គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ យុវជនក្រីក្រ គ្រួសារងាយរងហានិភ័យ និងពលរដ្ឋជិត ១៥ម៉ឺននាក់ស្នើចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស

គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅបានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) កើនដល់ជិត ១៥ម៉ឺននាក់ ក្នុងនោះអ្នកមានបណ្ណសមធម៌មានជាង ៦ម៉ឺន២ពាន់នាក់។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ។

បើតាមអ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ នេះ មានសិស្សស្នើចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET 1.5M) សរុបកើនដល់ ១៤៨ ២៧២នាក់ ក្នុងនោះសិស្សមានបណ្ណសមធម៌មានចំនួន ៦២ ៥៨១នាក់ ចំណែកសិស្សដែលកំពុងសិក្សានិងបានបញ្ចប់សរុប ៨៦,៧៣០ នាក់ ដែលមានបណ្ណសមធម៌ ៤២,៣៤៣នាក់។

លោក ស៊ុន មេសា បានបញ្ជាក់ថា គិតត្រឹមរយៈពេលដដែល មានសិស្សចំនួន ៧៩,២៨៥នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងនោះសិស្សមានបណ្ណសមធម៌ចំនួន ៣៩,១៩៩នាក់។ ជាមួយគ្នានេះ មានសិស្សចំនួន ៥១,៥៩១នាក់ទទួលបានការងារធ្វើក្នុងនោះសិស្សមានបណ្ណសមធម៌មានចំនួន ២៦,៨៦៦នាក់។

កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមដោយ សម្ដេច ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងបានប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

Daily Program

Livesteam thumbnail