លោក លី ធុជ៖ ប្រជាជនកម្ពុជារាប់ពាន់នាក់ដែលរងគ្រោះដោយសារមីន បានទទួលការថែទាំសុខភាព

តាមរយៈការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំការដឹកនាំ​របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីប្រជាជនកម្ពុជារាប់ពាន់នាក់ដែលរងគ្រោះដោយសារមីន បានទទួលការថែទាំសុខភាព ការស្តារនីតិសម្បទា និងគាំពារផ្លូវចិត្ត ដែលអាចឱ្យពួកគាត់កសាងជីវិតឡើងវិញ និងរួមចំណែ​កយ៉ាងសំខាន់ដល់កិច្ចការសង្គម។

នេះជាការថ្លែងរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Ljubljana ប្រទេសស្លូវេនី ក្នុងកម្មវិធីបើកសន្និសីទថ្នាក់តំបន់អ៊ឺរ៉ុប ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ និងការអនុវត្តកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ក្នុងសុន្ទរកថាបើក លោក លី ធុជ បានលើកឡើងថា ការជួបជុំគ្នាដ៏មានសារៈសំខាន់នេះ គឺជារំលឹក​ពីសកម្មភាពសមូហភាព និងឆន្ទៈរួបរួមគ្នាដើម្បីការងារមនុស្សជាតិ និងជម្នះរាល់ផលលំបាកបន្សល់ទុកនាសម័យសង្រ្គាម និងជម្លោះផ្សេងៗ ដែលសន្និសីទនេះ មិនត្រឹមតែផ្តោតលើជំនួយជនរងគ្រោះប៉ុ​ណ្ណោះ​ទេ គឺត្រូវគិតលើការលើកកម្ពស់សេចក្តីថ្លៃថ្នូរ សិទ្ធិ និងអនាគតរបស់អ្នករស់រានមានជីវិតពីគ្រាប់មីន និងជនរងគ្រោះគ្រប់រូប។

លោក លី ធុជ បានលើកឡើងថា ៖ «កាលពី ២៥ ឆ្នាំមុន ពិភពលោកបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដោយបង្កើតអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស ដែលជាសន្ធិសញ្ញាកើតចេញពីភាពជាដៃគូពិសេ​សរវាងសង្គមស៊ីវិល និងរដ្ឋាភិបាល ដើម្បីឆ្លើយតបបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស»។

លោកបានបន្តថា ចាប់តាំងពីពេលនោះមក អនុសញ្ញាបានបោះជំហានយ៉ាងសំខាន់ ជាពិសេសក្នុងការរួមបញ្ចូលជំនួយជនរងគ្រោះទៅក្នុងគោលនយោបាយជាតិដ៏ទូលំទូលាយទាក់ទងនឹងសុខភាព ការអប់​រំ និងការងារ។

លោកបានបន្តទៀតថា កម្ពុជាជាប្រជាជាតិមួយដែលធ្លាប់ទទួលបន្ទុកដ៏ធ្ងន់នៃគ្រាប់មីន បានប្រែក្លាយទៅជាពន្លឺនៃក្តីសង្ឃឹម និងភាពធន់។ តាមរយៈការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលកម្ពុជា ​ប្រជាជនកម្ពុជារាប់ពាន់នាក់ដែលរងគ្រោះដោយសារមីន បានទទួ​លការថែទាំសុខភាព ការស្តារនីតិសម្បទា និងគាំពារផ្លូវចិត្ត ដែលអាចឱ្យពួកគេកសាងជីវិតឡើងវិញ និងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចការសង្គម។

លោក លី ធុជ បានបន្ថែមទៀតថា ៖ «សមិទ្ធិផលសម្រេចបានកន្លងមកមានសារៈសំខាន់ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ ពិភពលោកនៅតែប្រឈមមុខនឹងផលវិបាកដ៏អាក្រក់នៃគ្រាប់មីន ហើយជនរងគ្រោះដោយសារមីនជាច្រើន នៅតែបន្តប្រឈមមុខនឹងឧបសគ្គក្នុងការទទួលបានជំនួយដែលត្រូវការ»។

​ក្នុងឱកាសនោះដែរ លោក លី ធុជ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធគិតគូរអំពីផែនការសកម្មភាពសៀម​រាប-អង្គរថ្មី និងបន្តដឹកនាំប្រកបដោយចក្ខុវិស័យ និងក្តីមេត្តា ដើម្បីស្វែងរកព្រំដែនថ្មី វិធីសាស្រ្តថ្មី ការសហការថ្មី និងការប្តេជ្ញាចិត្តថ្មី ដើម្បីធានាថាគ្មានជនរងគ្រោះណាមួយ ត្រូវបានទុកចោលនោះទេ ហើ​យការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរថ្មីត្រូវមានលក្ខណៈគ្រប់ជ្រុងជ្រោយ ទទួលជោ​គជ័យ និងមានប្រសិទ្ធភាព។​

លោក លី ធុជ ក៏បានបញ្ជាក់​ទៀតថា ៖ «ក្នុងនាមជាសហគមន៍សកលលោក យើងត្រូវប្តេជ្ញាចិត្តក្នុងការមិនទុកនរណាម្នាក់ចោល។ ពិភពលោកដែលមានសន្តិភាព មិនមែនគ្រាន់តែអវត្ដមាននៃសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានវត្តមាននៃភាពយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមសម្រាប់មនុស្សជាតិ»។

លទ្ធផលនៃសន្និសីទថ្នាក់តំបន់នេះ ត្រូវធានា និងជំរុញសម្រាប់ការផ្លាស់ប្តូរដ៏ស៊ីជម្រៅ និងយូរអង្វែងក្នុងការដោះស្រាយមិនត្រឹមជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងគ្រួសារ និងមនុស្សជំនាន់ក្រោយ៕

Daily Program

Livesteam thumbnail