រជួញដូរមនុស្ស «ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជាមិនធ្ងន់ធ្ងរ និងអាក្រក់ដូចការលើកឡើងនោះទេ
មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការបំភ្លឺទៅលើរបាយការណ៍មួយចំនួនទាក់ទងនឹងករណីជនបរទេសដែលត្រូវបានល្បង/បោកបញ្ឆោត ឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា។
លោក ជុំ សុន្ទរី អ្នកនាំពាក្យនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងតាមរយៈសេចក្តីបំភ្លឺ ចុះថ្ងៃទី០៩ ខែកញ្ញា ដោយលោកលើកយកនូវជ្រុងម្ខាងទៀតនៃរឿងរ៉ាវនេះ ដោយផ្អែកលើរបាយការណ៍នានាពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស និងបរទេសមួយចំនួន។
លោកបានឱ្យដឹងថា ៖ «ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជាមិនធ្ងន់ធ្ងរ និងអាក្រក់ដូចការលើកឡើងនោះទេ ក្នុងនោះអ្នកនាំពាក្យក្រសួងមហាផ្ទៃ ថាមានតែ១៩ករណីប៉ុណ្ណោះ ក្នុងចំណោមពាក្យបណ្តឹងចំនួន១០៤ករណី ដែលជាប់ពាក់ព័ន្ធនឹងការបង្ខាំង និងជំរិតទារប្រាក់»។
លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថាចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការចុះត្រួតពិនិត្យលើបងចំនួន១០៤ករណី ដោយបានសង្គ្រោះមនុស្ស ចំនួន៩៦៨នាក់ និងបានឃាត់ខ្លួនជនសង្ស័យ៨២នាក់ ប៉ុន្តែក្នុងនោះមានតែ១៩ករណី ប៉ុណ្ណោះ ដែលជាករណីបង្ខាំង និងជំរិតទារប្រាក់។
រីឯករណីក្រៅពីនេះ អាជ្ញាធរមានសមត្ថកិច្ច រកឃើញថា ជាករណីវិវាទការងារ ទំនាស់កិច្ចសន្យាការរឹតត្បិតសេរីភាព ផ្លាស់ប្តូរកន្លែង ធ្វើការងារផ្ទុយពីឆន្ទៈ ជំពាក់ប្រាក់ក្រុមហ៊ុន ឬគេចវេសមិនសង មិនពេញចិត្តស្ថានភាពរស់នៅ និងស្ថានភាពការងារ និងសាច់ញាតិព្រួយបារម្ភ ហើយប្តឹងសមត្ថកិច្ចឱ្យតាមរកជាដើម៕