ពស់សកសំណក ស្បែកវានឹងប្រែក្លាយទៅជាស្លេកស្រាល ហើយភ្នែករបស់វានឹងឡើងស្រអាប់
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) បានបង្ហាញពីសំណកពស់ដែលជាធម្មជាតិរបស់សត្វប្រភេទនេះនៅពេលផ្លាស់ប្តូរការចម្រើនវ័យរបស់ពួកវា។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ នៅថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២៦ បានបង្ហាញពីរូបសំណកសត្វពស់តុកកែមួយប្រភេទឈ្មោះ Chrysopeleaornata។
ជាធម្មតាគេអាចប្រទះឃើញសំណកពស់ជាញឹកញាប់។ ពស់សកសំណករបស់ពួកវាដើម្បី ធំរីកលូតលាស់ ហើយតែងបន្សល់ទុកនូវសំណកគ្រប់ទីកន្លែង។
បើតាមអ្នកជំនាញរបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះឱ្យដឹងថាមុនពេលដែលពស់សកសំណក ស្បែកវានឹងប្រែក្លាយទៅជាស្លេកស្រាល ហើយភ្នែករបស់វានឹងឡើងស្រអាប់ ធ្វើឱ្យកម្រិតនៃការមើលឃើញរបស់វាថយចុះ នៅពេលដែលរាងកាយរបស់វាប្រុងប្រៀបរៀបចំការផ្លាស់ប្តូរសំណក។
គួរបញ្ជាក់ថា ជាទូទៅ សត្វពស់សម្ងំលាក់ខ្លួនពួនអាត្មានៅក្នុងអំឡុងពេលសកសំណកនេះ ដើម្បីរក្សាសុវត្ថិភាពរបស់ពួកវាដោយខ្លួនឯង។ ហើយបន្ទាប់មកវានឹងត្រដុសទៅលើផ្ទៃវត្ថុដែលរឹងដើម្បីដកស្រទាប់ស្បែកខាងលើចេញ ដោយដំណើរការនេះជាទូទៅចំណាយពេលចាប់ពីពីរទៅបីម៉ោងឯណោះ៕