ឲ្យ​ម្ចាស់​កម្មវិធី​ត្រូវ​ចុះកិច្ចសន្យា​ជាមួយ​រដ្ឋបាល​ខណ្ឌ​នៃ​ទីតាំង​ប្រារព្ធ​ពិធី​ដើម្បី​ទទួលខុសត្រូវ​អនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា ស្តីពី​ការរៀប​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ប្រពៃណី​ផ្សេងទៀត តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ កូ​វីដ​១៩ ( SOP ) របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​ក្រសួង​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ជាពិសេស​ត្រូវ​អន​វុត្ត​វិធានការ សុវត្ថិភាព​ផ្នែក​សុខាភិបាល ឲ្យ​បាន​ម៉ឺងម៉ាត់ គឺ​កាតព្វកិច្ច​ពាក់​ម៉ាស ( លើកលែង​ពេល​ទទួលទាន​អាហារ​-​ភេសជ្ជៈ​) កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការធ្វើ​អនាម័យ បាញ់ថ្នាំ​សម្លាប់​មេរោគ ការ​វាស់​កម្តៅ​និង​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ វិធានការ «៣​ការពារ និង ៣​កុំ​»​៕

Daily Program

Livesteam thumbnail