មង្គលការក្នុងបរិបទថ្មី និងរបៀបរៀបចំថ្មី
ក្នុងពេលដែលប្រទេសកម្ពុជា បើកដំណើរការពេញលេញ ការរៀបចំពិធីផ្សេងៗក៏មានការអនុញ្ញាតឱ្យដំណើរដែរ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏បានបញ្ជាក់បន្ថែមទៀត អំពីការរៀបចំពិធីបុណ្យ ពិធីមង្គលការ អាចអនុញ្ញាតឱ្យភ្ញៀវចូលរួមបានមិនកំណត់ ប៉ុន្តែអាស្រ័យលើទីតាំងដែលប្រារព្ធកម្មវិធីអាចរក្សាគម្លាតសុវត្ថិភាពបានឬអត់ និងត្រូវអនុវត្តតាមវិធានការការពារ ឱ្យបានជាប់ជាប្រចាំ។
ប្រជាពលរដ្ឋ អ្នកមានគូរស្រករ អ្នកប្រកបរបរទទួលទានក្នុងសេវាកម្មពិធីបុណ្យ ពិធីមង្គលការ បានគាំទ្រការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើពីនេះ បើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានវិញ ក៏បានលើកឡើងថា មានប្រជាពលរដ្ឋមួយចំនួនបានចាប់ផ្តើម ស្នើសុំច្បាប់ពីអាជ្ញាធរដើម្បីរៀបចំពីធីមង្គលការ ជាបន្តបន្ទាប់តាមគន្លងប្រក្រតីភាពថ្មី។
បើតាមចៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បានលើកឡើងថា បន្ទាប់ពីមានការអនុញ្ញាតឱ្យរៀបចំពិធីមង្គលការឡើងវិញ បណ្តាប្រជាពលរដ្ឋជាច្រើនរយនាក់នៅក្នុងមូលដ្ឋាន បានមកឃុំឬសង្កាត់ ស្នើសុំច្បាប់អនុញ្ញាត រៀបចំពិធីមង្គលការ ទៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ១៩។
អាជ្ញាធរសង្កាត់ព្រែកឫស្សី បានបញ្ជាក់ថា ម្ចាស់កម្មវិធីត្រូវផ្តល់កិច្ចសហការ អនុវត្តវិធានការសុខាភិបាល និងអនុវត្តតាមកិច្ចសន្យាដោយបានកំណត់ មិនឱ្យភ្ញៀវចូលរួមលើសពី ២០០នាក់ជាដើម។ ត្រូវប្រកាន់ភ្ជាប់នូវវិធានការ៣កុំ ៣ការពារឱ្យបានជាប់ជាប្រចាំ។
លោក ជា សុខៃ ចៅសង្កាត់ចង្រែក្រោម បានថ្លែងថា ៖«យើងត្រូវមើលទីតាំងថា កន្លែងគាត់អាចរៀបចំបានឬមិនបាន។ ម្ចាស់ដើមការត្រូវសហការជាមួយប៉ូលីសប៉ុស្តិ មេភូមិ ក្រុមប្រឹក្សាសង្កាត់ចុះទៅពិនិត្យ ប៉ុន្តែយើងត្រូវមានវិធានការ៣ការពារ ៣កុំនោះ រក្សាគម្លាតដដែល និងមានអាកុល ជែល មុននឹងភ្ញៀវចូលរោង ត្រូវមានកំណត់មិនឱ្យមានលើសពី២០០នាក់នោះទេ»។
ប្រជាពលរដ្ឋដែលគ្រោងនឹងរៀបអាពាហ៍ពិពាហ៍ បានថ្លែងការអរគុណ និងបានបញ្ជាក់ថា ខ្លួនពួកគាត់មានគម្រោងរៀបចំពិធីមង្គលការ តាំងពីឆ្នាំ២០២០ ប៉ុន្តែអាក់ខានដោយសារតែមានវិបត្តិជំងឺកូវីដ១៩ និងត្រូវលើកពេលជាច្រើនលើក។
