យុវជនហាក់ចាប់អារម្មណ៍នឹងការប្រកួតនិយាយជាសាធារណៈ
ក្រុមការងារសភាយុវពាណិជ្ជករកម្ពុជា(JCI) កាលពីថ្ងៃពេលថ្មីៗនេះ បានរៀបចំកម្មវិធីការប្រកួតនិយាយនិងជជែកដេញដោលជាសាធារណៈ នៅទីតាំង មជ្ឈមណ្ឌលភាសាអេ អាយ អាយសាខាទួលគោក ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសាធារណជនប្រមាណ ២០០ នាក់។
ក្រុមការងារសភាយុវពាណិជ្ជករកម្ពុជា(JCI) កាលពីថ្ងៃពេលថ្មីៗនេះ បានរៀបចំកម្មវិធីការប្រកួតនិយាយនិងជជែកដេញដោលជាសាធារណៈ នៅទីតាំង មជ្ឈមណ្ឌលភាសាអេ អាយ អាយសាខាទួលគោក ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសាធារណជនប្រមាណ ២០០ នាក់។
លោក វិន សុខពន្លឺ ដែលជាប្រធានគម្រោង បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ការរៀបចំកម្មវិធីការប្រកួតនិយាយនិងជជែកដេញដោលជាសាធារណៈ ត្រូវបានចាប់ផ្តើមពីខែ វិច្ឆិកា ឆ្នាំ២០២២ ដោយមានបេក្ខជនដែលបានដាក់ពាក្យមកចូលរួមក្នុងចំនួន១២៥រូបដោយមានបេក្ខជនឆ្លងកាត់វគ្គជម្រុះដំបូងមានចំនួន១០នាក់ចំពោះវិញ្ញាសានិយាយជាសាធារណៈ និង៤ក្រុមសម្រាប់ការជជែកដេញដោល។
ក្រុមការងារបានឱ្យដឹងថា កម្មវិធីត្រូវបានប្រព្រឹត្តឡើងពីម៉ោង៨ព្រឹករហូតដល់ម៉ោង៥ល្ងាច ដោយមានការចូលរួមជាកិត្តិយសពីសំណាក់លោកស្រី អ៊ុយ អ៊ែលណា អនុប្រធានជេស៊ីអាយកម្ពុជា លោក ជា សុខហ៊ី អនុប្រធានប្រតិបត្តិជេស៊ីអាយចតុមុខ និង អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ទីប្រឹក្សាកិត្តិយសជេស៊ីអាយកម្ពុជា ដែលបណ្តាលអោយមានកិច្ចពិភាក្សាយ៉ាងសកម្មមួយពីសំណាក់អ្នកចូលរួម និងភ្ញៀវកិត្តិយស។
ជាលទ្ធផល ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ បេក្ខនារីមួយរូបនិងបេក្ខនារីមួយក្រុមដែលនឹងតំណាងកម្ពុជាត្រូវបន្ដការប្រកួតថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសឥណ្ឌូនេស៊ី នាខែឧសភាខាងមុខនេះ។
លោក សុខពន្លឺ បានលើកឡើងថា លោកពិតជាមានសេចក្ដីសោមនស្សរីករាយណាស់ នៅពេលដែលឃើញយុវជនយើងព្យាយាមខ្នះខ្នែងស្វែងរកឱកាស ដើម្បីយកមកអភិវឌ្ឍជំនាញរបស់ខ្លួនឲ្យកាន់តែប្រសើរបែបនេះ លោកសង្ឃឹមថាអ្នកជំនាន់ក្រោយនៅតែបន្តសកម្មភាពក្លៀវក្លាក្នុងការចូលរួមកម្មវិធីនេះបន្តទៀត នៅឆ្នាំក្រោយៗ។
ជាចុងក្រោយ ក្រុមការងារបានបន្តទៀតថា ការប្រកួតនិយាយនិងជជែកដេញដោលជាសាធារណៈ របស់ជេស៊ីអាយថ្នាក់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅ ទឹកដីអង្គរ ខេត្តសៀមរាបដែលនេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជា៕