នាយករដ្ឋមន្ត្រី៖ មន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ និងក្រោមជាតិទាំងអស់នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ បើរកឃើញប្រាស់គ្រឿងញៀន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាដោយត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិង បណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
នេះបើយោងតាមបទបញ្ជាស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
បទបញ្ជាបានលើកឡើងថា រាជរដ្ឋាភិបាលបានសង្កេតឃើញថា គ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្ត រីករាលដាលគួរឱ្យព្រួយបារម្ភ ទាំងក្នុងតំបន់និងលើពិភពលោក រួមទាំងកម្ពុជាផងដែរ។
ប្រភពដដែលបានបន្តថា ដូចនីតិកាលមុនៗដែរ សម្រាប់នីតិកាលទី៧នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានបន្តចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គឺជា អាទិភាពនយោបាយដ៏សំខាន់របស់ខ្លួន ហើយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ រាជរដ្ឋាភិបាល ក៏បានប្រកាសដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ផងដែរ។
ដូចនេះ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកង កម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឹងម៉ាត់ តាមរយៈបទបញ្ជាដាច់ខាត។
លោក ហ៊ុន ម៉ាណែត លើកឡើងតាមរយៈបទបញ្ជាថា ៖ «គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់»។
លោកបន្តថា ៖ «គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិង បណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់»។
ការអនុវត្តទ័ណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោម តាមច្បាប់និងបទប្បញ្ញត្តិជាធរមានឡើយ។គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តបទបញ្ហានេះឱ្យបានម៉ឺងម៉ាត់បំផុតនិងមាន ប្រសិទ្ធភាពខ្ពស់។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២០ ខែកុម្ភៈ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ «មិញខ្ញុំទើបស៊ីញ៉េបទបញ្ជាមួយរបស់រាជរដ្ឋាភិបាល គឺពន្លាតនូវការអនុវត្តទូទាំងរាជរដ្ឋាភិបាលតែម្តង បានន័យថាមន្ត្រីរាជការស៉ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យតែរកឃើញថាមានប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធត្រូវបណ្តេញចេញពីក្របខណ្ឌអត់ទុកទេ»។
លោកបានសង្កត់ធ្ងន់ថា ៖ «ការដាក់ចេញបទបញ្ជាថ្មីនេះ ដើម្បីឱ្យស្មើភាពគ្នារវាងកម្លាំងប្រដាប់អាវុធ (នគរបាល និងយោធា) និងមន្ត្រីរាជការស៊ីវិល ក្នុងការពង្រឹងវិន័យ និងការអនុវត្តការងារ ដែលក្លាយជាគំរូល្អ សម្រាប់ប្រជាពលរដ្ឋ»។
ជាមួយគ្នានោះដែរលោកក៏បានបង្ហាញការគាំទ្រឱ្យមានការចែករំលែកទិន្នន័យរវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងមុខងារសាធារណៈ ពីមន្ត្រីដែលពាក់ព័ន្ធល្មើសគ្រឿងញៀន ហើយត្រូវបានបណ្តេញចេញពីក្របខណ្ឌ ជៀសវៀងការលុបចោលក្របខណ្ឌនៅក្រសួងនេះ តែបែរជាអាចទៅបំពេញការងារ នៅក្រសួងផ្សេងទៀត៕