កុំកាត់ក្តីមនុស្សតាមរយៈ "បង្អួច" នៃបណ្តាញសង្គម
នៅក្នុងពិភពឌីជីថលដែលព័ត៌មានហូរលឿនដូចទឹកបាក់ទំនប់ មនុស្សយើងងាយនឹងធ្លាក់ក្នុងអន្ទាក់នៃ "ការវិនិច្ឆ័យដោយភ្នែក តែខ្វះសតិ"។ យើងច្រើនតែតាំងខ្លួនជាចៅក្រម កាន់ញញួរកាត់ក្តីលើជីវិតអ្នកដទៃ ទាំងដែលយើងទើបតែអានអត្ថបទមួយបន្ទាត់ ឬឃើញរូបភាពត្រឹមមួយសន្លឹក។
ក្នុងព្រះត្រៃបិដក ភាគ ៤០ ពុទ្ធបានដាស់តឿនថា៖ «កុំអាលជឿតាមការឮតៗគ្នា កុំអាលជឿតាមពាក្យចចាមអារ៉ាម... ប៉ុន្តែត្រូវពិចារណាឱ្យដឹងច្បាស់ដោយបញ្ញា»។ ស្របពេលជាមួយគ្នា ព្រះយេស៊ូក៏បានបង្រៀនក្នុងគម្ពីរម៉ាថាយ ៧:១-៥ អំពីការកុំឱ្យមើលរំលង "ធ្នឹមក្នុងភ្នែកខ្លួនឯង" ហើយទៅរវល់តែសម្លឹង "កម្ទេចធូលីក្នុងភ្នែកអ្នកដទៃ" ដោយព្រះអង្គបញ្ជាក់ថា៖ «កុំថ្កោលទោសអ្នកដទៃឡើយ ដើម្បីកុំឱ្យព្រះជាម្ចាស់ថ្កោលទោសអ្នករាល់គ្នាវិញ»។
ករណីផ្ទុះការរិះគន់លើវេជ្ជបណ្ឌិតម្នាក់ បន្ទាប់ពីប្រពន្ធបង្ហោះរឿងអាស្រូវគ្រួសារ គឺជាឧទាហរណ៍នៃ "ការរុញទូកបណ្តោយទឹក" ដោយខ្វះការពិចារណា។ ការប្រើសម្តីអសុរោះវាយប្រហារផ្លូវចិត្ត មិនខុសពីការបាញ់ព្រួញថ្នាំពិសឡើយ ទោះរឿងនោះជាការពិតឬយ៉ាងណា ក៏អំពើហិង្សាពាក្យសម្តីមិនដែលនាំមកនូវយុត្តិធម៌ពិតប្រាកដនោះទេ។
ការសម្រុកកាត់ក្តីលើបណ្តាញសង្គម បង្កើតជាផលវិបាកជាខ្សែសង្វាក់ ទី១ ចំពោះបុគ្គលដែលរងការរិះគន់ គឺមិនត្រឹមតែបាត់បង់កិត្តិយស និងអាជីពការងារប៉ុណ្ណោះទេ ប៉ុន្តែវាអាចរុញច្រានគាត់ឱ្យធ្លាក់ក្នុងជំងឺបាក់ទឹកចិត្ត ឬឈានដល់ការបញ្ចប់ជីវិត។ ទី២ ចំពោះក្រុមគ្រួសារ និងកូនៗរបស់ពួកគេដែលមិនដឹងអី ត្រូវរងសម្ពាធពីសង្គម ការរើសអើងនៅសាលារៀន និងស្លាកស្នាមផ្លូវចិត្តដែលមិនអាចលុបលាងបានពេញមួយជីវិត។ ទី៣ ចំពោះសង្គមជាតិ គឺយើងកំពុងបង្កើតវប្បធម៌ "តុលាការហ្វេសប៊ុក" ដែលបំផ្លាញសណ្តាប់ធ្នាប់ យុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។
តើការជេរប្រមាថ និងចែកចាយអាចមានទោសដែរឬទេ?
យោងតាម ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ការប្រើប្រាស់បណ្តាញសង្គមដើម្បីវាយប្រហារអ្នកដទៃ អាចចូលក្នុងបទល្មើសដូចខាងក្រោម៖
- បទបរិហារកេរ្តិ៍ជាសាធារណៈ (មាត្រា ៣០៥)៖ ការអះអាង ឬការទម្លាក់កំហុសដោយអសុទ្ធចិត្ត ទៅលើអង្គហេតុណាមួយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬសេចក្តីថ្លៃថ្នូរនៃបុគ្គល។ ទោះបីជាការបង្ហោះនោះ "ជាការពិត" ក៏ដោយ ប៉ុន្តែបើវាជាបញ្ហាឯកជនដែលមិនបម្រើផលប្រយោជន៍សាធារណៈ ហើយធ្វើឡើងក្នុងបំណងបង្ខូចឈ្មោះ វាក៏អាចខុសច្បាប់ដែរ។
- បទជេរប្រមាថជាសាធារណៈ (មាត្រា ៣០៧)៖ ការប្រើពាក្យប្រមាថ មាក់ងាយ ឬពាក្យអសុរោះទៅលើបុគ្គលណាម្នាក់ជាសាធារណៈ (រួមទាំងការផ្តល់មតិ (Comment) ជេរប្រមាថលើបណ្តាញសង្គម)។
- អ្នកចែកចាយ (Sharer)៖ ការចែកចាយ (Share) ព័ត៌មានដែលដឹងថាជាការបរិហារកេរ្តិ៍ ឬព័ត៌មានមិនពិត ក៏អាចត្រូវចាត់ទុកថាជា "អ្នកសមគំនិត" ឬជាអ្នករួមចំណែកក្នុងការផ្សព្វផ្សាយបទល្មើស ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា។
ជាការពិត ក្នុងនាមជាស្វាមី និងជាឪពុក ការផិតក្បត់គឺជាកំហុសទាំងសីលធម៌ និងច្បាប់ឯកពន្ធភាព។ ប៉ុន្តែយើងជា "អ្នកក្រៅ" មិនគួរប្រើអារម្មណ៍មកកាត់សេចក្តីផ្តេសផ្តាសឡើយ។ យុត្តិធម៌ពិត ត្រូវស្តាប់ពីគ្រប់ភាគី និងការវិនិច្ឆ័យពីស្ថាប័នមានសមត្ថកិច្ច។
មុននឹងបញ្ចេញមតិ ឬចែកចាយ ចូររំលឹកខ្លួនឯងថា៖ «ការស្ងៀមស្ងាត់នៅពេលមិនទាន់ដឹងច្បាស់ គឺជាសញ្ញានៃអ្នកមានបញ្ញា ប៉ុន្តែការជេរប្រមាថតាមហ្វូងមនុស្ស គឺជាសញ្ញានៃភាពទន់ខ្សោយផ្នែកសីលធម៌»៕