បន្ទាប់ពីការគំរាមកំហែងពន្ធគយ របស់លោកដូណាល់ ត្រាំ អឺរ៉ុបរៀបចំការវាយបក
ប្រទេសអឺរ៉ុបចំនួន ៨ ត្រូវបានដាក់គោលដៅពីការគំរាមកំហែងរបស់អាម៉េរិក។ ប្រទេស ចំនួន ២៧ ប្រទេសនៃសហភាពអឺរ៉ុប ក៏បានជួបប្រជុំកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ដើម្បីសម្រេចចិត្តលើវិធានការប្រឆាំងឆ្លើយបតប។ ពួកគេសង្ឃឹមថា ដោយការបង្ហាញសាច់ដុំ នឹងអាចជោគជ័យក្នុងការធ្វើឲ្យលោកដូណាល់ ត្រាំ ខ្លាចមិនហ៊ានដាក់ដៃលើកោះហ្គ្រូអេនឡេន។
ប្រទេស២៧ ជាសមាជិកសហភាពអឺរ៉ុប ប្រហែលជា គិតថា ពួកគេបានបញ្ចប់រឿងពន្ធនាំចូលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក រួចហើយ។ តាមការពិត គឺផ្ទុយស្រឡះទាំងស្រុង។ បន្ទាប់ពីធ្វើឲ្យប្រជាជនអឺរ៉ុបភ្ញាក់ផ្អើលដោយសេចក្តីថ្លែងការណ៍អំពីកោះហ្រ្គូអេនឡេននោះ ប្រធានាធិបតីអាមេរិក នៅតែបន្តការគំរាមកំហែងដោយប្រើវិធានការទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីបង្ខំឲ្យអឺរ៉ុបចុះញ៉ម ទោះ ក្នុងតម្លៃណាក៏ដោយ។
ដូច្នេះសហភាពអឺរ៉ុបកំពុងពិចារណាលើវិធានជាច្រើនដែរ ដើម្បីបំម្លែងស្ថានការណ៍ និងព្យាយាមកធ្វើឲ្យប្រធានាធិបតីអាមេរិកខ្លាចបោះបង់ចោលគំនិតរបស់គាត់។ ដំបូង សហភាពអឺរ៉ុបបានចាប់អារម្មណ៍នឹងប្រើវិធានការឆ្លើយតបពាណិជ្ជកម្មតាមរបៀបធម្មតា ដូចជាគិតគូរលើពន្ធនាំចូល និងកម្រិតមុខទំនិញ។ បច្ចុប្បន្ននេះ អឺរ៉ុបកំពុងពិចារណាកាន់តែច្រើនឡើងៗ ក្នុងការបើកដំណើរការយន្តការ បាហ្ស៊ូកា (bazooka) ដែលយន្តការនេះ អាចនឹងកម្រិតសមត្ថភាពរបស់ក្រុមហ៊ុនអាម៉េរិកដើម្បីចូលមកក្នុងទីផ្សារសាធារណៈរបស់អឺរ៉ុប ជាពិសេសនៅក្នុងវិស័យយុទ្ធសាស្រ្ត និងឌីជីថល។ ទោះបីជាយ៉ាងណា ដើម្បីឲ្យយន្តការនេះអាចត្រូវបានប្រើប្រាស់ប្រឆាំងនឹងសហរដ្ឋអាម៉េរិក គណៈកម្មាធិការអឺរ៉ុប ដែលជាអង្គភាពនីតិប្រតិបត្តិនៃសហភាពអឺរ៉ុប ត្រូវតែមានការយល់ព្រមពីប្រទេសជាសមាជិកជាងពាក់កណ្តាល។
ការពិនិត្យស៊ីជម្រៅលើជម្រើសនានា ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងប្រ៊ុចសែល ដែលជាកិច្ចប្រជុំកំពូលបន្ទាន់អំពីប្រធានបទនេះ។ នៅដំណាក់កាលនេះ រឿងមួយដែលច្បាស់នោះ គឺអឺរ៉ុបក៏មានមធ្យោបាយធ្វើឲ្យសេដ្ឋកិច្ចអាម៉េរិកចុះទន់ខ្សោយយ៉ាងសម្បើមដែរ ទោះបីជាលោកដូណាល់ ត្រាំ ពេញចិត្ត ឬមិនពេញចិត្តក៏ដោយ។ លោកអាស គ្លីនបេ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាឡឺម៉ង់ នៅទីក្រុងប៊ែរឡាំង បានបញ្ជាក់ថា ៖ “យើងជនជាតិអឺរ៉ុប ច្បាស់ណាស់ គឺថា យើងបានឈានដល់កម្រិតរបស់យើងហើយ។ ហើយពេលនេះ យើងកំពុងរៀបចំវិធានការប្រឆាំងតបសង ដែលមានការសម្របសម្រួលរួមគ្នា។”
យោងតាមសារព័ត៌មាន វ៉ល ស្ត្រីត ជួនណល់ (Wall Street Journal) បានឲ្យដឹងថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងទេ អឺរ៉ុបអាចនឹងសម្រេចចិត្តដាក់ច្បាប់ពន្ធគយលើទឹកប្រាក់ជាង ៩៣ពាន់លានអឺរ៉ូលើផលិតផលអាម៉េរិកចាប់តាំងពីថ្ងៃទី៦ ខែកុម្ភៈ។ វាអាចសំដៅទៅលើផលិតផលអាម៉េរិកផ្សេងៗ ដូចជាម៉ូតូ ស្ករកៅស៊ូ ឬប៊ឺធញ្ញជាតិជាដើម។ វិធានការផ្សេងទៀតដែលអាចអនុវត្តបានទៀត គឺថា សហភាពអឺរ៉ុប ដែលត្រូវធ្វើការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលនឹងចុះហត្ថលេខាកាលនៅរដូវក្តៅនេះជាមួយសហរដ្ឋអាមេរិក អាចសម្រេចចិត្តព្យួរការអនុម័តកិច្ចព្រមព្រៀងនោះ។ ប្រជាជនអឺរ៉ុបជាអ្នកខាតបង់ធំក្នុងកិច្ចព្រមព្រៀងនេះ ដែលមកទល់ពេលនេះ ពួកគេបានចាត់ទុកថា វាជាតម្លៃដែលត្រូវបង់ ដើម្បីទទួលបានការបន្តការគាំទ្ររបស់សហរដ្ឋអាមេរិកដល់ប្រទេសអ៊ុយក្រែន។ ប៉ុន្តែការគំរាមកំហែងថ្មីៗរបស់លោកដូណាល់ ត្រាំ អាចជំរុញឲ្យសហភាពអឺរ៉ុបពិចារណាពិនិត្យឡើងវិញលើយុទ្ធសាស្ត្ររបស់ខ្លួន។ នេះបានក្លាយសេណារីយ៉ូមួយ ដែលសេដ្ឋកិច្ចអាមេរិកនឹងរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។