រដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រសកម្មភាពរបស់សមាគមអ្នកនិពន្ធខ្មែរ
នាថ្ងៃទី៩ ខែសីហា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានជួបសំណេះសំណាលជាមួយនឹងសមាគមអ្នកនិពន្ធខ្មែរ ដែលដឹកនំាដោយលោក ជ័យ ចាប ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ ពិភាក្សាពីការពង្រីក និងពង្រឹងវិស័យអក្សរសាស្ត្រជាតិសម្រាប់អ្នកសារព័ត៌មាន ក៏ដូចជាពលរដ្ឋកម្ពុជា។
ក្នុងជំនួបនាទីស្តីការក្រសួងព័ត៌មាន លោក ជ័យ ចាប បានលើកឡើងពីប្រវត្តិរបស់សមាគម និងទទួលបានការគាំទ្រពីសម្ដេចតេជោ និងបានស្នើសុំរដ្ឋមន្រ្តីក្រសួងព័ត៌មានបន្តគាំទ្រ និងទ្រទ្រង់ដល់សមាគមអ្នកនិពន្ធខ្មែរផងដែរ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងភាពរីករាយដោយបានជួបពិភាក្សា និងវាយតម្លៃខ្ពស់ដែលសមាគមលើកកម្ពស់ និងចងក្រងឯកសារជាភាសាខ្មែរ ខណៈដែលការងារនិពន្ធត្រូវការបរិយាកាស និងស្រាវជ្រាវច្រើន តែត្រូវបានគេរំលោភលើស្នាដៃ។
ដោយមើលឃើញពីបច្ចុប្បន្នភាពជាក់ស្ដែងនៅក្នុងសង្គមកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ៖ «បច្ចុប្បន្នសម្បូរអ្នកសរសេរសៀវភៅ តែមិនពិតប្រាកដថាមានខ្លឹមសារពេញលេញ ព្រោះជាសៀវភៅទិន្នានុប្បវត្តិ»។
លោកបានបន្តថា សម្រាប់អ្នកនិពន្ធគួរតែពង្រឹងដោយបើកវគ្គបណ្តុះបណ្តាលបន្ថែម។ ប្រសិនបើខ្វះទីតាំង ក្រសួងបើកទូលាយសម្រាប់អ្នកនិពន្ធ ដោយអាចប្រើប្រាស់សាលដោយមិនចាំបាច់ជួល។ ចំពោះការបណ្តុះបណ្តាលរយៈពេលខ្លីអាចអញ្ជើញមកបាន។
លោក នេត្រ ភក្ត្រា បានបន្ថែមថា អ្នកសារព័ត៌មានក៏ជាអ្នកនិពន្ធដែរ គ្រាន់តែមានក្បួន ៥W&H។ ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យលោក ជ័យ ចាប ជួយបង្រៀនអ្នកសារព័ត៌មានអំពីវេយ្យាករណ៍ខ្មែរ (ពង្រឹងអក្សរសាស្ត្រដល់អ្នកសារព័ត៌មាន)។
ជាការឆ្លើយតប លោក ជ័យ ចាប បានបញ្ជាក់ថា ៖ «ខ្ញុំនឹងបើកវគ្គបណ្តុះបណ្តាល អក្សរសាស្ត្រក្នុងវិស័យសារព័ត៌មាន ឬវេយ្យាករណ៍ខ្មែរក្នុងវិស័យសារព័ត៌មាន ដើម្បីពង្រឹងនិងបណ្ដុះស្មារតីលើវិស័យអក្សរសាស្ត្រ។ អ្វីដែលខ្ញុំព្រួយបារម្ភ អ្នកសារព័ត៌មានមានកម្រិត ដែលនៅឲ្យបន្សល់បញ្ហាច្រើនលើដាតា ដោយអក្ខរាវិរុទ្ធ និងវេយ្យាករណ៍មិនត្រូវ ជាពិសេសលើអ្នកសារព័ត៌មានវ័យក្មេង»។
ជាមួយគ្នានោះដែរ លោក នេត្រ ភក្រ្តា បានស្ម័គ្រចិត្តធ្វើជាទីប្រឹក្សាសមាគមផងដែរ។ លោកថ្លែងថា ៖ «យើងប្រើប្រាស់ព័ត៌មានដើម្បីជំរុញអក្សរសាស្ត្រ។ យើងមិនអភិរក្សពេកទេ តែបើមិនអភិរក្ស យើងនឹងបាត់បង់»។
រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានបញ្ជាក់ពីគោលជំហររបស់លោកក្នុងការលើកតម្កើងអក្សរសាស្ត្រខ្មែរ ក្នុងវិស័យសារព័ត៌មាន និងសហការគ្នាក្នុងកម្រិតដែលត្រូវធ្វើ និងគាំទ្រទាំងស្មារតី និងលទ្ធភាព។
លោកថា ប្រសិនបើបើសមាគមចង់ផ្សព្វផ្សាយ អាចប្រើប្រាស់កម្មវិធីទូរទស្សន៍ និងវិទ្យុ ហើយប្រសិនបើមានរឿងអប់រំ អាចផ្ដល់កម្មវិធីវិទ្យុដើម្បីផលិត៕