កាសែតភ្នំពេញប៉ុស្តិ៍ ប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយកាសែតទាំងភាសាខ្មែរ និងភាសាអង់គ្លេស
កាសែតភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) ដែលបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ១៩៩២ បានប្រកាសជាសាធារណៈនាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះដោយបានសម្រេចដោយសេចក្ដីសោកស្ដាយ បញ្ឈប់ការបោះពុម្ពផ្សាយកាសែត ភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា តាំងពីមានវិបត្តិកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចជាតិថមថយក្រោយកូវីដ១៩ ការផ្សាយពាណិជ្ជកម្មដែលជាចំណូលចម្បងរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបន្ត ធ្លាក់ចុះយ៉ាងខ្លាំង។
ប្រភពដដែលបន្តថា ម្យ៉ាងទៀត ការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈម នឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ ម្ចាស់ភាគហ៊ុនបានខិតខំបណ្តាក់ទុនបន្ថែម និងរកគ្រប់មធ្យោបាយដើម្បីស្ដារស្ថានភាព និងបង្កើនប្រាក់ចំណូល សម្រាប់ទ្រទ្រង់ដំណើរការក្រុមហ៊ុន និងបន្តការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ដែលជាសារព័ត៌មានឯករាជ្យ វិជ្ជាជីវៈ និងមានអាយុកាលជាង ៣០ឆ្នាំ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ៖ «ការខិតខំប្រឹងប្រែងនេះ នៅតែមិនអាចទ្រទ្រង់ការខាតបង់បន្តទៀតបាន ហេតុនេះម្ចាស់ភាគហ៊ុនបានសម្រេចដោយសេចក្ដីសោកស្ដាយ បញ្ឈប់ការបោះពុម្ពផ្សាយកាសែត ភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤»។
សូមបញ្ជាក់ដែរថា កាសែតភ្នំពេញប៉ុស្តិ៍ បានបង្កើតឡើងនៅខែកក្កដា ឆ្នាំ១៩៩២ ដែលមានចាងហ្វាងជនជាតិអាមេរិក និងនិពន្ធនាយកលោក ម៉ៃឃើល ហេយ៍ (Michael Hayes)។ ដំបូងឡើយ កាសែតនេះបានបោះពុម្ភផ្សាយរៀងរាល់ពីរសប្តាហ៍ម្តង ហើយបានកែប្រែជាកាសែតប្រចាំថ្ងៃ នៅឆ្នាំ២០០៨ បន្ទាប់ពីកាសែតនេះត្រូវបានលក់ទៅឲ្យអ្នកជំនួញជនជាតិអូស្ត្រាលី គឺលោក រ៉ូស ដាំងឃ្លី (Ross Dunkley) ដែលជាអ្នកបង្កើតក្រុមហ៊ុនប៉ុស្តិ៍មេឌា។ កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ បានសម្ពោធការចុះផ្សាយនៅឆ្នាំ២០០៩៕