សហរដ្ឋអាមេរិកអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព
សហរដ្ឋអាមេរិកបានអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ នេះបើយោងតាមសារលិខិតរបស់ លោក ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយនាយប់ថ្ងៃទី២១ ខែមករា នេះ។
ក្នុងសារលិខិត លោក ដូណាល់ ជេ ត្រាំ បានអញ្ជើញជាផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមអន្តរជាតិថ្មីមួយ ដែលមានគោលបំណងលើកកម្ពស់សន្តិភាពយូរអង្វែងនៅមជ្ឈឹមបូព៌ា និងដោះស្រាយជម្លោះនៅកម្រិតពិភពលោក។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានរំលឹកថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោកបានប្រកាស “ផែនការសម្របសម្រួលដ៏ទូលំទូលាយ ដើម្បីបញ្ចប់ជម្លោះនៅហ្គាហ្សា” ដែលជាផែនទីចង្អុលផ្លូវមាន ២០ចំណុច ហើយបានទទួលការគាំទ្រយ៉ាងឆាប់រហ័សពីមេដឹកនាំពិភពលោក រួមទាំងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលពីពិភពអារ៉ាប់ អ៊ីស្រាអែល និងអឺរ៉ុប។ លោកក៏បានលើកឡើងផងដែរថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយលេខ ២៨០៣ ដោយភាគច្រើនលើសលប់ ដើម្បីស្វាគមន៍ និងគាំទ្រផែនការនេះ។
យោងតាមលោកប្រធានាធិបតី ដំណាក់កាលបន្ទាប់នៃគំនិតផ្តួចផ្តើមនេះ គឺការបង្កើត “ក្រុមប្រឹក្សាសន្តិភាព” (The Board of Peace) ដែលជាស្ថាប័នអន្តរជាតិថ្មី និងអាជ្ញាធរគ្រប់គ្រងបណ្តោះអាសន្ន ដើម្បីអនុវត្តផែនការសម្របសម្រួលដ៏ទូលំទូលាយ និងកសាងសន្តិភាពយូរអង្វែង។
លោកប្រធានាធិបតី ត្រាំ ដែលនឹងធ្វើជាប្រធានក្រុមប្រឹក្សានេះ បានអញ្ជើញកម្ពុជាឱ្យចូលរួមជារដ្ឋសមាជិកស្ថាបនិក និងចូលរួមជាភាគីក្នុងធម្មនុញ្ញរបស់ “ក្រុមប្រឹក្សាសន្តិភាព”។ លោកបានបញ្ជាក់ថា ប្រទេសដែលចូលរួមនឹងចែករំលែកការទទួលខុសត្រូវក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពយូរអង្វែង។
លិខិតបានបញ្ជាក់ថា រដ្ឋសមាជិកនីមួយៗ អាចតែងតាំងតំណាងដែលមានសិទ្ធិ ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា។ ផែនការសម្របសម្រួលដ៏ទូលំទូលាយ និងធម្មនុញ្ញរបស់ “ក្រុមប្រឹក្សាសន្តិភាព” ត្រូវបានភ្ជាប់ជាមួយលិខិតអញ្ជើញ ហើយបើកចំហសម្រាប់ការចុះហត្ថលេខា និងការអនុម័ត។
លោកប្រធានាធិបតី ត្រាំ បានបង្ហាញក្តីរំពឹងថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងកម្ពុជា ក្នុងការស្វែងរកសន្តិភាពយូរអង្វែង វិបុលភាព និងស្ថិរភាពពិភពលោក៕