ការចាក់វ៉ាក់សាំងតាមកាលកំណត់ បើទោះបីជានៅក្នុងអំឡុងពេលមានកូវីដ១៩
ការផ្ទុះជំងឺកូរ៉ូណាឆ្នាំ២០១៩ (កូវីដ១៩) បានបង្កភាពភ័យខ្លាច និងភាពមិនប្រាកដប្រជាជាច្រើន។ ឪពុកម្តាយជាច្រើននាក់បានសាកសួរថាពេលណាទើបមានវ៉ាក់សាំងកូវីដ១៩ និងត្រូវធ្វើយ៉ាងដូចម្តេចជាមួយនឹងការចាក់វ៉ាក់សាំង តាមកាលកំណត់សម្រាប់កុមារ នៅក្នុងអំឡុងពេលមានការឆ្លងរាលដាលជាសកលនេះ។
ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ អាចទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បាននៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
ការផ្ទុះជំងឺរាតត្បាតនេះរំលឹកយើងថាវ៉ាក់សាំងមានតម្លៃយ៉ាងខ្លាំង។ វាប្រាប់យើងថា នៅពេលមានវ៉ាក់សាំង សម្រាប់ជំងឺអ្វីមួយ យើងគួរចាក់វ៉ាក់សាំងឱ្យកូនរបស់យើង និងចាក់វ៉ាក់សំាងសម្រាប់ខ្លួនយើងឱ្យបានគ្រប់ចំនួន។ ប្រសិនបើពុំមានវ៉ាក់សាំងការពារនោះទេ ជំងឺអាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស និងបង្កផលវិបាកធ្ងន់ធ្ងរ។ ឧទាហរណ៍ ជំងឺកញ្ជ្រិល និងជំងឺដទៃទៀត នៅតែជាហានិភ័យនាពេលបច្ចុប្បន្ននេះ។ យើងមានភ័ព្វសំណាងណាស់ ដែលទទួលបានការការពារពីវ៉ាក់សំាងទប់ទល់នឹងជំងឺទាំងនេះ។
ជាឪពុកម្នាក់លោក ឡេង ពុទ្ធី ដែលមានកូនស្រីមា្នក់ដែល មានអាយុ១៣ឆ្នាំ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បាន ថ្លែងថា លោកនឹងនាំកូនស្រី ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅពេលដល់វេនរបស់កូនស្រីលោក។ លោកថា វ៉ាក់សាំងបង្ការជំងឹកូវីដ១៩នេះ ល្អសម្រាប់ជួយការពារកូនស្រីរបស់លោក ពីជំងឺកាចសាហាវមួយនេះ។
លោក ឡេង ពុទ្ធី បានបន្ថែមថា បើទោះបីជាមានមតិរិះគន់លើវ៉ាក់សាំងយ៉ាងណាក្តី ក៏ប៉ុន្តែលោកបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺនេះរួចចំនួន ២ដូសហើយ និងមិនមានបញ្ហាអ្វីកើតឡើងចំពោះរូបលោកទេ ប៉ុន្តែថែមទាំងអាចជួយការពារលោកពីជំងឺនេះទៀតផង។
បុរសវ័យជាង ៤០ឆ្នាំរូបនេះ បន្តថា យ៉ាងណាក៏ដោយក្រោយការចាក់វ៉ាក់សាំងរួច លោកនិងក្រុមគ្រួសារនៅតែបន្តការពារខ្លួន ដោយពាក់ម៉ាស់អោយបានត្រឹមត្រូវ ឧស្សាហ៍សម្អាតដៃ ជាមួយសាប៊ូ និងត្រៀមខ្លួនរួចដើម្បីបញ្ជូនកូនៗទៅរៀនវិញនៅពេលបើកដំណើរការសាលារៀនឡើងវិញ។
ចំណែកអ្នកស្រី ជា វណ្តា ជាម្តាយមួយរូប អ្នកស្រីយល់ឃើញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាការល្អបំផុតដែលអាចជួយការពារកុមារៗ និងក៏ដូចជាឱកាសសម្រាប់បើកដំណើរការសេដ្ឋកិច្ចឡើងវិញ។
អ្នកស្រី ជា វណ្តា បន្ថែមថា ទោះបីជាកូនៗអ្នកស្រី មិនទាន់ដល់អាយុនៃការទទួលការចាក់វ៉ាក់សាំងយ៉ាងណាក្តី ក៏ប៉ុន្តែកិច្ចការពារខ្លួន ជារឿងប្រសើរណាស់ សម្រាប់ពេលនេះ។ ការលាងសម្អាតដៃ ការរក្សាគម្លាត សុវត្ថិភាព និងការឧស្សាហ៍ធ្វើអនាម័យឱ្យទាករតូចៗ យើងគួរយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីការពារទារកតូចៗ ពីការឆ្លងជំងឺ។ បំបៅទារករបស់អ្នក ប្រសិនបើអាចធ្វើបាន។
យោងតាមសារអប់រំ របស់អង្គការ យូនីសេប ប្រចាំប្រទេសកម្ពុជា កុមារភាគច្រើនដែលមានជំងឺកូវីដ១៩ មានរោគសញ្ញាស្រាលៗ ឬពុំមានរោគសញ្ញាទាល់តែសោះតែម្តង។ ប៉ុន្តែជាការសំខាន់ណាស់ដែលត្រូវការពារមនុស្សចាស់ និងអ្នកដទៃទៀតដែលងាយរងគ្រោះដោយសារការឆ្លងរោគ ធ្ងន់ធ្ងរ។ ដូច្នេះសូមទុកកូនរបស់នៅផ្ទះ ប្រសិនបើពួកគេប្រឈមនឹងជំងឺកូវីដ១៩ ឬបានឆ្លងមេរោគនេះ ប៉ុន្តែត្រូវទូរសព្ទទៅវេជ្ជបណ្ឌិត ឬបុគ្គលិកសុខាភិបាលដើម្បីសុំដំបូន្មាន។
ដូចគ្នានឹងជំងឺរលាកផ្លូវដង្ហើមដទៃទៀត ដូចជាផ្តាសាយជាដើម សូមស្វែងរកការថែទាំឱ្យបានឆាប់រហ័ស ប្រសិនបើអ្នក ឬកូនរបស់អ្នកមានរោគសញ្ញា។ សូមព្យាយាមកុំចេញទៅទីកន្លែងសាធារណៈ(ដូចជាកន្លែងធ្វើការ សាលារៀន ឬមធ្យោបាយធ្វើដំណើរសាធារណៈជាដើម) និងមិនត្រូវទំនាក់ទំនងជាមួយមនុស្សចាស់ ឬសមាជិកគ្រួសារដែលមានប្រព័ន្ធភាពសុំាខ្សោយនោះឡើយ។ ប្រសិនបើអ្នកនៅជាមួយនឹងមនុស្សចាស់ គួរបំបែកមនុស្សខុសជំនាន់ឱ្យនៅកន្លែងផ្សេងគ្នានៅក្នុងផ្ទះ។
អ្នកមិនចាំបាច់យកកូនរបស់អ្នកទៅធ្វើតេស្តឡើយ ប្រសិនបើគាត់មានសុខភាពល្អ និងមិនមានរោគសញ្ញាអ្វីនោះ (ដូចជា គ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើម)។ អ្នកត្រូវអនុវត្តតាមគ្រប់ជំហានទំាងអស់ ដើម្បីការពារគ្រួសារ របស់អ្នកពីជំងឺកូវីដ១៩ ៕