លោកតា សុខ សុខេង ជាប្រជាពលរដ្ឋក្រុងតាខ្មៅ បានថ្លែងថា ៖«ថ្ងៃទី២១នេះ ការចៅ រដ្ឋាភិបាលបើកឱ្យរៀបចំពិធីនេះមែនតែមិនទ្រង់ទ្រាយធំទេ ខ្ញុំធ្វើតាមដើម្បីទាំងអស់គ្នា ទាំងខ្ញុំទាំងភ្ញៀវ ខ្ញុំក៏ធ្វើមិនគគ្រឹកគគ្រេងដែរ។ ពេលរៀបចំពិធីមង្គលការ ទី១ខ្ញុំស្នើមកអាជ្ញាធរដែនដី តើខ្ញុំសុំធ្វើបានឬអត់? ទី២ខ្ញុំត្រូវរៀបចំតាមអ្វីដែល អាជ្ញាធរបានប្រាប់មកខ្ញុំ និងចុងក្រោយ ខ្ញុំត្រូវទាក់ទងទៅផ្នែកសេវាកម្មទាំងនោះ»។
លោកអេង សុខក្រឹត្យ ជាអាណាព្យាបាល គូរស្រករដែលនឹងរៀបចំពិធីមង្គលការ បានលើកឡើងថា ការរៀបចំពិធីមង្គលការពិតជារឿងសំខាន់ អ្វីដែលសំខាន់ការអនុញ្ញាតឱ្យមានវត្តមានភ្ញៀវចូលរួមច្រើន២០០នាក់ ប៉ុន្តែក្នុងបរិបទនេះគឺត្រូវបា្រកដថា មានសុវត្ថិភាពផ្នែកសុខភាព។
កញ្ញា ចេង ស្រីល័ក្ខ ដែលត្រៀមនឹងរៀបអាពាហ៍ពិពាហ៍ បានថ្លែងថា ៖«ខ្ញុំរៀបចំជាង១០០នាក់ នៅពេលឃើញភ្ញៀវមកចូលរួមយើងត្រេកអរ។ ពិធីមង្គលការខ្ញុំច្បាស់ណាស់ ពាក់ម៉ាសទាំងអស់គ្នា ខ្ញុំធ្លាប់ទៅការគេ ឃើញគេឱ្យពាក់ម៉ាស និងលាងសម្អាតដៃ»។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានក្រើនរំលឹក និងអំពាវនាវដល់ម្ចាស់ដើមការទាំងអស់ ដែលរៀបចំពិធីសម្រាប់កូនចៅត្រូវតែបន្ដយកចិត្តទុកដាក់អនុវត្តនូវវិធានសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ ស្របពេលរាជរដ្ឋាភិបាលអនុញ្ញាតឡើងវិញ។
ដោយមើលឃើញបែបនេះ ក្នុងនាមជាមន្ដ្រីជំនាញសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានណែនាំ និងបង្ហាញនូវសារក្រើនរំលឹកម្ដងហើយម្ដងទៀតដល់ប្រជាពលរដ្ឋ ដែលគ្រោង ឬរៀបចំពិធីតាមបែបប្រពៃណីនេះ ត្រូវរៀបចំតាមបែបគន្លងថ្មី នៃសម័យកូវីដ១៩ ដោយមានរក្សាគម្លាតសុវត្ថិភាព និងកាត់បន្ថយនៅការប្រមូលផ្ដុំច្រើនជាដើម នៅក្នុងពិធីនីមួយៗ។
លោកស្រី ឱ វណ្ណឌីន បានលើកជាឧទាហរណ៍ជាក់ស្ដែង ដូចជាការរៀបចំតុសម្រាប់ភ្ញៀវទទួលទានអាហារជាដើម ដែលកាលពីមុនមានការរៀបចំមួយតុ សម្រាប់ភ្ញៀវអង្គុយ១០នាក់ ឬច្រើនជាងនេះ ប៉ុន្ដែពេលនេះត្រូវកាត់បន្ថយចំនួនមកត្រឹម៥នាក់ ឬទៅតាមស្ថានភាពជាក់ស្ដែង ដោយត្រូវរៀបចំអាហារទៅតាមចំនួនភ្ញៀវផងដែរ។
យ៉ាងណាមិញ លោកស្រី ឱ វណ្ណឌីន ក៏បានព្រមានពីហានិភ័យដែលអាចកើតមានឡើងផងដែរ ក្នុងករណីបុគ្គលមិនចូលរួមសហការ ឬមិនគោរពទៅតាមគោលការណ៍ជាបន្ដបន្ទាប់ ដែលចេញដោយក្រសួងសុខាភិបាល ឬរដ្ឋបាលរាជធានី-ខេត្តនៅតាមមូលដ្ឋាន៕