ក្រសួងអប់រំ រៀបចំការប្រកួតប្រជែងតែងអត្ថបទឧស្សាហ៍កថា និងប្រលោមលោកខ្នាតខ្លី ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី១១
ក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រកួតប្រជែងតែងអត្ថបទឧស្សាហ៍កថា និងប្រលោមលោកខ្នាតខ្លី អបអរសាទរទិវាជាតិអំណានលើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ ការតែងអត្ថបទឧស្សាហ៍កថាក្រោមប្រធានបទ «ការបណ្តុះមនសិការជាតិ» តាមរយៈវណ្ណកម្ម របស់ អ្នកនិពន្ធ ជុត ខៃ ដោយជ្រើសរើសយកជ័យលាភីចំនួន៣រូប ខណៈការតែងនិពន្ធប្រលោមលោកខ្នាតខ្លី ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់ភូមិខ្ញុំ» ដោយជ្រើសរើស យកជ័យលាភីចំនួន៣រូប។ ការប្រកួតនឹងឈប់ទទួលស្នាដៃនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៧:០០នាទីជាកំហិត។
យោងតាមគេហទំព័រក្រសួងអប់រំ លក្ខខណ្ឌនៃការប្រកួតប្រជែងត្រូវបានរៀបចំឡើងសម្រាប់សមាសភាពដែលអាចចូលរួមប្រកួតប្រជែងមានដូចជា មន្ត្រីអប់រំ គ្រូបង្រៀន និស្សិត សិស្ស ព្រះសង្ឃ និងសាធារណជនទូទៅ។ ស្នាដៃអត្ថបទឧស្សាហ៍កថា និងស្នាដៃប្រលោមលោកខ្នាតខ្លី ត្រូវតែជាស្នាដៃថ្មីសុទ្ធសាធ មិនមែនជា អត្ថបទកែសម្រួល លួចចម្លង ឬជាស្នាដៃដែលធ្លាប់ទទួលជ័យលាភីក្នុងការប្រកួតប្រជែងនានា កន្លងមកនោះឡើយ ហើយខ្លឹមសារនៃអត្ថបទឧស្សាហ៍កថា និងរឿងខ្លី មិនត្រូវបង្កប់សារនយោបាយអវិជ្ជមាន ដែលធ្វើឱ្យប៉ះពាល់ ដល់ជាតិ សាសនា និងព្រះមហាក្សត្រឡើយ។
សំណេរត្រូវគោរពតាមគោលការណ៍សំណេរអក្ខរាវិរុទ្ធក្នុងវចនានុក្រមខ្មែរ ដែលបោះពុម្ពដោយ ពុទ្ធសាសនបណ្ឌិត្យ គ្រាទី៥ ឆ្នាំ១៩៦៧។ ចំពោះបច្ចេកសព្ទ និងពាក្យថ្មីៗ ដែលមិនមានក្នុង វចនានុក្រមខ្មែរ ឆ្នាំ១៩៦៧នេះ បេក្ខជនអាចប្រើតាមវចនានុក្រមអេឡិចត្រូនិករបស់ក្រុមប្រឹក្សាជាតិ ភាសាខ្មែរ ឆ្នាំ២០២២ និងឯកសារគតិយុត្តមួយចំនួនទៀត ដែលក្រសួងអប់រំ យុជន និងកីឡា បាន អនុម័តឱ្យប្រើប្រាស់ជាធរមាន។
ទម្រង់អត្ថបទ ពុម្ពអក្សរ ទំហំអក្សរ ចំនួនទំព័រគឺអាស្រ័យលើប្រភេទអត្ថបទដែលបេក្ខជនជ្រើសរើសដាក់ប្រកួត។ ចំពោះការប្រកួត អត្ថបទឧស្សាហ៍កថា ត្រូវសរសេរជាភាសាខ្មែរ មានចំនួនពី១៥ទំព័រទៅ២០ទំព័រ(មិនគិតក្របមុខ ក្របក្រោយ មាតិកា ឯកសារយោង និងឧបសម្ព័ន្ធ) ជាអត្ថបទវាយដោយកុំព្យូទ័រ ប្រើពុម្ពអក្សរ Khmer OS Muol Light ទំហំ ១២ សម្រាប់ចំណងជើង និងចំណងជើងរង និងពុម្ពអក្សរ Khmer OS Siemreap ទំហំ ១២ សម្រាប់តួអត្ថបទ។ ចំណែកឯ ប្រលោមលោកខ្នាតខ្លី ត្រូវសរសេរជាភាសាខ្មែរ និងជាពាក្យរាយ មានចំនួនពី១៦ទំព័រទៅ២០ទំព័រ ជាអត្ថបទវាយដោយកុំព្យូទ័រ ប្រើពុម្ពអក្សរ Khmer OS Muol Light ទំហំ ១២ សម្រាប់ចំណង ជើង និងចំណងជើងរង និងពុម្ពអក្សរ Khmer OS Siemreap ទំហំ ១២ សម្រាប់តួអត្ថបទ។
ការចូលរួមប្រកួតប្រជែងមិនតម្រូវឱ្យមានការដាក់ពាក្យមុន ឬបង់ថ្លៃឡើយ ដែលបេក្ខជនមិនតម្រូវឱ្យផ្ញើស្នាដៃជា Hard Copy នោះទេ ដោយផ្ញើតែ Soft Copy ប្រភេទ PDF file ដោយ ដាក់ឈ្មោះតាមគំរូនេះ។ ឧ. ចំណងជើង_ឈ្មោះស្មេរ.pd។ បេក្ខជនត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនតាមរយៈតំណ QR Code នៅខាងក្រោម(ជ្រុងខាងឆ្វេង) ជាចាំបាច់។ ការផ្ញើស្នាដៃ និងសាកសួរព័ត៌មានបន្ថែម សូមទាក់ទងលោក សុខ បញ្ញាវឌ្ឍន៍ តាមរយៈតេឡេក្រាម 010 22 07 88។ គណៈកម្មការនឹងជូនដំណឹងទៅបេក្ខជនដែលជាប់ជ័យលាភីលេខ១ដល់លេខ៣ប៉ុណ្ណោះ៕